អន្តរជាតិ
អាមេរិក បញ្ជូនកម្លាំងរបស់ខ្លួនទៅជួយឥណ្ឌូណេស៊ី តាមរកនាវាមុជទឹក
23, Apr 2021 , 2:59 pm        
រូបភាព
នាវាមុជទឹកKRI Nanggala 402 នៅក្នុងឆ្នាំ២០១៧។ រូបភាព៖ AFP
នាវាមុជទឹកKRI Nanggala 402 នៅក្នុងឆ្នាំ២០១៧។ រូបភាព៖ AFP
អាមេរិក នឹងបញ្ជូនកម្លាំងជំនួយផ្នែកអាកាសខ្លួន ទៅជួយកងនាវិកចំនួន ៥៣នាក់ ដែលមានវត្តមាននៅក្នុងនាវាមុជទឹក ដែលបានបាត់សញ្ញានៅក្បែរកោះបាលី។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណនៅថ្ងៃទី២២ ខែមេសា។

 


 
នាវាមុជទឹក KRI Nanggala 402 ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែមេសា កំពុងត្រូវបានកងកម្លាំងឥណ្ឌូណេស៊ីតាមស្វែងរក និងជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំ។ មកទល់ពេលនេះ ឥណ្ឌូណេស៊ី មិនទាន់អាចចាប់បានសញ្ញានាវាមុជទឹកដែលបានបាត់ខ្លួននោះឡើយទេ ស្របពេល ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា អូស្រ្តាលី កំពុងបញ្ជូននាវារបស់ខ្លួនមកជួយ។ 
 
ជាការឆ្លើយតបនឹងនឹងសំណើឥណ្ឌូណេស៊ី អាមេរិកបានសម្រេចបញ្ជូនកម្លាំងជំនួយផ្នែកអាកាសមកជួយស្វែងរកនាវាមុជទឹកនោះ។ «តាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី យើងកំពុងបញ្ជូនកម្លាំងជំនួយផ្នែកអាកាសទៅស្វែងរកនាវាមុជទឹកដែលបាត់ខ្លួន»។ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃទី២២ ខែមេសា។ 
 
ស្របគ្នានេះ អាមេរិក ក៏បានបង្ហាញការសោកសៅនឹងដំណឹងនៃបាត់ខ្លួននាវាមុជទឹកជាមួយឥណ្ឌូណេស៊ី រួមទាំងជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ក៏គ្រោងជជែកជាមួយសមភាគីឥណ្ឌូណេស៊ី លោកPrabowo Subianto ផងដែរ លើបញ្ហាបាត់ខ្លួននាវាមុជទឹក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
នាវាមុជទឹក KRI Nanggala 402 ដែលផលិតនៅអាល្លឺម៉ង់ បានបាត់ដំណឹងពេលធ្វើសមយុទ្ធបាញ់គ្រាប់ក្រោមទឹកនៅក្នុងសមុទ្រក្បែរកោះបាលី។ កងនាវិកចំនួន ៥៣រូប មានវត្តមាននៅក្នុងនាវាមុជទឹកផលិតក្នុងឆ្នាំ១៩៨១ ។ មនុស្សចំនួន ៥៣រូបនោះ អាចមានអុកស៊ីស៊ែនសម្រាប់ដកដង្ហើមបាន ត្រឹមតែ ៧២ម៉ោងប៉ុណ្ណោះ ឬរហូតដល់ម៉ោង៣ ព្រឹកថ្ងៃទី២៤ ខែមេសា។ 
 
នាវាចំនួន ២១គ្រឿង, យន្តហោះ ៥គ្រឿង និងនាវាមុជទឹកចំនួន ២គ្រឿង កំពុងបើកប្រតិបត្តិការស្វែងរកយ៉ាងខ្លាំង។ ស្របគ្នានេះ កម្លាំងជំនួយពីសិង្ហបុរី ដែលបញ្ជូននាវាMV Swift Rescue នឹងបើកប្រតិបត្តិការរបស់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ខណៈនាវាម៉ាឡេស៊ីអាចនឹងមកដល់រសៀលថ្ងៃទី២៥ ខែមេសា។ 
 
សូមបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសឱ្យកងកម្លាំងឥណ្ឌូណេស៊ីស្វែងរកឱ្យអស់លទ្ធភាព ដើម្បីសុវត្ថិភាពរបស់កងនាវិកចំនួន ៥៣រូប ដែលជាប់ក្នុងនាវាមុជទឹក។ ចំណែកប្រមុខកងទ័ពជើងទឹក លោក Yudo Margono សង្ឃឹមថា កងកម្លាំងរបស់ខ្លួនរកឃើញ មុនអុកស៊ីសែនក្នុងនាវាមុជទឹកត្រូវអស់៕ 
 

Tag:
 អាមេរិក
  ឥណ្ឌូណេស៊ី
  នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com