អន្តរជាតិ
មេដឹកនាំអាស៊ាន ឯកភាពគ្នាតែងតាំងប្រេសិតពិសេសជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
25, Apr 2021 , 9:20 am        
រូបភាព
មេដឹកនាំអាស៊ាននាជំនួបនៅឥណ្ឌូណេស៊ី។ រូបថតហ្វេសប៊ុកសម្ដេច ហ៊ុន សែន
មេដឹកនាំអាស៊ាននាជំនួបនៅឥណ្ឌូណេស៊ី។ រូបថតហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ព្រុយណេ ដែលជាប្រធានអាស៊ានឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍មួយក្រោយកិច្ចប្រជុំមេដឹកនាំនៅទីក្រុងហ្សាការតានៅថ្ងៃទី២៤ ខែមេសា។ ក្នុងសេចក្ដីថ្លែងការណ៍នេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាលើចំណុចមួយចំនួនដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយក្នុងនោះក៏មានការតែងតាំងប្រេសិតពិសេសដែលតួនាទីសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា។ គ្មានឡើយការស្នើឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំឯទៀត។

 
នាជំនួបក្រៅផ្លូវការដែលធ្វើឡើងនៅទីស្នាក់ការអាស៊ាននៅថ្ងៃទី២៤ ខែមេសា មេដឹកនាំអាស៊ានបាន ជជែកដោយជិតស្និទ្ធលើការវិវត្តនៅមីយ៉ាន់ម៉ា ហើយបង្ហាញក្ដីបារម្ភចំពោះស្ថានការណ៍ក្នុងប្រទេសនេះ រាប់ទាំងការបាត់បង់ជីវិត និងការរាលដាលអំពើហិង្សា។ បើតាមសេចក្ដីថ្លែងការណ៍របស់ព្រុយណេ ដែលជាប្រធានអាស៊ាន មេដឹកនាំរដ្ឋសមាជិកបានមូលមតិគ្នាលើចំណុចមួយចំនួនស្ដីពីវិបត្តិនៅ មីយ៉ាន់ម៉ា។
 
មិនមានចំណាត់ការខ្លាំងអ្វីដែលមេដឹកនាំអាស៊ានឯកភាពគ្នាឡើយ ខណៈអំពើហិង្សានៅមីយ៉ាន់ម៉ា នៅតែបន្ត ហើយការតវ៉ារបស់ប្រជាជន នៅតែមិនដាច់នោះ។ យ៉ាងណា មេដឹកនាំអាស៊ាន បានស្នើឱ្យ បញ្ចប់អំពើហិង្សាទាំងអស់ ហើយភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ឱ្យបាន។ មេដឹកនាំអាស៊ាន ក៏ស្នើឱ្យ កិច្ចសន្ទនារវាងភាគីពាក់ព័ន្ធដែលប្រកបដោយការស្ថាបនា ចាប់ផ្ដើមឡើងសំដៅដោះស្រាយបញ្ហា ដោយសន្តិវិធី និងប្រកាសត្រៀមផ្ដល់ជំនួយផងដែរ។
 
«ប្រេសិតពិសេសរបស់ប្រធាន (អាស៊ាន) នឹងសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពី អគ្គលេខាធិការអាស៊ាន។» នេះបើតាមសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបន្តថា ប្រេសិត ពិសេស និងប្រតិភូអាស៊ាន នឹងធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគី។ 
 
ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនជំទាស់នឹងដំណើរទស្សនកិច្ចប្រេសិត ពិសេស ឬបដិសេធមិនទទួលជំនួយឡើយ។ លោក លី បន្តថា ប្រេសិតពិសេសកំពុងស្ថិតក្រោមការ រៀបចំរបស់អាស៊ាន។ បើតាម លោក លី មេដឹកនាំយោធាមីយ៉ាន់ម៉ាអះអាងថា ទទួលយកមតិមាន ប្រយោជន៍ដែលស្នើដោយមេដឹកនាំអាស៊ាន។
 
ទាក់ទងការមូលមតិគ្នានេះ គេមិនទាន់ដឹងថា របបសឹកមីយ៉ាន់ម៉ា នឹងគោរពតាមប៉ុណ្ណាឡើយ។ គេក៏ មិនច្បាស់ថា នឹងមានរឿងអ្វីកើតឡើងដែរ ក្នុងករណីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈ មិនធ្វើតាមនោះ។
 
អ្វីគួរកត់សម្គាល់នោះ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន មិនមានចំណុចនិយាយពីការស្នើឱ្យមានការ ដោះលែងលោកស្រី ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល ឬក៏ការផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ ដែរ។ ប៉ុន្តែក្នុងបទអន្តរាគមន៍របស់មេដឹកនាំរដ្ឋសមាជិកភាគច្រើន សុទ្ធតែស្នើឱ្យដោះលែងអ្នកជាប់ឃុំ ទាំងអស់៕  
 
 
 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com