COVID-19
ជាតិ
បាត់ដំបង៖ មនុស្ស១០៦នាក់ មានពាក់ព័ន្ធនឹងអ្នកលក់ម្នាស់នៅផ្សារនាគមាសម្នាក់ ដែលផ្ទុកកូវីដ-១៩
23, Apr 2021 , 11:59 pm        
រូបភាព
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ភ្នំពេញ៖ មនុស្សចំនួន ១០៦នាក់ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយបុរសម្នាក់ ដែលបានតេស្តវិជ្ជមានកូវីដ-១៩។ បុរសរូបនេះ ជាអ្នកដឹកម្នាស់លក់នៅផ្សារនាគមាស រាជធានីភ្នំពេញ មានទីលំនៅក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង។

 
តាមប្រភពដដែល ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ មាន១០នាក់បានពាក់ព័ន្ធផ្ទាល់ ដោយពួកគេ  ទទួលលទ្ធផលតេស្តលើកទី១ អវិជ្ជមាន។ មនុស្ស៩៦នាក់ទៀត ប៉ះពាល់ដោយប្រយោល ក្នុងនោះ៩១នាក់ក៏មានតេស្តលើកទី១ អវិជ្ជមានដែរ ខណៈ៥នាក់ទៀតនៅរង់ចាំលទ្ធផលនៅឡើយ។
 
ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ នេះដែរ កាលពីថ្ងៃទី២១ មេសាលកន្លងទៅ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ នៃឃុំព្រែកជីក ស្រុករុក្ខគិរី បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
 
គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩នៅកម្ពុជា សរុបឡើងដល់៨៨៤៨នាក់ ក្នុងនោះ៨៣០១នាក់ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន៣១៤៨នាក់ និងស្លាប់មាន៦១នាក់ ប៉ុន្តែក្រសួងមិនទាន់បានផ្តល់ព័ត៌មានលំអិតទាក់ទងនឹងករណីស្លាប់២នាក់ចុងក្រោយនេះឡើយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com