ជាតិ
សុខភាព
មណ្ឌលគិរី មានករណីកូវីដ-១៩លើកដំបូង លើស្ដ្រីម្នាក់វ័យ៥១ឆ្នាំ
23, Apr 2021 , 11:37 am        
រូបភាព
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូង ដែលកើតឡើងលើស្ត្រីវ័យ៥១ឆ្នាំ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក សំអ៊ាង នាព្រឹកថ្ងៃទី២៣មេសា បានបញ្ជាក់ ស្រ្តីដែលស្រ្តីឆ្លងកូវីដ-១៩នោះ ឈ្មោះ គិន សម្ព័ស រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

 
បើតាម លោក ស្វាយ សំអ៊ាង អ្នកជំងឺកូវីដ-១៩ខាងលើ កាលពីថ្ងៃទី១២មេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់គាត់ បានធ្វើដំណើរជូនស្វាមីឈ្មោះ គឹម សារ៉េត ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកុសម: (ពេទ្យលោកសង្ឃ)នៅភ្នំពេញ  ដែលមានអ្នករួមដំណើរជាមួយ៥នាក់។ ក្នុងនោះមាន៖ ១. ឈ្មោះ ជ័យ ស៊ីនាថ ភេទប្រុស ២. 
ឈ្មោះ អ៊ិន សុភាព ភេទស្រី ៣. 
ឈ្មោះ គឹម សារ៉េត ភេទប្រុស(អ្នកជំងឺ), ៤. ឈ្មោះ លាង ណាត ភេទប្រុស  និង៥។ ឈ្មោះ ឈួន ថានី។ 
 
រហូតដល់ម៉ោង៣រសៀល នៅថ្ងៃទី១៧មេសា អ្នកជំងឺត្រូវបានមន្ទីរពេទ្យព្រះកុសមៈ បញ្ជូនមកកាន់ខេត្តមណ្ឌលគិរីវិញ តាមរថយន្តសង្គ្រោះឈ្មោះពហុព្យាបាលមានជ័យ។ លោក ស្វាយ សំអ៊ាង បន្តរៀបរាប់ថា មកដល់ថ្ងៃទី២០មេសា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យខេត្តមណ្ឌលគិរី បានចុះទៅដល់ផ្ទះអ្នកទាំងដើម្បីយកវត្ថុសំណាក ពីឈ្មោះ គិន សម្ព័ស និងឈ្មោះ អ៊ិន សុភាព ដើម្បីធ្វើតេស្តរកកូវីដ-១៩  ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ លើអ្នកស្រី គិន សម្ព័ស នៅថ្ងៃទី២២មេសា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
 
អភិបាលខេត្តមណ្ឌលគិរីរូបនេះ ក៏បានអំពាវនាវដល់សាធារណជន ពិសេសប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់  ដែលបានពាក់ព័ន្ធដោយផ្ទាល់ ជាមួយអ្នកជំងឺខាងលើ  សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និង ត្រូវធ្វើចត្តាឡីស័ក៕
 

Tag:
 COVID-19
  មណ្ឌលគិរី
  ក្រុងសែនមនោរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com