ជាតិ
ខែឧសភា អ្នកស្រី ឃុន សុភាព ត្រូវប្រមូលផលក្រូចពោធិ៍សាត់ហើយ តែស្ថានភាពកូវីដ-១៩ មិនថមថយសោះ
24, Apr 2021 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រូចពោធិ៍សាត់របស់កសិករ ឃុន សុភាព ក្នុងស្រុកវាលវែង កំពុងប្រមូលផលបណ្ដើរៗ ខណៈខែឧសភា ខាងមុខ ជារដូវប្រមូលផលតែម្ដង។ កសិកររូបនេះ កំពុងបារម្ភពីទីផ្សារក្រូច ព្រោះបច្ចុប្បន្នទិន្នផលក្រូចនៅតិច និងពិបាករកទីផ្សារ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃុន សុភាព លើកឡើងថា ប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈ នៅអូសបន្លាយ លោកនឹងប្រឈមការខាតកាន់តែធ្ងន់។



លោក ឃុន សុភាព ជាកសិករដាំក្រូចពោធិ៍សាត់ លើផ្ទៃដីប្រមាណ៧០ហិកតាក្នុង ខេត្តពោធិ៍សាត់ ដែល២០ហិកតា ជារបស់លោក និង៥០ហិកតាទៀត ជាការចុះកុងត្រាដាំជាមួយកសិករ។  ក្រូចពោធិ៍សាត់ របស់លោក សុភាព បានចែកចាយទៅខេត្តបាត់ដំបង សៀមរាប ភ្នំពេញ និងលក់ក្នុងខេត្តពោធិ៍សាត់ផ្ទាល់។ ចាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈមក កសិកររូបនេះបានបាត់ទីផ្សារក្រូចពោធិ៍សាត់ជាច្រើន ព្រោះឈ្មួញពិបាកធ្វើដំណើរមកទិញ និង លក់មិនសូវដាច់ដូចមុន។


 
លោក ឃុន សុភាព ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទពីក្នុងចម្ការរបស់ខ្លួនដូច្នេះថា៖ « យើងបានទិន្នផលមកមិនហ៊ានយកទៅលក់ឆ្ងាយទេ បានតែផ្ញើតាមឡានទៅលក់។ ឥឡូវឡានអត់សូវរត់ទៀត ដោយសារបញ្ហាផ្ទុះកូវីដ។ យើងបានតែផ្ញើទៅភ្នំពេញ សៀមរាប បាត់ដំបង តិចៗ។ អ្នកគាត់មកទិញខ្ញុំយកដឹកលក់ក៏គាត់លែងហ៊ានដឹកលក់ អ៊ីចឹងមានតែផ្ញើតាមឡានទៅលក់សុខចិត្តចំណេញតិច កុំឱ្យតែដាច់ម៉ូយ »។
 
ការបាត់ភ្ញៀវទេសចរ ក៏ជាកត្តាធ្វើឱ្យក្រូចពោធិ៍សាត់ លោក សុភាព លក់មិនសូវដាច់ផងដែរ ព្រោះកន្លងមក ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ភ្នំ ១៥០០ ឬ ដើរកម្សាន្តក្នុងស្រុកវាលវែង តែងចូលទិញក្រូចរបស់លោក នៅផ្ទះ និងនៅចម្ការផ្ទាល់តែម្ដង។
 
កសិកររូបនេះរៀបរាប់ថា កាលពីឆ្នាំ២០២០ ក្នុងរដូវនេះដូចគ្នា លោកអាចលក់ក្រូចពោធិ៍សាត់ក្នុងមួយថ្ងៃ បានចន្លោះពី ៨០ ទៅ ១០០ ស្លឹក ប៉ុន្តែបច្ចុប្បន្ន លក់ត្រឹម១០ ទៅ២០ ស្លឹកក្នុងមួយថ្ងៃ គឺយ៉ាប់ណាស់ទៅហើយ។ ចំនួននេះ គឺបានពីការលក់តាមអនឡាញខ្លះៗ របស់លោក និងកូនស្រីលោកផងដែរ។ ចំពោះក្រូចពោធិ៍សាត់មួយស្លឹក លោកអាចលក់បានតម្លៃចន្លោះពី ២៣ម៉ឺនរៀល ទៅ ២៥ម៉ឺនរៀល ដោយកាលមិនទាន់មានកូវីដ-១៩ លោកអាចលក់បានតម្លៃថ្លៃជាងនេះ។ 
 
ការបាត់បង់ទីផ្សារមួយភាគ ក្នុងពេលបច្ចុប្បន្ន ពិតជាធ្វើឱ្យកសិកររូបនេះជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែអ្វីដែលលោកកាន់តែបារម្ភនោះ គឺដល់ខែឧសភា ដែលត្រូវប្រមូលផលក្រូចពោធិ៍សាត់ច្រើន រឹតតែធ្វើឱ្យលោកពិបាករកទីផ្សារបន្ថែមទៀត នឹងអាចឱ្យលោកប្រឈមនឹងការខាតបង់កាន់តែធ្ងន់។ 
 


លោក ឃុន សុភាព រៀបរាប់ទាំងសំឡេងមិនសប្បាយចិត្តថា ៖ « បើនិយាយពីការខាតវិញ គឺប្រឈមនឹងការខាតបង់ច្រើន។ ឥឡូវនេះយើងមិនសូវទាន់ប្រមូលផល បើសិនកូវីដនៅអូសបន្លាយហើយចាប់ផ្ដើមខែក្រោយទៅ យើងប្រមូលផលច្រើន អត់ដឹងថានាំយកទៅលក់នៅទីផ្សារណាកើត ឬក៏យ៉ាងណាទេ»។ លោកបន្ថែមទៀតថា បច្ចុប្បន្ន អ្នកទិញក្រូចពោធិ៍សាត់របស់លោកយកទៅលក់បោះដុំតគឺគ្មានទេ ដោយមានតែអ្នកទិញយកទៅបរិភោគបន្តិចៗ តែប៉ុណ្ណោះ។ 
 
ការលក់ក្រូចពោធិ៍សាត់របស់លោក សុភាព រាល់ថ្ងៃស្ទើរមិនគ្រប់លើ ការចំណាយក្នុងចម្ការរបស់លោកនោះទេ ដោយលោក ត្រូវបើកខែជាប្រចាំឱ្យកម្មករចំនួន ១២នាក់ និងបង់ប្រាក់ធនាគារជាប្រចាំផងដែរ។ កសិកររូបនេះលើកឡើងថា ក្នុងនាមខ្លួនជាកសិករ មិនអាចមានប្រាក់តម្កល់សម្រាប់ខាតច្រើននោះទេ ទើបធ្វើឱ្យបច្ចុប្បន្នលោកមានក្ដីបារម្ភខ្លាំង៕


 

Tag:
 ក្រូចពោធិ៍សាត់
  ឃុន សុភាព
  ពោធិ៍សាត់
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com