អន្តរជាតិ
លោក ឌូទើតេ មេដឹកនាំទីពីរដែលមិនចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី
23, Apr 2021 , 11:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Bloomberg
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Bloomberg
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នឹងអវត្តមាននៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នាទីក្រុងហ្សាការតានៅថ្ងៃទី២៤ ខែមេសា ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី២២ ខែមេសា។ ការអវត្តមាននេះ ធ្វើឡើងដោយសារលោកប្រធានាធិបតី ត្រូវមើល និងគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេស។

 

អត្ថបទទាក់ទង
 
 
ស្របពេលកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលត្រូវជជែកពីស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាខិតចូលមកដល់ មេដឹកនាំបណ្តាប្រទេសអាស៊ាន បានប្រកាសមិនទៅចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនេះ។ មេដឹកនាំ ដែលប្រកាសមិនចូលរួមកិច្ចប្រជុំអាស៊ានមុនគេ គឺលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ដោយសារត្រូវគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេស ដែលកំពុងមានករណីឆ្លងហក់ឡើងខ្លាំង។ 
 
ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសរបស់មេដឹកនាំថៃ មេដឹកនាំហ្វីលីពីន ក៏បានប្រកាសមិនចូលរួម ក្នុងកិច្ចប្រជុំនៃដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់ថា លោកប្រធានាធិបតី ឌូទើតេ នឹងបន្តមានវត្តមានក្នុងប្រទេស ដើម្បីផ្តោតលើស្ថានភាពកូវីដ-១៩ ។ បើតាមក្រសួងការបរទេស ប្រមុខការទូតហ្វីលីពីន លោក Teodoro Locsin នឹងចូលរួមកិច្ចប្រជុំជំនួស។ 
 
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមផងដែរថា ហ្វីលីពីន គាំទ្រយ៉ាងមុតមាំលើកិច្ចប្រជុំពិសេសមួយនេះ ទោះមិនមានការចូលរួមពីមេដឹកនាំបណ្តាប្រទេសអាស៊ានទាំងអស់ក៏ដោយ។ 
 
មកទល់ពេលនេះ មេដឹកនាំសិង្ហបុរី កម្ពុជា ម៉ាឡេស៊ី វៀតណាម ឡាវ ព្រុយណេ រូមទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា សុទ្ធតែប្រកាសថា នឹងមានវត្តមានក្នុងកិច្ចប្រជុំខាងលើ។ 
 
ជាមួយគ្នានេះ ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា ក៏នឹងមានវត្តមាននៅក្នុងទីក្រុងហ្សាការតាដែរ។ អ្នកនាំពាក្យអគ្គលេខាធិការសហប្រជាជាតិ លោក Stephane Dujarric បញ្ជាក់ថា លោកស្រី Christine Schraner Burgener នឹងមិនចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានឡើយ ប៉ុន្តែលោកស្រីនឹងមានជំនួបជាមួយតួអង្គសំខាន់ៗ ដែលពាក់ព័ន្ធនឹងស្ថានការណ៍មីយ៉ាន់ម៉ា។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលត្រូវបានរដ្ឋាភិបាលយោធាចោទពីបទក្បត់ជាតិ និងជាសមាគមខុសច្បាប់ ក៏បានស្នើទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ានផងដែរ។ ក្នុងលិខិតចំហរមួយដែលចេញនៅថ្ងៃទី២២ ខែមេសា អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិ លោក Sasa បានអះអាងថា ខ្លួនបានរៀបចំខ្លួនរួចហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិសេសខាងលើ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ប្រជាជនមីយ៉ាន់ម៉ា គួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនោះ ដើម្បីអាចជជែកពីអនាគតរបស់ពួកគេ។ 
 
គួររំលឹកថា មុនកិច្ចប្រជុំអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ ក៏បានទទូចឱ្យអង្គការតំបន់មួយនេះ ជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាដែរ។ សរសេរនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២០ ខែមេសាកន្លងទៅ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស អំពាវនាវឱ្យអាស៊ានទប់ស្កាត់ការរីកសាយនៃជម្លោះ និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព៕
 

Tag:
 ហ្វីលីពីន
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com