កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន UEFA៖ ដោយសារតែកុងត្រាជាមួយក្រុមហ៊ុនទូរទស្សន៍ កុំអីដក Real ចេញពី UCL វគ្គ១/២ ទៅហើយ
23, Apr 2021 , 2:17 pm        
រូបភាព
ក្លិបមានឥទ្ធិពលក្នុងពិភពបាល់ទាត់ដែលពាក់ព័ន្ធនឹងគម្រោង European Super League ប្រឈមនឹងការដាក់ពិន័យ ព្រោះចចេសមិនចាកចេញ។ លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) សំដៅជាពិសេលើ Real Madrid ដែលអាចនឹងអស់កៅអី Champions League ត្រឹមវគ្គ៤ក្រុម បើមិនប៉ះពាល់កិច្ចសន្យានឹងក្រុមហ៊ុនទូរទស្សន៍។


បើតាមការចុះផ្សាយរបស់ទីភា្នក់ងារព័ត៌មាន AFP ប្រធានក្លិប Real Madrid លោក Florentino Perez និងជាប្រធានធំនៃគម្រោងបង្កើតពាន ESL នៅតែជឿជាក់ថា ពានរង្វាន់អឺរ៉ុបថ្មីនេះមិនស្លាប់នោះទេ បើទោះពេលនេះនៅសល់តែក្លិប៣ ខណៈក្លិប៩ទៀតដកខ្លួនក៏ដោយ។
 
ក្រុម Manchester City, Manchester United, Arsenal, Liverpool, Tottenham Hotspur និង Chelsea បានដកខ្លួនចេញកាលពីសប្តាហ៍មុន ក្រោយមានការរិះគន់ពីអ្នកគាំទ្រ និងថ្កោលទោសយ៉ាងខ្លាំងជុំវិញការបង្កើតពាននេះ។ ២៤ម៉ោងក្រោយមកមាន Atletico Madrid, Inter Milan និង AC Milan ក៏ប្រកាសពីការចាកចេញនេះដែរ។
 
មកទល់ពេលនេះ Super League នៅសល់តែក្រុម Barcelona និង Real Madrid របស់លោក Perez រួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ដែលមិនទាន់ដកខ្លួនបើទោះមិនអាចដំណើរការទៅមុខបានក៏ដោយ។
 
Man City នឹងត្រូវប៉ះ Paris Saint-Germain ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នារាត្រីថ្ងៃទី២៨ ខែមេសា ខណៈម្ចាស់ជើងឯកជាកំណត់ត្រា១៣សម័យ Real Madrid ត្រូវជួប Chelsea។ ក្នុងចំណោម៤ក្រុមនេះ មានតែក្រុងយក្សអេស្ប៉ាញទេនៅបន្តដំណើរការពាន ESL។
 
Aleksander Ceferin ប្រធាន UEFA ដែលជាអ្នករិះគន់នឹងគម្រោង ESL និយាយថាការប្រកួតក្របខណ្ឌអឺរ៉ុបវគ្គ៤ក្រុមចុងក្រោយនៅតែបន្ត ព្រោះជិតនឹងបញ្ចប់រដូវកាលទៅហើយ។ ហើយព្រឹត្តិការណ៍ក៏នៅជាប់កីច្ចសន្យាការប្រកួតជាមួយប្រព័ន្ធផ្សព្វផ្សាយថែមទៀត។
 
«មានឱកាសតិចតួចណាស់ ដែលការប្រកួតនៅសប្តាហ៍ក្រោយនឹងត្រូវខកខាន។ រឿងសំខាន់គឺថារដូវនេះបានចាប់ផ្តើមហើយ និងជិតបញ្ចប់ទៅវិញ។ ប្រសិនបើយើងលុបចោលការប្រកួត ក្រុមហ៊ុនទូរទស្សន៍នឹងទាមទារសំណងប្រាក់កិច្ចសន្យា»។ លោក Ceferin ប្រាប់ទូរទស្សន៍ស្លូវ៉ាគី Pop TV ដូច្នេះ មុនបន្ថែមថាបើកុំតែជាប់កិច្ចសន្យាម្លេះលោកនឹងបញ្ចប់ Real Madrid មិនឱ្យប្រកួតវគ្គ៤ក្រុម ដោយឱ្យ Chelsea បានកៅអីផ្តាច់ព្រ័ត្រតែម្តង៕
 

Tag:
 European Super League
  Champions League
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com