ជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យរបររត់កង់បី និងផាស់អាប់នៅសៀមរាប កាន់តែលំបាក
25, Apr 2021 , 7:59 am        
រូបភាព
សៀមរាប៖ ជាខេត្តដែលពឹងលើវិស័យទេសចរណ៍ស្ទើរទាំងស្រុង ធ្វើឲ្យសេដ្ឋកិច្ចខេត្តសៀមរាប រង្គោះរង្គើជាខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ជាងមួយឆ្នាំមកនេះ។ របររត់រ៉ឺម៉កកង់បី និងផាស់អាប់ ដែលធ្លាប់តែមមាញឹកដឹកជញ្ជូនទេសចរទៅមកនោះ ក៏ពិបាកដែរ ហើយកាន់តែពិបាកទៅទៀតនៅពេលដែលផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គ្មានមនុស្សជិះរ៉ឺម៉កដូចមុនទេ ដោយពួកគេមិនសូវចេញក្រៅច្រើន ឬខ្លះប្រើមធ្យោបាយផ្ទាល់ខ្លួន ដោយបារម្ភពីការឆ្លងជំងឺកូវីដ១៩។

 
វិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យអ្នករត់រ៉ឺម៉កកង់បី និងផាប់អាប់ជាច្រើនគ្មានទីផ្សារ ហើយអ្នកខ្លះគ្មានលុយសងត្រឡប់ធនាគារដែលខ្លួនបានខ្ចីទិញរ៉ឺម៉ករត់ពេលនៅមានភ្ញៀវច្រើន ខ្លះទៀតក៏សម្រេចលក់ចោលក៏មាន។ យ៉ាងណា នៅមានអ្នករត់ខ្លះបន្តប្រកបរបរនេះ ទោះស្ថានភាពលំបាកយ៉ាងណាក្ដី។
 
លោក នួន រ៉ា កំពុងអង្គុយមើលទូរសព្ទលើផាស់អាប់មុខផ្សារញ៉ែ បានឆ្លៀតប្រាប់ថា ចាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ការរត់រ៉ឺម៉ករបស់លោកកាន់តែពិបាកលើសពីការផ្ទុះជំងឺកូវីដដំបូងទៅទៀត។ មួយព្រឹកហើយ លោក នួន រ៉ា មិនទាន់មានអតិថិជនជិះផាស់អាប់ទេ តែបុរសម្នាក់នេះប្រាប់ថា ចេះតែមករត់ទៅ ជាជាងនៅតែផ្ទះ។
 
ងាកទៅអ្នករត់ផាស់អាប់ម្នាក់ទៀត គឺលោក ស៊ាង សុខនឿន រៀបរាប់ពីការលំបាកមិនចេញលោក នួន រ៉ា ទេ។ អ្នកខេត្តកំពង់ចាមរូបនេះ រអ៊ូថាពុំមានភ្ញៀវដឹកទេក្នុងថ្ងៃខ្លះ ដែលខុសពីមុនអាចរកចំណូលបានពី៥ទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃៗ។
 
 
ទៅមិនឆ្ងាយពីរបរនេះទេ លោក ម៉ក់ សុជាតិ អ្នករត់រ៉ឺម៉កកង់បីជិត១០ឆ្នាំមកហើយ ប្រាប់ថា ថ្ងៃខ្លះលោករកបានប្រាក់១ម៉ឺនរៀលសម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈដែលភរិយាក៏ឈប់សម្រាកពីការងាររៀបចំបន្ទប់នៅសណ្ឋាគារដែលបិទទ្វារ។ ជាអតីតអ្នកធ្វើការនៅរោងចក្រ និងសម្រេចមករត់កង់បីនៅខេត្តសៀមរាបតាមមិត្តភក្ដិ លោក ម៉ក់ សុជាតិ ប្រាប់ថា អំឡុងពេលនេះ គ្រួសារលោកទល់គំនិតមិនដឹងថាត្រូវរករបរអ្វីធ្វើទេ។
 
ចំណែកលោក ផាត ភេន ដែលអង្គុយលើរ៉ឺម៉កកងបី កំពុងចាំម៉ូយទិញអ៊ីវ៉ាន់ ក៏និយាយមិនខុសគ្នាដែរ រាល់ថ្ងៃនេះមិនមានអ្នកជិះទេ ដោយសារតែជំងឺរាតត្បាត ធ្វើឲ្យសណ្ឋាគារស្ទើរទាំងអស់បានបិទ។ ហើយម៉ូយដែលធ្លាប់ជិះពីមុនៗគឺបាត់អស់ ព្រោះតែពួកគេមិនមានការងារធ្វើ ហេតុនេះហើយពួកគេក៏មិនសូវចំណាយច្រើន។ យ៉ាងណា លោក ផាត ភេន សង្ឃឹមថាជំងឺនេះនឹងបាត់រលុបពីប្រទេសកម្ពុជាក៏ដូចជាពិភពលោក ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យភ្ញៀវទេសចរមកច្រើនដូចមុនៗ ហើយជួយឲ្យអ្នករត់កង់បីដូចជារូបលោក មានចំណូលសមរម្យដូចពេលមុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com