ជាតិ
ផ្ទះពលរដ្ឋ១០ខ្នង ក្នុងខេត្តបាត់ដំបង រងគ្រោះដោយខ្យល់កន្ត្រាក់
× ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យលំនៅឋានពលរដ្ឋចំនួន ១០ខ្នង ក្នុងស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង រងការខូចខាត។
នៅរសៀលថ្ងៃទី ២២ ខែមេសា ក្នុងខេត្តបាត់ដំបង មានហេតុការណ៍ខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះពលរដ្ឋចំនួន ៩ខ្នងផ្ទះ រងគ្រោះដោយរបើកដំបូល ចំណុចភូមិសាលាត្រាវអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ។ ករណីខ្យល់កន្ត្រាក់នេះ ក៏ធ្វើឲ្យរបើកដំបូលផ្ទះពលរដ្ឋមួយខ្នងទៀត ស្ថិតក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោលផងដែរ។ នេះយោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមជម្រាបថា នៅថ្ងៃទី២០មេសា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃទី២១ដល់២៧ ខែមេសានេះ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ប្រែប្រួលពីភាគខាងត្បូង និងភាគអាគ្នេយ៍។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន នូវបាតុភូតធម្មជាតិនេះផងដែរ៕
Tag:
ThmeyThmey25
ខ្យល់កន្ត្រាក់
ស្រុកសង្កែ
ស្រុកថ្មគោល
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com