ជាតិ
សង្គមជាតិ
អាជ្ញាធរប្រាប់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំជាអាជ្ញាធរនិងសប្បុរជន
23, Apr 2021 , 6:59 pm        
រូបភាព
រូបពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ៖ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រុងប្រយ័ត្នលើការប្រើប្រាស់បណ្ដាញសង្គម ខណៈជនឆរបោកកំពុងប្រើប្រាស់ល្បិច ក្លែងធ្វើជាអាជ្ញាធរនិងសប្បុរជន ដើម្បីបោកប្រាស់ពលរដ្ឋ តាមរយៈទូរស័ព្ទនិងបណ្ដាញសង្គមទំនាក់ទំនង។



នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនឆរបោកទាំងនោះ បានបន្លំខ្លួនជាអាជ្ញាធរនិងសប្បុរជនទាក់ទងទៅអ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីលួចទិន្នន័យនិងឆរបោក។ 
 
នាយកដ្ឋានទាំងពីរ  បានចេញផ្សារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖«បរិបទកូវីដ-១៩នេះមានជនខិលខូចទាំងនោះបានក្លែងធ្វើជាជួយឧបត្ថម្ភថវិកាឬម្ហូបអាហារតាមបណ្ដាញសង្គម ដើម្បីឲ្យពលរដ្ឋចុច Like ឬចែកចាយព័ត៌មានបំពុលសង្គម។ ជនឆរបោកខ្លះប្រើល្បិច ផ្ដល់ប្រាក់កម្ចីងាយៗ ហើយអ្នកប្រើប្រាស់ចុចតំណរភ្ជាប់(Link) ដែលមានមេរោគដើម្បីលួចទិន្នន័យ។ លើសពីនេះ ពួកគេ បានក្លែងធ្វើជាអាជ្ញាធរ គ្រូពេទ្យ ដើម្បីទាមទារឲ្យពលរដ្ឋបង់ប្រាក់ដើម្បីទទួលបានការជួយសង្គ្រោះនិងការជួយឧបត្ថម្ភជាដើម»។ 


 
កន្លងមកសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិចិននិងវៀតណាម១៤នាក់ ពាក់ព័ន្ធនឹងការប្រើល្បិចនាំជនរងគ្រោះ ទៅធ្វើចត្តាឡីស័កហើយបង្ខំាងទុក ដើម្បីជម្រិតទារប្រាក់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
 
ដើម្បីជៀសវាងការឆរបោកនេះបាន ពលរដ្ឋទាំងអស់ត្រូវពិនិត្យប្រភពព័ត៌មានឲ្យច្បាស់ ដោយផ្ទៀងផ្ទាត់ ហើយត្រូវពិនិត្យគណនីAdmin ផងដែរ មុននឹងចូលជាសមាជិកក្នុងក្រុមណាមួយឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ទៅនរណាម្នាក់ រួមតែងការចុចតំណរភ្ជាប់(Link), ចុច Like និងការចែកចាយព័ត៌មានបន្ត។ ក្នុងករណីសង្ស័យ ពលរដ្ឋអាចទំនាក់ទំនងទៅអាជ្ញាធរឬសមត្ថកិច្ច ដើម្បីទទួលព័ត៌មានលម្អិត។ ជាមួយគ្នាដែរ បើពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលអាចទូរសព្ទទៅលេខ១១៥ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសួរនាំបន្ថែម។ នេះការណែនាំរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ៕ 
 

Tag:
 សង្គម
  ឆរបោក
© រក្សាសិទ្ធិដោយ thmeythmey.com