កីឡាអន្តរជាតិ
អន្តរជាតិ
Messi តាមស្មើកំណត់ត្រា Ronaldo ដែលរកបានលើស២៥គ្រាប់ នៅ១២រដូវកាលខុសគ្នា
23, Apr 2021 , 5:03 pm        
រូបភាព
Lionel Messi រកបានគ្រាប់ទី២៥ហើយ នៅ LaLiga រដូវកាលនេះ ក្រោយជួយ Barcelona ឈ្នះ Getafe ៥-២។ ២៥គ្រាប់នេះ បាននាំឱ្យខ្សែបម្រើឆ្នើមអាហ្សង់ទីនរូបនេះតាមស្មើកំណត់ត្រារបស់គូប្រជែង Cristiano Ronaldo ក្នុងនាមអ្នករកបានចាប់ពី២៥គ្រាប់ ក្នុង១២រដូវកាលខុសគ្នា។


ចំណោម៥គ្រាប់ របស់ Barcelona នាការប្រកួតលីគសប្តាហ៍ទី៣១របស់ខ្លួននៅថ្ងៃទី២២ ខែមេសា ប្រធានក្រុម Messi សម្រេចបាន២គ្រាប់ម្នាក់ងឯង មុន Sofian Chakla ធ្វើឱ្យចូលទីខ្លួនឯង។ Ronald Araujo និង Antoine Griezmann រកបានម្នាក់១គ្រាប់។ 
 
មិនត្រឹមតែជួយក្រុមកើនពិន្ទុក្នុងការប្រជែងពាន La Liga រដូវកាលនេះ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន វ័យ៣៣ឆ្នាំ ថែមទាំងបានបង្កើតកំណត់រកបានលើសពី២៥គ្រាប់នៅ១២រដូវកាលខុសគ្នា និងតាមស្មើកំណត់ត្រា Ronaldo ដែលធ្វើបានដូច្នេះគិតក្នុងចំណោមលីគកំពូងអឺរ៉ុបទាំង៥។
 
Messi ម្ចាស់ពាន Ballon d'Or ៦សម័យ រកបានយ៉ាងតិច២៥គ្រាប់គិតចាប់ពីរដូវកាល ២០០៩-១០ មកជាមួយក្រុមរហស្សនាមអ្នកមានបុណ្យតែមួយគត់។ ដោយឡែក Ronaldo វ័យ៣៦ឆ្នាំ ដែលឈ្នះពាន Ballon d'Or ៥លើក ធ្វើបានជាមួយ Manchester United, Real Madrid និងក្រុមបច្ចុប្បន្ន Juventus ដែលប្រធានក្រុមជម្រើសជាតិព័រហ្គាល់រកបាន២៥គ្រាប់ហើយដែរ នៅ Serie A រដូវកាលនេះ។
 
តាមរយៈជ័យជម្នះនេះ Barca បានឡើងទៅចំណាត់ថ្នាក់ទី៣ ក្នុងតារាង La Liga ដោយរកបាន៦៨ពិន្ទុពីការប្រកួត៣១លើក តាមពីក្រោយ Real Madrid ដែលប្រកួត៣២លើកចំនួន២ពិន្ទុ និងក្រុមកំពូលតារាង Atletico Madrid ចំនួន៥ពិន្ទុ។ Sevilla ដែលស្ថិតនៅចំណាត់ថ្នាក់ទី៤ មាន៦៧ពិន្ទ ក៏ជាក្រុមបេក្ខភាពប្រជែងពានលីគកំពូលអេស្ប៉ាញរដូវកាលនេះផងដែរ ខណៈការប្រកួតនៅសល់៦លើកទៀតនឹងបញ្ចប់រដូវកាល ២០២០-២១នេះ៕
 

Tag:
 Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com