COVID-19
ជាតិ
ករណីទី៦០និង៦១៖ បុរសខ្មែរ២នាក់ទៀត ស្លាប់ដោយសារកូវីដ-១៩
23, Apr 2021 , 9:52 pm        
រូបភាព
បុរសខ្មែរ២នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។



បុរសខ្មែរទាំង២នាក់ខាងលើ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ គឺម្នាក់អាយុ៤០ឆ្នាំ នៅខេត្តតាកែវ និងម្នាក់ទៀតអាយុ៥៦ឆ្នាំ នៅខេត្តស្វាយរៀង។ បុរសដែលរស់នៅខេត្តតាកែវ បានចូលព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៥ ខែមេសា ហើយបុរសនៅខេត្តស្វាយរៀង បានចូលទៅព្យាបាលជំងឺកូវីដ-១៩  នៅថ្ងៃទី១ ខែមេសា។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា បុរសខ្មែរជាអ្នកជំងឺកូវីដ-១៩ទាំង២នាក់នោះ គឺទទួលមរណភាពនៅថ្ងៃទី២២ ខែមេសាដូចគ្នា។ ករណីបុរសខ្មែរទាំង២នាក់ ស្លាប់ដោយសារជំងឺកូវិដ-១៩ គឺជាករណីស្លាប់ទី៦០ និងទី៦១ ដែលត្រូវក្រសួងសុខាភិបាល ប្រកាសម្តងរួចមកហើយ កាលពីព្រឹកមិញ តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីពួកគាត់។

គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ជាង៥៦០០នាក់ នៅកម្ពុជា កំពុងសម្រាកព្យាបាល ខណៈអ្នកជំងឺកូវីដ-១៩ ជាង៣១០០នាក់ បានជាសះស្បើយវិញ៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com