ជាតិ
ភូមិចំនួន៥ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ត្រូវបានដាក់ជា«តំបន់ក្រហម»
23, Apr 2021 , 9:39 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ដោយ:
ភូមិចំនួន ៥ គឺភូមិ១ ភូមិ២ ភូមិ២ ភូមិ៤ និងភូមិ៥ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានដាក់ជា«តំបន់ក្រហម» បន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលធ្ងន់ធ្ងរក្នុងតំបន់នេះ។ ក្រៅពីដាក់ភូមិទាំង៥នេះជាតំបន់ក្រហម អភិបាលខេត្ត ក៏បានបិទខ្ទប់ព្រះសីហនុ ២សប្តាហ៍ ចាប់ពីថ្ងៃទី២៣មេសា  ដល់ថ្ងៃទី៦ឧសភាដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

 
តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ពលរដ្ឋនៅក្នុងតំបន់ក្រហម មិនអាចធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនដែរ។ ប៉ុន្តែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ ការធ្វើដំណើរទៅជួបមន្រ្តីសុខាភិបាលដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ត្រូវបានលើកលែង។
 
ចំពោះផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ក្នុង «តំបន់ក្រហម» ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ការធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់«តំបន់ក្រហម» ក៏ត្រូវបានហាមឃាត់ដែរ លើកលែងតែការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដោយមានភ្ជាប់លិខិតបញ្ជាក់បេសកកម្ម។ នេះបើតាមសេចក្ដីសម្រេចដដែល។
 
ចំពោះពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ផ្សេងទៀត ក៏ត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់របស់ខ្លួនដែរ។ ករណីបំពានវិធានការនេះ អាជ្ញាធរនឹងចាត់វិធានការតឹងរឹង ដោយរួមមានការឃាត់ទុកមធ្យោបាលធ្វើដំណើរជាដើម។  ទោះយ៉ាងណា ការធ្វើដំណើរចេញក្រៅលំនៅឋាន ឬទីសំណាក់ត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដូចជាការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជនដោយត្រូវមានឯកសារសម្គាល់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ។ ការធ្វើដំណើរទៅបំពេញការងារ ក្នុងមន្ទីរ អង្គភាព ស្ថាប័ន  ដោយត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងបណ្ណសម្គាល់មន្ត្រីរាជការរបស់ស្ថាប័នសាមី។
 
ការធ្វើដំណើរទៅកន្លែងម្ហូបអាហារ ឱសថស្ថាន មន្ទីរពេទ្យ ឬកន្លែងព្យាបាលនានា  ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ,ការធ្វើដំណើរទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម ក៏ត្រូវបានលើកលែងផងដែរ៕
 
 
 
 
 
 

Tag:
 បិទខ្ទប់
  សង្កាត់លេខ៤
  តំបន់ក្រហម
  ព្រះសីហនុ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com