COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ផ្កាយពីរ ស៊ុំ ពៅ ត្រូវដកចេញពីក្របខ័ណ្ឌ ក្រោយលួចដឹកចិនជិត៣០នាក់ ឆ្លងរាជធានីខេត្ត កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និង បក្សពួក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការលួចដឹកជនជាតិចិនជិត៣០នាក់ ចេញពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង។ រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
× តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យដកហូតឋានន្តរស័ក្តិរបស់លោកឧត្តមសេន៏យ៍ទោ ស៊ុំ ពៅ និងថែមទាំងលុបឈ្មោះលោក ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។
លោក ស៊ុំ ពៅ ត្រូវអស់ឋានន្តរស័ក្តិនិងបាត់បង់តួនាទីពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ គឺដោយសារតែមន្រ្តីយោធាជាន់ខ្ពស់ពាក់ផ្កាយ២រូបនេះ បានលួចដឹកជនជាតិចិនជិត៣០នាក់ ចេញពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ ខណៈការធ្វើដំណើរឆ្លងរាជធានីខេត្ត ត្រូវបានរដ្ឋាភិបាល ដាក់បម្រាមហាមឃាត់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
លោក ស៊ុំ ពៅ ត្រូវបានលោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធានៃកងយោធពលខេមរភូមិន្ទ ចេញលិខិតអនុញ្ញាតជូន ដើម្បីឲ្យលោក ចុះទៅបំពេញបេសកកម្មនៅតាមខេត្ត តែលោក បែរជាប្រើប្រាស់លិខិតនោះ ដើម្បីបន្លំដឹកជនជាតិចិនជិត៣០នាក់ ចេញពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ដែលខុសនឹងវិធានការរបស់រដ្ឋាភិបាល។ លោក ស៊ុំ ពៅ គឺជាអនុប្រធាននៃក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធានេះ។
តាមរយៈសារជាសំឡេង ផ្ញើទៅលោក មាស វណ្ណា ហើយត្រូវបានចែកចាយលើបណ្តាញសង្គម លោកឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននិយាយថា លោក មិនអាចការពារលោក ស៊ុំ ពៅ បានឡើយ ហើយលោក ស៊ុំ ពៅ ត្រូវប្រគល់ឲ្យតុលាការ ចាត់វិធានការទៅតាមច្បាប់។ លោក វង្ស ពិសេន បញ្ជាក់ថា៖«អ្នកណា ប្រព្រឹត្តបទល្មើស អ្នកនុ៎ះធ្វើទៅ [ទទួលខុសត្រូវតាមច្បាប់ទៅ]។ នេះជាបទបញ្ជារបស់សម្តេច [ហ៊ុន សែន] គ្មានអ្នកណាទៅប្រឆាំងទេ»។
លោក ស៊ុំ ពៅ មិនរួចខ្លួន នៅត្រឹមការអស់ស័ក្តិនិងតួនាទីប៉ុណ្ណឹងទេ ដោយលោក ត្រូវប្រឈមនឹងផ្លូវច្បាប់ថែមទៀត។ លោក និងបក្សពួក៦នាក់ទៀត ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែមេសា។ បច្ចុប្បន្ន ពួកគាត់ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។
កាលពីថ្ងៃទី១៦ ខែមេសា ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យដកឧត្តមសេនីយ៍ទោម្នាក់ចេញពីក្របខ័ណ្ឌរួចមកហើយ គឺលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ដែលជាអនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុដែលមន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ អស់បុណ្យស័ក្តិ គឺដោយសារតែមានការរៀបចំពិធីរាំរែកនិងពិសាគ្រឿងស្រវឹង ក្នុងបរិវេណផ្ទះជួលមួយកន្លែងរបស់លោក នៅរាជធានីភ្នំពេញ ទាំងដែលការជួបជុំប្រភេទនេះ ត្រូវរដ្ឋាភិបាល បញ្ជាឲ្យផ្អាកនៅទូទាំងប្រទេស។ កម្លាំងសមត្ថកិច្ច បានចុះចាប់លោក និងគ្នីគ្នា២នាក់ទៀត ដល់ផ្ទះជួល ដែលមានពិធីរាំរែកនោះ ហើយបានបញ្ជូនទៅឲ្យតុលាការចាត់ការតាមនីតិវិធី។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាទៅស្ថាប័នពាក់ព័ន្ធ ឲ្យអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណា ដែលប្រព្រឹត្តផ្ទុយនឹងវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
មានប្រជាពលរដ្ឋមួយចំនួន ក៏ត្រូវបានឃាត់ខ្លួនដែរ ដោយសារតែប្រព្រឹត្តផ្ទុយនឹងវិធានការរបស់រដ្ឋាភិបាល ដូចជា លួចធ្វើដំណើរឆ្លងរាជធានីខេត្ត លួចជួបជុំរៀបចំពិធីទទួលទានគ្រឿងស្រវឹង និង លួចចេញពីការធ្វើចត្តាឡីស័ក ជាដើម។ ក្រោយឃាត់ខ្លួន អ្នកខ្លះ ត្រូវជាប់ពន្ធនាគារ អ្នកខ្លះ ត្រូវពិន័យប្រាក់ ហើយឲ្យទៅផ្ទះវិញ និង អ្នកខ្លះ ត្រឹមតែត្រូវបានណែនាំ រួចឲ្យទៅផ្ទះវិញដែរ។ មានចំនួនតិចប៉ុណ្ណោះក្នុងចំណោមអ្នកទាំងនោះ ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ។
គ្រាន់តែនៅរាជធានីភ្នំពេញ ដែលជាភូមិសាស្រ្តត្រូវបិទខ្ទប់ មានមនុស្សប្រមាណ២០០នាក់ហើយ មកដល់ពេលនេះ ដែលត្រូវបានឃាត់ខ្លួន។ ភាគច្រើន គឺពួកគាត់ ត្រូវបានឃាត់ខ្លួន ដោយសារតែចេញពីផ្ទះដោយគ្មានភាពចាំបាច់និងគ្មានការអនុញ្ញាត៕ Tag:
COVID-19
លួចធ្វើដំណើរឆ្លងរាជធានីខេត្ត
បំពានវិធានការរដ្ឋាភិបាល
ស៊ុំ ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com