COVID-19
ជាតិ
គ្រូពេទ្យ៨០នាក់ពីកំពង់ស្ពឺនិងកំពង់ចាម ឡើងមកភ្នំពេញ ជួយព្យាបាលអ្នកជំងឺកូវីដ-១៩
24, Apr 2021 , 5:59 pm        
រូបភាព
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តកំពង់ចាមថ្ងៃទី២៣មេសា ឆ្នាំ២០២១។ (រូប មន្ទីរសុខាភិបាលខេត្តកំពង់ចាម)
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តកំពង់ចាមថ្ងៃទី២៣មេសា ឆ្នាំ២០២១។ (រូប មន្ទីរសុខាភិបាលខេត្តកំពង់ចាម)
ភ្នពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៨០នាក់ ពីខេត្តកំពង់ស្ពឺនិងកំពង់ចាម បានមករាជធានីភ្នំពេញដើម្បីជួយព្យាបាលនិងមើលថែទាំអ្នកជំងឺកូវីដ-១៩ នៅអគារដឹព្រីមៀរ ដែលជាអគារសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ក្នុងខណ្ឌសែនសុខ តែត្រូវបានបង្វែរទៅជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ប្រធានមន្ទីរសុខាភិបាលខេត្តទាំង២ អះអាងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើននាក់ទៀត កំពុងត្រៀមខ្លួនចូលរួមប្រយុទ្ធប្រឆាំងផ្ដាច់កូវីដ-១៩នៅរាជធានីភ្នំពេញ។


លោក អោ វណ្ឌថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២៤មេសា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យ៤០នាក់នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានទៅកាន់ទីតាំងដឹព្រីមៀរ ដើម្បីជួយព្យាលបាលនិងថែទាំអ្នកជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងនៅភ្នំពេញកាន់តែកើនឡើងជាបន្តបន្ទាប់។ លោក អះអាងថា  ក្រុមគ្រូពេទ្យទាំងនោះគឺជាបុគ្គលិកជំនាញ ហើយស្ម័គ្រចូលរួមជួយប្រយុទ្ធប្រឆាំងកូវីដ-១៩។ 
 
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា៖«មន្រី្តសុខាភិបាលខេត្ត៤០នាក់បានទៅភ្នំពេញតាមការស្នើសុំរបស់ថ្នាក់លើនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យយើងនៅក្នុងខេត្តគឺមានចំនួនគ្រប់គ្រាន់រហូតជិត១ពាន់នាក់។ នេះជាការជួយគ្នា ហើយឯកឧត្ដមរដ្ឋមន្រី្ត [ក្រសួងសុខាភិបាល] ក៏បានឲ្យមន្ទីរតាមបណ្ដាខេត្តទាំងអស់ត្រៀមក្រុមគ្រូពេទ្យចល័តរួចរាល់ហើយដែរ ដើម្បីត្រៀមជួយគ្នាទៅវិញទៅមកតាមតំបន់ត្រូវការ ហើយយើងក៏នៅមានក្រុមគ្រូពេទ្យផ្សេងទៀតក្នុងខេត្តសម្រាប់ជួយបន្ថែមនិងប្ដូរវេនគ្នាដែរ»។ 
 
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹម សួរភិរុណ ក៏បានប្រាប់សារព័ត៌មានថ្មីៗដែរថា ក្រុមពេទ្យស្ម័គ្រចិត្ត៤០នាក់ក្នុងខេត្តកំពង់ចាម បានទៅទីតាំងសម្រាកព្យាបាលដឹព្រីមៀរសែនសុខ។ លោក បន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ មានច្រើននាក់ តែខាងក្រសួងសុខភិបាលស្នើសុំ៤០នាក់សិន ខណៈក្រុមគ្រូពេទ្យសរុបក្នុងខេត្តកំពង់ចាមមានជាង១ពាន់២រយនាក់។ 
 
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លើកឡើងថា ការស្នើសុំពីក្រសួងនេះ គឺដោយសារស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩ នៅភ្នំពេញ កាន់តែមានចំនួនកើនឡើងយ៉ាងគំហុក។ លោក ថ្លែងបែបនេះថា៖«ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលទៅភ្នំពេញ គឺពួកគាត់មានទឹកចិត្តចង់រួមចំណែកជួយណាស់ តែខាងក្រសួងស្នើសុំអ្នកស្ម័គ្រតែ៤០សិន រង់ចាំមើលស្ថានភាពបន្តទៀតអាចបន្ថែមឬដូរវេនគ្នា»។ 
 
ដោយសារជំងឺកូវីដ-១៩ រាលដាលកាន់ខ្លាំង រដ្ឋាភិបាល បានបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕
 

Tag:
 ពេទ្យស្ម័គ្រ
  កំពង់ចាម
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com