អន្តរជាតិ
មេទ័ពឥណ្ឌូណេស៊ីថា នាវាមុជទឹកដែលបាត់ បានលិច ក្រោយរកឃើញបំណែកបន្តបន្ទាប់
24, Apr 2021 , 6:29 pm        
រូបភាព
នាវាមុជទឹក KRI Nanggala 402 ដែលបាត់ខ្លួន។ រូបថត AFP
នាវាមុជទឹក KRI Nanggala 402 ដែលបាត់ខ្លួន។ រូបថត AFP
ប្រមុខកងទ័ពឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី២៤ ខែមេសា ថា នាវាមុជទឹកដែលបាត់ខ្លួនបីថ្ងៃកន្លងមកនោះ បានលិចហើយ។ លោកអះអាងថា ក្រុមសង្រ្គោះរកឃើញបំណែកខាងក្នុងនាវាជាច្រើនអំឡុងពេលរុករកប៉ុន្មានថ្ងៃមកនេះ។

 
«កងទ័ពជើងទឹកប្រទះឃើញប្រេងដែលធ្លាយចេញ និងបំណែកជាច្រើនដែលជាភស្តុតាងបង្ហាញថា នាវាបានលិចហើយ។» លោក Hadi Tjahjanto អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីបញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែមេសា ដោយសំដៅនាវាមុជទឹក KRI Nanggala 402 ដែលបាត់ខ្លួននៅថ្ងៃទី២១ ខែមេសាអំឡុងពេលលំហាត់យោធានៅក្បែរកោះបាលី។
 
ចំណែកមេបញ្ជាការកងទ័ពជើងទឹក នាយឧត្តមនាវី Yudo Margono បន្ថែមថា ប៉ុន្មានថ្ងៃមកនេះ ក្រុមរុករកបានប្រមូលបំណែក និងវត្ថុជាច្រើនពីទីតាំងដែលនាវាមុជទឹកនោះមុជចុះក្រោមសមុទ្រ។ មេទ័ពរូបនេះបន្តថា វត្ថុទាំងនោះ មិនអាចចេញក្រោយនាវាបានឡើយ បើគ្មានសម្ពាធខាងក្រៅ ឬការខូចខាតណាមួយនៅត្រង់កន្លែងបាញ់មីស៊ីលរបស់នាវានោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
 
នាវាមុជទឹក KRI Nanggala 402 បានបាត់ការទាក់ទងជាមួយនឹងនាវិកចំនួន៥៣នាក់។ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក និងអូស្ត្រាលី បានបញ្ជូននាវា និងយន្តហោះទៅជួយឥណ្ឌូណេស៊ីក្នុងប្រតិបត្តិការរុករកនេះ។ 
 
នាវាមុជទឹកខាងលើ ជានាវាមួយក្នុងចំណោមនាវាមុជទឹកទាំង៥គ្រឿងរបស់ឥណ្ឌូណេស៊ី ដែលត្រូវប្រើដើម្បីការពារដែនទឹកដ៏ធំល្វឹងល្វើយ។ KRI Nanggala 402 ត្រូវបានបញ្ចូលក្នុងជួរទ័ពជើងទឹកនៅឆ្នាំ១៩៨១ ហើយទទួលបានការជួសជុលនៅកូរ៉េខាងត្បូងនៅឆ្នាំ២០១២ កន្លងទៅ។ អាជ្ញាធរឥណ្ឌូណេស៊ី មិនទាន់ផ្ដល់ការពន្យល់ជាក់លាក់ណាមួយទាក់ទងការបាត់ខ្លួននេះឡើយ៕
 
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com