ជាតិ
ត្រីប្រា ពោ ឆ្ដោ និងត្រីអណ្ដែង គ្មានទីផ្សារ អ្នក​វារីវប្បករស្នើឲ្យរដ្ឋជួយអន្តរាគមន៍ដើម្បីបានដឹកចូលភ្នំពេញ
24, Apr 2021 , 10:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមវារីវប្បកម្មកម្ពុជាបានស្នើឲ្យរដ្ឋជួយទិញត្រី ខណៈបច្ចុប្បន្នសមាគមអ្នកចិញ្ចឹមត្រីមានបរិមាណត្រីសរុបចំនួន ១២ ៤៨៥តោន និងត្រីប្រមាណ ៩០ភាគរយ នៅគ្មានអ្នកទិញ អំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។


ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបន្តកើនឡើងយ៉ាងគំហុក ធ្វើឲ្យភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទខ្ទប់ ហើយរាជរដ្ឋាភិបាល ហាមពលរដ្ឋធ្វើដំណើរឆ្លងខេត្តបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី២៩ មេសា។ កត្តានេះ បានធ្វើឲ្យទំនិញមួយចំនួន ពិសេសស្បៀងអាហារ ដូចជា បន្លែ ត្រីសាច់ លើទីផ្សារត្រូវឡើងថ្លៃ។ ផ្ទុយទៅវិញ សមាគមអ្នកចិញ្ចឹមត្រីកម្ពុជា សល់ត្រីរាប់តោន ដោយគ្មានអ្នកទិញ។  
 
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានកត់សម្គាល់ឃើញថា រយៈពេលនៃការបិទខ្ទប់កន្លងមកតម្លៃត្រីនៅលើទីផ្សារបានឡើងថ្លៃស្ទើទ្វេដង ប៉ុន្តែឈ្មួញទិញត្រីអ្នកចិញ្ចឹមផ្ទាល់ក្នុងតម្លៃទាបបំផុត។ ការណ៍នេះបានធ្វើឲ្យត្រីប្រមាណ ១ម៉ឺនតោន របស់សមាគមអ្នកចិញ្ចឹមត្រី សល់ក្នុងស្រះ ដោយឈ្មួញអះអាងថា ពិបាកក្នុងការដឹកជញ្ជូនឲ្យដល់ទីផ្សារ។
 
ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងបម្រាមហាមមិនឲ្យមានការធ្វើចរាចរណ៍ឆ្លងខេត្ត បានធ្វើឲ្យរាល់សកម្មភាពដឹកជញ្ជូនត្រូវបានផ្អាក​ លើកលែងការដឹកជញ្ជូនស្បៀងអាហារ បន្លែ ត្រីសាច់ ដែលជាតម្រូវការចំបាច់ប្រចាំថ្ងៃ។ ដ្បិតរាជរដ្ឋាភិបាល បានប្រកាសបែបនេះក្ដី វានៅតែជាបញ្ហាប្រឈម សម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុកដដែល ព្រោះមិនមានឈ្មួញ ចុះទៅចាប់ត្រីក្នុងស្រះ។ 
 
ខណៈដែលសមាគមសល់ត្រីរាប់តោនក្នុងស្រះ អំឡុងផ្ទុះព្រឹត្តិការណ៍សហគម ក៏មានការលើកឡើងថា  សមាគមវារីវប្បករកម្ពុជា បានលក់ត្រីខ្ពស់ជាងតម្លៃលើទីផ្សារ។ សមាគមបានសេចក្ដីបដិសេធដូច្នេះ៖«សព្វថ្ងៃ តម្លៃត្រីដែលបងប្អូនវារីវប្បករលក់លើទីផ្សារ មិនទាន់រួចថ្លៃដើមផលិតនៅឡើយទេ ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះមានកាតព្វកិច្ចត្រូវបង់ប្រាក់សងធនាគារ ថ្លៃចំណីត្រី។ បើសង្កេតមើលតម្លៃលក់រាយនៅលើទីផ្សារនានា មានគម្លាតខុសគ្នាឆ្ងាយណាស់»។
 
ឆ្លើយតបនឹងបញ្ហាដែលកំពុងកើតមាន លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករ បានស្នើឲ្យរដ្ឋាភិបាលជួយទិញត្រីកសិករដែលនៅសល់ក្នុងស្រះ ដើម្បីមានលទ្ធភាពបន្តអាជីវកម្ម និងទទួលបានប្រាក់ចំណូល។ ប្រធានសមាគមរូបនេះបាននិយាយដូច្នេះ៖« យើងនឹងសំណូមពរឱ្យក្រសួងពាណិជ្ជកម្មជួយទិញត្រី[របស់កសិករយើង] យកមកលក់នៅភ្នំពេញ»។ លោកបន្តថា៖«កន្លងមកក្នុងពេលបិទខ្ទប់ភ្នំពេញ និងទីក្រុងតាខ្មៅ ក្រសួងពាណិជ្ជកម្មមានអង្ករ និងមី លក់ជូនពលរដ្ឋក្នុងតម្លៃសមរម្យ។ អ៊ីចឹង! យើងនឹងដាក់សំណើ ឬអំពាវនាវទៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យជួយប្រមូលទិញត្រីពីកសិករយើងមក ដើម្បីលក់ចាកចាយឱ្យបងប្អូន ឬ ពលរដ្ឋនៅ ភ្នំពេញ»។
 
លោក សុខ រ៉ាដែន បន្ថែមថា  រដ្ឋាភិបាល តាមរយៈ ក្រសួងពាណិជ្ជកម្ម ក៏ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អាចសហការគ្នា ក្នុងការប្រមូលទិញត្រីពីប្រជាកសិករ នៅក្នុងតម្លៃសមរម្យ ដើម្បីបំពេញសម្រេចត្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងស្ថាននៅក្នុងស្ថានភាពបិទខ្ទប់ នៃការរាតត្បាតជំងឺកូវីដ-១៩។ «ត្រីដែលរដ្ឋទិញបានពីកសិករ គឺអាចក្លេស្សេឱ្យត្រជាក់ឬបង្កកត្រីទាំងនោះ ហើយរៀចំឬវេចខ្ចប់ជាកញ្ចប់ៗ[ទម្ងន់២គីឡូក្រាម, ៣គីឡូក្រាម និង៥គីឡូក្រាម... ទៅតាមប្រភេទត្រីនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការលក់ជូនពលរដ្ឋ នៅតំបន់បិទខ្ទប់»។ លោក សុខ រ៉ាដែន បានរៀបរាប់យ៉ាងដូច្នេះ។
 
សព្វថ្ងៃសមាគមបានលក់ត្រីប្រា ក្នុងតម្លៃ ៤ ០០០រៀល ទៅ ៤ ២០០រៀល​ ក្នុងមួយគីឡូក្រាម។ ចំពោះត្រីពោ មានតម្លៃ ៥ ៨០០រៀល ទៅ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម។ សម្រាប់ត្រីឆ្ដោ តម្លៃ ៩ ២០០រៀល ទៅ ១០ ២០០រៀល ក្នុងមួយគីឡូក្រាម។ រីឯត្រីអណ្ដែង តម្លៃ ៣ ៨០០រៀល ទៅ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម។
 
ការប្រមូលទិញត្រីគ្រប់ប្រភេទរបស់រដ្ឋាភិបាល តាមរយៈក្រសួងមានសមត្ថកិច្ចពីប្រជាកសិករនៅតាមបណ្តាខេត្តដែលកំពុងច្រាល់ពេញស្រះនេះ មិនត្រឹមជាដំណោះដ៏ល្អសម្រាប់ដោះស្រោយបញ្ហាទីផ្សាររបស់កសិករ ឬវារីវប្បករនានា ដែលបានជួបប្រទះតាំងពីចុងឆ្នាំ២០២០មក ម្លេះទេ គឺថែមទាំងអាចមានលទ្ធភាពផ្គត់ផ្គង់ត្រីដែលមានគុណភាព និងសុវត្ថិភាព ជូនពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ភ្នំពេញ និងទីក្រុងតាខ្មៅ ក្នុងតម្លៃសមរម្យ ថែមទៀត។ នេះជាសម្ដីរបស់ប្រធានសហគមវារីវប្បករកម្ពុជា៕
 
 

Tag:
 ThmeyThmey25
 ត្រី
 កសិករ
 វារីវប្បករ
 ត្រីប្រា
 ត្រីឆ្តោ
© រក្សាសិទ្ធិដោយ thmeythmey.com