ជាតិ
ការដឹកជញ្ជូនបន្លែ ត្រី សាច់ ចូលក្នុងទីផ្សារនាអំឡុងពេលបិទខ្ទប់ ត្រូវតែជាអាទិភាព
24, Apr 2021 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពីមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើឲ្យកសិករពិបាកដឹកផលិតផលមកលក់លើទីផ្សារ និងពិបាករកកន្លែងលក់ ដោយសារផ្សារមួយចំនួនត្រូវបានផ្អាកបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកាលៈទេសៈនេះ កសិករមួយចំនួនដែលមិនមានលទ្ធភាពដឹកជញ្ជូនបន្លែ ត្រី សាច់ មកលក់លើទីផ្សារ ដែលកំពុងប្រឈមនឹងការបាត់ចំណូល និងធ្វើឲ្យផកដំណាំទាំងនោះ ប្រឈមខូចគុណភាព។

 
ទាក់ទងបញ្ហានេះ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បានលើកឡើងថា អាជ្ញាធរគួរមានដំណោះស្រាយមធ្យោបាយដឹកជញ្ជូនផលិតផលកសិកម្មដល់កសិករឲ្យបានមកលក់លើទីផ្សារ ចៀសវាងកសិករបាត់ចំណូលអំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ 
 
ដើម្បីដោះស្រាយបញ្ហាដល់កសិករអំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បណ្ឌិតជំនាញកសិកម្មរូបនេះ ផ្ដល់យោបល់ថា អាជ្ញាធរនៅតាមមូលដ្ឋាន គួរផ្ដល់លិខិតអនុញ្ញាតការដឹកជញ្ជូន ដល់កសិករអាចដឹកបន្លែ ត្រី សាច់ របស់ខ្លួនមកលក់នៅលើទីផ្សារ និងមានការរៀបចំកន្លែងលក់ដូរជូនអាជីករឲ្យបានត្រឹមត្រូវ ខណៈផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវផ្អាកបណ្ដោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ 
 
«យើងដឹងហើយថា បញ្ហាគឺកសិករមិនអាចដឹកជញ្ជូនផលិតផលរបស់ខ្លួនមកលក់នៅលើទីផ្សារ។ បញ្ហានេះមិនលំបាកដោះស្រាយនោះទេ។ អាជ្ញាធរភូមិ ឃុំ ស្រុក គួរធ្វើលិខិតអនុញ្ញាត ឲ្យកសិករអាចដឹកផលិតផលិតផលរបស់ខ្លួនមកលក់លើទីផ្សារបាន។ កសិករ ក៏មិនបាត់ចំណូលដែរ»។ នេះបើតាមលោក យ៉ង សាំងកុមារ ដោយបន្ថែមថា បញ្ហាដែលកសិករកំពុងជួបប្រទះត្រូវមានវិធានការដោះស្រាយឲ្យបានទាន់វេលា ហើយវាមិនមែនជារឿងដែលពិបាកដោះស្រាយនោះទេ។
 
កន្លងមក កសិករជាច្រើននៅតំបន់ជនបទ បានបង្ហោះរូបភាព និងវីដេអូលើបណ្ដាញសង្គម ពីចម្ការដំណាំរបស់ពួកគេ ដោយអះអាងថា តំបន់ទាំងនោះ គ្មានកន្លែងលក់ចេញច្រើនទេ។ ការណ៍នេះ បង្ករឲ្យផលដំណាំលក់បានតម្លៃថោក ខណៈកសិករខ្លះ ត្រូវទុកបន្លែចោល។
 
កសិករដំណាំម្រះក្នុងឃុំព្រែកអំបិល លោក អ៊ ពៅ លក់ធ្លាក់ថ្លៃមកត្រឹម ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈមុនពេលបិទចរាចរណ៍ឆ្លងខេត្ត ម្រះរបស់លោកធ្លាប់លក់បានតម្លៃ ៧០០រៀល ទៅ ៨០០រៀល។ កសិករស្រុកស្អាងរូបនេះ ប្រាប់សារព័ត៌មានThmeyThmey25ថា សព្វថ្ងៃម្រះមិនត្រឹមតែធ្លាក់ថ្លៃទេ ថែមទាំងគ្មានឈ្មួញចុះទិញទៀតផង។
 
មិនមែនថា គ្មានអ្នកទិញសោះនោះទេ! អំឡុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទខ្ទប់ ឈ្មួញក៏ជួយចុះទិញបន្លែរបស់កសិករដែរ ដើម្បីលក់ក្នុងតំបន់ តែបន្លែទាំងនោះលក់មិនដាច់នោះទេ ហើយឈ្មួញ និងកសិករចែកគ្នាខាតម្នាក់ពាក់កណ្ដាលឯណោះ។
 
ស្របពេលកសិករ និងអាជីវករ មិនអាចដឹកជញ្ជូនបន្លែពីបណ្ដាខេត្ត ដើម្បីមកលក់នៅលើទីផ្សារ អំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានធ្វើឲ្យទីផ្សារបន្លែ ត្រី សាច់ ក្នុងតំបន់បិទខ្ទប់មានការឡើងថ្លៃ ខណៈបន្លែរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួនគ្មានទីផ្សារ។ ជាមួយគ្នានោះសកម្មភាពការនាំចូលបន្លែពីប្រទេសវៀតណាមក៏នៅតែដំណើរការធម្មតា។ 
 
បញ្ហានេះ បណ្ឌិតកសិកម្មពីប្រទេសអាល្លឺម៉ង់លោក សាំងកុមារ ពន្យល់ថា នៅពេលដោះស្រាយមធ្យោបាយដល់កសិករអាចដឹកមកលក់លើទីផ្សារ បន្លែ ត្រី សាច់ នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ និងតំបន់បិទខ្ទប់ក៏មិនឡើងថ្លៃដែរ។
 
«ហ្នឹងហើយ ជាបញ្ហាដែលត្រូវដោះស្រាយ។ គេដឹកចូលបាន(បន្លែនាំចូល) ព្រោះគេមានលិខិតស្នាមត្រឹមត្រូវ។ ឥលូវដោយសារផ្សារផ្គត់ផ្គង់បន្លែត្រូវបិទបណ្ដោះអាសន្ន ដូច្នេះត្រូវរៀបចំកន្លែងលក់ឲ្យត្រឹមត្រូវសម្រាប់កសិករ»។
 
ការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន២០កុម្ភៈ បានធ្វើឲ្យផ្សារចំនួន១៥ ក្នុងរាជធានីភ្នំពេញត្រូវបិទបណ្ដោះអាសន្ន ហាមពលរដ្ឋធ្វើដំណើរឆ្លងខេត្ត និងផ្អាកមធ្យោបាយដឹកជញ្ជូនផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ អំឡុងវិធានការត្រូវបានរឹតបន្តឹង បានធ្វើឲ្យកសិករ វារីវប្បករ និងឈ្មួញ ប្រឈមខ្ពស់ក្នុងការបាត់ចំណូល ដោយពិបាកក្នុងការដឹកជញ្ជូនផលិតផលកសិកម្មមកលក់នៅលើទីផ្សារ៕
 
 

Tag:
 យ៉ងសាំកុមារ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com