ជាតិ
សង្គមជាតិ
ទីតាំងបូជាសពអ្នកកើតកូវីដ-១៩ មួយទៀតស្ថិតនៅលើដី២ហិកតាក្នុងស្រុកទ្រាំង ខេត្តតាកែវ
23, Apr 2021 , 10:59 am        
រូបភាព
រូបថត៖ រដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ
រូបថត៖ រដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ
រដ្ឋាភិបាល បានសម្រេចយកដីទំហំ២ហិកតា និង៣,០៣៣ ម៉ែត្រក្រឡា មួយកន្លែងនៅក្នុងភូមិតាសែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ សម្រាប់ធ្វើជាកន្លែងសាងសង់ឈាបនដ្ឋានបូជាសព ដែលកើតជំងឺកូវីដ-១៩(COVID-19)។ នេះបើយោងតាមលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីទទួលបន្ទុកស្តីទីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២មេសា ឆ្នាំ២០២១។

 
 
ទីស្តីការគណៈរដ្ឋមន្តី្រ បានបញ្ជាក់ថា ការជ្រើសរើសយកទីតាំងខាងលើ សម្រាប់ធ្វើជាកន្លែងបូជាសព អ្នកកើតជំងឺកូវីដ-១៩  គឺបានធ្វើឡើងបន្ទាប់ពីមានលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងបន្ទាប់ពីមានសំណើសុំដីសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពអ្នក កើតជំងឺកូវីដ-១៩ ដោយ សម្តេចហ៊ុន សែន បានឯកភាពលើសំណើនេះ ដោយផ្ទាល់ នៅថ្ងៃទី២២មេសា។
 
បើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដី១កន្លែងទំហំជាង ២ហិកតា ត្រង់ចំណុចនិយាមកានៃប្រព័ន្ធកូអរដោនេ (WGS 84) ១-(៤៧០៨៧៥-១២០៦០៧៤) ២-(៤៧០៩៩៥-១២០៦១៩៣) ៣-(៤៧០៩១៨-១២០៦២៥២) ៤-(៤៧០៧៤៩-១២០៦១៩២) ស្ថិតក្នុងស្ថាននីយផ្សព្វផ្សាយ និងស្តាព្រៃឈើត្រពាំងធំ ក្នុងភូមិតាសែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩។


 
សូមជម្រាបថា ក្រៅពីខេត្តតាកែវ រដ្ឋាភិបាលកន្លងមកក៏បានសម្រេចយកដីទំហំជាង១០ហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើជាសម្រាប់បូជាសពអ្នកដែលទទួលមរណភាពដោយកូវីដ-១៩ ផងដែរ។ បច្ចុប្បន្ន  អាជ្ញាធរ និងមន្ត្រីអ្នកជំនាញពាក់ព័ន្ធកំពុងរៀបចំទីកន្លែងបូជាសពនេះ ខណៈឡសម្រាប់បូជា កំពុងដំឡើង។ 
 
បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩សុរប ៨ ១៩៣នាក់ ក្នុងនោះ ៧៦៤៨ នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយ មានចំនួន ២៩២៤ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនដល់ ៥៩នាក់។ អ្នកជំងឺកូវីដ-១៩ បច្ចុប្បន្នមាន ៥២០៤នាក់ ក្នុងនោះអ្នកជំងឺ ២៧២៧នាក់ កំពុងរង់ចាំការបញ្ជូនទៅកន្លែងព្យាបាល។ អ្នកព្យាបាលនៅផ្ទះមានចំនួន ១៥នាក់៕
 

Tag:
 COVID-19
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com