ជាតិ
អភិបាលខេត្ត​បាត់ដំបង សម្រេច​បិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ក្នុងស្រុក​រុក្ខ​គិរី ក្រោយ​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩
22, Apr 2021 , 8:28 pm        
រូបភាព
ភូមិខ្នាចអំពរ ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង  ដែលអាជ្ញាធរ បិទខ្ទប់ រយៈពេល១៤ថ្ងៃ។ រូបភាព៖ រដ្ឋបាលខេត្ត បាត់ដំបង
ភូមិខ្នាចអំពរ ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលអាជ្ញាធរ បិទខ្ទប់ រយៈពេល១៤ថ្ងៃ។ រូបភាព៖ រដ្ឋបាលខេត្ត បាត់ដំបង
​ភ្នំពេញ​៖ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង សម្រេច​បិទ​ខ្ទប់​(Lockdown)​ភូមិ​ខ្នាច​អំ​ពរ ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង រយៈពេល​១៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២២​មេសា ដល់​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០២១​។ លោក រតនៈ បាន​បញ្ជាក់ថា ការបិទ​ខ្ទប់​ភូមិ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ទៅ​តំបន់​ផ្សេងទៀត​។

 
​បើតាម​សេចក្ដីសម្រេច​របស់លោក ងួន រតនៈ កាលពី​ថ្ងៃទី​២១​មេសា   ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​នេះ ការធ្វើដំណើរ​ទាំងអស់​របស់​ពលរដ្ឋ​ក្នុង​ទីតាំង​នេះ ត្រូវបាន​ហាមឃាត់ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដូចជា ទៅ​មន្ទីរពេទ្យ កន្លែង​ព្យាបាល ឱសថស្ថាន ធ្វើ​សំណាក និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។ ចំពោះ​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបំពេញ​បេសកកម្ម​ត្រូវមាន​ការអនុញ្ញាត​ត្រឹមត្រូវ ដោយមាន​លិខិតបញ្ជាក់​។ 
 
​អភិបាលខេត្ត​បាត់ដំបង​រូបនេះ  បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​រាជធានី​-​ខេត្ត​២៥ តាម​ទូរ​សព្ទ ថា ការបិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ គឺជា​លើកដំបូង​ហើយ ដែល​កន្លងមក​ខេត្តបាត់ដំបង​មិនទាន់មាន​តំបន់​មួយណា​បិទ​ខ្ទប់​ឡើយ​។ «​កន្លងមក​យើង​គ្រាន់តែ​បិទ​ផ្សារ​ធំៗ​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង និង​តាម​ស្រុក​ផ្សេងៗ ដើម្បី​បង្ការ​ជំងឺ​ហ្នឹង​[​កូ​វីដ​-១៩]​។ ប៉ុន្តែ ក្នុងករណី​បិទ​ខ្ទប់​ភូមិ​នេះ ព្រោះ​មាន​អ្នក​កើត​[​កូ​វីដ​-១៩]  អ៊ីចឹង​! យើង​បិទ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លងទៅ​តំបន់​ផ្សេងទៀត​»​។ លោក ងួន រតនៈ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​។ 

 
​ចំពោះ​ការបិទ​ខ្ទប់​នេះ រាល់​ការប្រកប​អាជីវកម្ម​ដែល​មិនមែនជា​តម្រូវការ​ចាំបាច់ ក៏ត្រូវ​ហាមឃាត់ លើកលែងតែ​សមត្ថកិច្ច​មាន​ភារកិច្ច​ច្បាស់លាស់ សេវា​ផ្គត់ផ្គង់​ទឹក ភ្លើង សេវា​សុខាភិបាល សង្គ្រោះបន្ទាន់ ឱសថស្ថាន និង​គ្រឿងឧបភោគ​បរិភោគ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ចំពោះ​អ្នកដំណើរ​ដែល​ចង់​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់​នេះ ក៏​មិន​អនុញ្ញាត​ឲ្យ​ចេញចូល​ផងដែរ លើកលែងតែ ករណី​សង្គ្រោះបន្ទាន់ សេវា​ដឹកជញ្ជូន​ចំណីអាហារ ប៉ុណ្ណោះ​៕ 

 

Tag:
 បាត់​ដំបូង​
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com