COVID-19
ជាតិ
គ្រប់តូបក្នុងផ្សារបឹងកេងកង ត្រូវដាក់ស្លាកតម្លៃលើទំនិញគ្រប់មុខ
24, Apr 2021 , 10:40 am        
រូបភាព
រូបពី ក្រសួងព័ត៌មាន
រូបពី ក្រសួងព័ត៌មាន
ភ្នំពេញ៖ គ្រប់តូបរបស់អាជីវករក្នុងផ្សារបឹងកេងកង ត្រូវតែដាក់ស្លាកតម្លៃលើទំនិញរបស់ខ្លួន ដើម្បីជៀសវាងការឆ្លៀតឱកាសដំឡើងតម្លៃ កេងចំ​ណេញ។ ជាមួយគ្នានេះ គណៈកម្មការផ្សារ ក៏បានដាក់កម្លាំងនៅតាមច្រកចេញចូល ដើម្បីសាកសួរតម្លៃពីអតិថិជនដែលមកទិញទំនិញផងដែរ។



ស្របពេលការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់មានការថមថយ រួមជាមួយការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលផងនោះ ប្រជាពលរដ្ឋភាគច្រើនត្រូវទិញទំនិញ ម្ហូបអាហារ  និងគ្រឿងប្រើប្រាស់ ដើម្បីស្តុកទុកនៅផ្ទះ។ ការណ៍នេះ  ធ្វើឲ្យជនមួយចំនួនដំឡើងតម្លៃទំនិញថ្លៃខុសពីការលក់សព្វថ្ងៃ។ លោក ឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកង បានណែនាំឲ្យអាជីវករក្នុងផ្សារ ដាក់ស្លាកតម្លៃលើទំនិញ។

ប្រធាន​ផ្សារ​បឹងកេងកងរូបនេះ បានលើកឡើងថា៖«តម្លៃទំនិញ គឺតម្រូវឲ្យបងប្អូនអាជីវករទាំងអស់ត្រូវតែដាក់ស្លាកតម្លៃគ្រប់តូប ឬស្តង់របស់ខ្លួន ដោយជៀសវាងជនឆ្លៀតឱកាសកេងចំណេញ»។

ក្រៅពីនេះ អាជីវករនិងអតិថិជនទាំងអស់ត្រូវអនុវត្តន៍វិធានការសុខាភិបាលឲ្យបានតឹងរឹង គឺត្រូវពាក់ម៉ាសការពារជានិច្ច  បាញ់ទឹកអាល់កុល​ ស្គែន QR code ជាប្រចាំនៅច្រកចេញចូលផ្សារទាំងបី។

លោក ឯក និមល ក៏បានណែនាំដល់បងប្អូនអាជីវករទាំងអស់ទទួលអ្នកទិញតែ ២នាក់ប៉ុណ្ណោះ ក្នុងមួយតូប។ បើមានចំនួនលើសពី ២នាក់ ត្រូវឲ្យគាត់ឈររង់ចាំនៅខាងក្រោយ ដោយរក្សាគម្លាតសុវត្ថិភាពឆ្ងាយពីគ្នា។

លើសពីនេះ ក្រោយបងប្អូនអាជីវករចេញទៅផ្ទះរៀងៗខ្លួននាពេលល្ងាច ខាងគណៈកម្មការផ្សារបឹងកេងកងក៏បានចាត់កម្លាំងសន្តិសុខបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារផងដែរ៕

Tag:
 COVID-19
  ផ្សារបឹងកេងកង
© រក្សាសិទ្ធិដោយ thmeythmey.com