ជាតិ
អាជ្ញាធរកំពង់ស្ពឺផ្អាកផ្សារត្រែងត្រយឹង និងតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង
23, Apr 2021 , 7:59 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ដោយ:
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្ដោះអាសន្ននូវផ្សាត្រែងត្រយឹង និងតូបលក់បន្លែខ្លះ ក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

 
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ការផ្អាកបណ្ដោះអាសន្ននូវទីតាំងផ្សារខាងលើ គឺដោយសាររកឃើញពលរដ្ឋ២នាក់ ជាអ្នកចែកចាយបន្លែ មានវិជ្ជមានជំងឺកូវីដ-១៩។ 
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ក្នុងសេចក្ដីជូនដំណឹងដូច្នេះ៖«ផ្អាកបណ្ដោះអាសន្នផ្សាត្រែងត្រយឹង ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងផ្នែកមួយនៃតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»។ 
 
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការផ្អាកនេះ ក្រោយរកឃើញឈ្មោះ អូត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ និងឈ្មោះ គីម សុផាត ភេទប្រុស អាយុ ៥៧ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ។ អ្នកទាំង២ ជាអ្នកយកបន្លែពីផ្សារនាគមាស មកលក់ចែកចាយនៅផ្សារត្រែងត្រយឹង និងផ្សារត្រពាំងក្រឡឹង។
 
គិតមកដល់ពេលនេះកម្ពុជាមានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ៨៨៤៨ករណី។ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍មានចំនួន ២៦១៨នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៥៦៣៣នាក់។ ចំនួនអ្នកជាសះស្បើយសរុបចំនួន ៣១៤៨នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៦១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com