ជាតិ
សង្គមជាតិ
ចូរធ្វើជាមនុស្ស ដែលនិយាយងាយស្តាប់គ្នា ក្នុងស្ថានភាពដ៏លំបាកនេះ
22, Apr 2021 , 6:30 pm        
រូបភាព
ការដែលពលរដ្ឋ យល់ដឹងពីវិធានការរបស់រដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ គឺជាចំណុចសំខាន់បំផុត ដើម្បីយកឈ្នះជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនេះ។

  

ទោះជារដ្ឋាភិបាល ដាក់ចេញវិធានការច្រើនប៉ុនណា ហើយទោះជាអាជ្ញាធរ ប្រឹងប្រែងខ្លាំងយ៉ាងណា ក៏មិនងាយនឹងទាញស្ថានការណ៍ដ៏លំបាកបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ឲ្យមករកប្រក្រតីភាពវិញដែរ បើពលរដ្ឋ មិនសហការឬនិយាយស្តាប់គ្នាមិនបាន។ 
 
ពលរដ្ឋខ្លះ ត្រូវជាប់ពន្ធនាគារ និង ពលរដ្ឋខ្លះទៀត ត្រូវពិន័យប្រាក់ ដោយសារតែការល្មើសនឹងវិធានការរបស់រដ្ឋាភិបាល ដូចជា លួចចេញពីការធ្វើចត្តាឡីស័ក លួចធ្វើដំណើរឆ្លងរាជធានី-ខេត្ត និង ជួបជុំទទួលទានគ្រឿងស្រវឹង ជាដើម។​ គ្រាន់តែនៅរាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ពលរដ្ឋជិត២០០នាក់ហើយ ដែលល្មើសនឹងវិធានការរដ្ឋាភិបាល។ ក្នុងចំណោមជិត២០០នាក់នោះ មិនមែនសុទ្ធតែពលរដ្ឋទាំងអស់ទេ ដោយមានមួយចំនួនតូចជាមន្រ្តីយោធាទៅទៀត។ 
 
ក្នុងរាជធានីភ្នំពេញ ដែលជាភូមិសាស្រ្តបិទខ្ទប់ ភាគច្រើននៃអ្នកល្មើសនឹងវិធានការរដ្ឋាភិបាល គឺចេញពីលំនៅឋានដោយគ្មានភាពចាំបាច់និងគ្មានការអនុញ្ញាតពីអាជ្ញាធរ។ ក្រៅពីចាប់ដាក់ពន្ធនាគារ និងពិន័យប្រាក់ ដំណាក់កាលចុងក្រោយ សមត្ថកិច្ច បានសម្រេចចិត្តប្រើធម៌ក្តៅ ដែលមិនធ្លាប់មាននៅកម្ពុជា គឺកាន់រំពាត់ដើរវាយពលរដ្ឋ ក្នុងតំបន់ក្រម ដែលចេញពីលំនៅឋាន ខណៈតំបន់ក្រហមនេះ ត្រូវហាមផ្តាច់មិនឲ្យពលរដ្ឋចេញពីលំនៅឋាន។  
 
អាជ្ញាធរ កំណត់ច្បាស់ហើយថា ពលរដ្ឋ ក្នុងតំបន់ក្រហម អា​ចចេញពីលំនៅឋានបាន មានតែ៣ករណីប៉ុណ្ណោះ គឺ ទី១ មានបញ្ហាសុខភាព ត្រូវទៅមន្ទីរពេទ្យបន្ទាន់ ទី២ ទៅផ្តល់សំណាករកវីរុសកូវីដ-១៩ និង ទី៣ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ (ដូសទី២)។ ពលរដ្ឋ ក្នុងតំបន់ក្រហម ត្រូវទិញគ្រឿងបរិភោគ ដែលក្រសួងពាណិជ្ជកម្ម ដឹទៅលក់ដល់មុខផ្ទះ ឬបញ្ជាទិញតាមទូរស័ព្ទនិងតាមឡនឡាញ។
 
ហេតុអ្វី ពលរដ្ឋខ្លះ ក្នុងតំបន់ក្រហម មិនព្រមស្តាប់បទបញ្ជា ដោយនៅតែបន្តចេញពីលំនៅឋាន រហូតឲ្យសមត្ថកិច្ច ត្រូវប្រើរំពាត់ដេញវាយ? ពួកគាត់ មិនទាន់យល់ច្បាស់ពីបទបញ្ជារបស់អាជ្ញាធរ? ពួកគាត់ មានភារកិច្ចសំខាន់? នៅក្នុងផ្ទះយូរ ពួកគាត់ អផ្សុកនិងធុញថប់? ពួកគាត់ មានបញ្ហាជីវភាប្រចាំថ្ងៃ ហើយត្រូវចេញទៅរកប្រាក់ចំណូល?  
 
ដោយសាររងប្រតិកម្មពីមជ្ឈដ្ឋាននានា សមត្ថកិច្ច បានសម្រេចបញ្ឈប់ការប្រើរំពាត់វាយពលរដ្ឋ។ ទោះយ៉ាងណា ពលរដ្ឋ នៅតំបន់ក្រហម ត្រូវសម្ងំនៅក្នុងផ្ទះ តាមការណែនាំរបស់រដ្ឋាភិបាល។ បើមានបញ្ហាជីវភាព ពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ពិសេសតំបន់ក្រហម អាចស្នើសុំស្បៀងពីគណៈកម្មការជាតិគ្រង់គ្រងការបិទខ្ទប់ តាមរយៈតេឡេក្រាមឈ្មោះ «តម្រូវការបន្ទាន់ នូវជំនួយស្បៀងចាំបាច់» (https://t.me/foodsupport)។ 
 
មិនមែនតែពលរដ្ឋ ក្នុងតំបន់ក្រហមនោះទេ ពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងមូល រួមទាំងនៅតាមបណ្តាខេត្ត ត្រូវចូលរួមគោរពវិធានការ ដែលដាក់ចេញដោយរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធ។ សារព័ត៌មាន ចុះផ្សាយស្ទើររាល់ថ្ងៃ អំពីសមត្ថកិច្ច ចុះចាប់ក្រុមមនុស្សតាមបណ្តាខេត្តនានា ដែលបំពានការវិធានការរបស់អាជ្ញាធរ ដូចជា ជួបជុំរៀបចំពិធីទទួលទានគ្រឿងស្រវឹង ជាអាទិ៍។ មានអ្នកខ្លះ បង្ហោះវីដេអូពីការពិសាគ្រឿងស្រវឹង លើបណ្តាញសង្គមថែមទៀត ទាំងដែលការលក់គ្រឿងស្រវឹងនិងការពិសាគ្រឿងស្រវឹងនេះ ត្រូវរដ្ឋាភិបាល ប្រកាសហាមនៅទូទាំងប្រទេស។
 
ពួកគាត់ យល់ថា ការពិសាគ្រឿងស្រវឹង ការជួបជុំគ្នា តាមខេត្ត តាមជនបទ មិនត្រូវបានហាមឃាត់ ឬយល់ថា ការពិសាគ្រឿងស្រវឹង ការជួបជុំ តាមខេត្ត តាមជនបទ មិនបង្កហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩? ហេតុអ្វី អ្នកខ្លះ ពិសាគ្រឿងស្រវឹង ហើយបង្ហោះលើបណ្តាញសង្គម? ផ្គើននឹងអាជ្ញាធរ ឬគ្រាន់តែចង់លេងសើច?
 
តើអ្នក បានតាមដានព័ត៌មានទេថា ១ថ្ងៃៗ មានអ្នកឆ្លងជំងឺកូវីដ-១៩ប៉ុន្មាននាក់? ជារៀងរាល់ថ្ងៃ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩យ៉ាងច្រើន ដោយក្នុង១ថ្ងៃៗ មានមិនតិចជាង១០០នាក់នោះទេ ហើយថ្ងៃខ្លះ មានអ្នកឆ្លងដល់ទៅ៥០០នាក់ ឬ៦០០នាក់ ឬក៏អាចលើសពីនេះក៏មាន។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក៏មានជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុបជាង៥២០០នាក់ កំពុងសម្រាកព្យាបាល ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ជិត៦០នាក់ ហើយអ្នកឆ្លងនិងអ្នកស្លាប់ទាំងនោះ ភាគច្រើនជាពលរដ្ឋកម្ពុជា។ 
 
ចង់ឲ្យកម្ពុជា កាត់ផ្តាច់ការរាតត្បាតជំងឺដ៏កាចសាហាវនេះបានឆាប់រហ័ស គឺទាមទារឲ្យពលរដ្ឋគ្រប់រូប ព្រមទាំងកងកម្លាំង និងអាជ្ញាធរ ត្រូវសហការគ្នា រួមគ្នាអនុវត្តវិធានការរបស់រដ្ឋាភិបាល។ ផ្ទុយមកវិញ បើពលរដ្ឋ ឬកងកម្លាំងនិងអាជ្ញាធរខ្លួនឯង បន្តធ្វើអ្វី ដែលខុសនឹងវិធានការរបស់រដ្ឋាភិបាល កម្ពុជា នៅតែរងវិនាសកម្មនិងជួបការលំបាក ដោយសារជំងឺនេះ កាន់តែយូរ៕
 
 
 
 

Tag:
 COVID-19
  គោរពវិធានការរដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com