កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Barca ថា ការមិនចូលរួមគម្រោង Super League ជាកំហុសប្រវត្តិសាស្ត្រ
23, Apr 2021 , 10:29 pm        
រូបភាព
Barcelona បានហៅការអាក់ខានមិនចួលរួមជាមួយគម្រោងបង្កើតពានរង្វាន់អឺរ៉ុបថ្មី European Super League ជា «កំហុសប្រវត្តិសាស្ត្រ»។ ក្លិបយក្សអេស្ប៉ាញជឿជាក់ថា ការបង្កើតឱ្យមានការប្រកួតប្រជែងថ្មី ចាំបាច់ដើម្បីការពារអនាគតហិរញ្ញវត្ថុនៃវិស័យកីឡាបាល់ទាត់។


ក្លិបរហស្សនាមអ្នកមានបុណ្យ ស្ថិតក្នុងចំណោមក្លិបយក្សទាំង១២ ដែលចួលរួមគម្រោង ESL។ តែយ៉ាងណា ដោយសារភាពចម្រូងចម្រាស ដែលកើតឡើងដោយការរិះគន់ និងតវ៉ាយ៉ាងខ្លាំងដោយចោទថាក្លិបគិតតែលុយនោះ ក៏មានក្លិបចំនួន៩បានប្រកាសចាកចេញវិញ។
 
បើទោះក្លិបទាំង៩ចាកចេញក៏ដោយ ប៉ុន្តែប្រធានក្លិប Real Madrid លោក Florentino Perez និងប្រធានក្លិប Juventus លោក Andrea Agnelli ដែលជាឥស្សរជនឆ្នើមក្នុងការបង្កើងក្របខណ្ឌ Super League បានបង្ហាញពីការការពារយ៉ាងរឹងមាំ។ ពួកគេនៅតែជឿជាក់ថាពាននេះត្រូវតែកើតឡើង នៅពេលដែលក្លិបនានារងផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩។
 
ស្របពេលគ្នានេះដែរ លោក Joan Laporta ប្រធានទើបជាប់ឆ្នោតថ្មីរបស់ក្លិប Barca ក៏យល់ឃើញដែលថា Super League ដែលនឹងរកប្រាក់បានច្រើនពិតជាចាំបាច់ណាស់សម្រាប់កីឡាបាល់ទាត់។
 
«បរិយាកាសសេដ្ឋកិច្ចសង្គម តម្រូវឱ្យមានបង្កើតទម្រង់ថ្មី ដើម្បីធានានិរន្តភាពហិរញ្ញវត្ថុនិងលទ្ធភាពនៃកីឡាបាល់ទាត់ពិភពលោកតាមរយៈការកែលម្អលើផលិតផលចាស់។ នៅក្នុងបរិបទនេះក្រុមប្រឹក្សាភិបាលរបស់ក្លិប Barcelona បានទទួលយកការផ្តល់ជូនដើម្បីបង្កើតជាសមាជិកស្ថាបនិក Super League ដែលជាការប្រកួតប្រជែងដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណភាព និងភាពទាក់ទាញនៃកីឡាបាលទាត់។» នេះជាការអះអាងរបស់លោក Laporta។
 
ប្រធានក្លិបសញ្ជាតិអេស្ប៉ាញរូបនេះ បន្ថែមថា ការសម្រេចចិត្តមិនចូលរួម ឬចាកចេញពី Super League អាចនឹងមានកំហុសជាប្រវត្តិសាស្រ្ត ដែលស្មើនឹងបោះបង់ចោលឱកាសក្លាយជាផ្នែកមួយនៃគម្រោងដើម្បីជួយវិស័យកីឡាបាល់ទាត់ ដែលកំពុងរកផលប៉ះពាល់ផ្នែកហិរញ្ញវិត្ថុ៕ 
 

Tag:
 European Super League
© រក្សាសិទ្ធិដោយ thmeythmey.com