អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្វាគមន៍អាស៊ានដែលស្នើឱ្យយោធាបញ្ចប់ហិង្សា
25, Apr 2021 , 2:49 pm        
រូបភាព
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលបង្កើតដោយក្រុមសមាជិកសភាជាប់ឆ្នោតត្រូវយោធាធ្វើរដ្ឋប្រហារ ប្រកាសស្វាគមន៍ការអំពាវនាវរបស់មេដឹកនាំអាស៊ានដែលស្នើឱ្យយោធាមីយ៉ាន់ម៉ាបញ្ចប់ហិង្សា។ អ្នកនាំពាក្យរដ្ឋាភិបាលស្រមោល អះអាងថា ជំហររបស់អាស៊ាន ក៏អ្វីដែលខ្លួនទាមទារកន្លងមកផងដែរ និងថា រដ្ឋាភិបាលស្រមោលត្រៀមធ្វើការជាមួយអាស៊ាន។

 
ក្នុងសេចថ្លែងការណ៍ប្រធានអាស៊ានដែលចេញក្រោយកិច្ចប្រជុំមេដឹកនាំនៅថ្ងៃទី២៤ ខែមេសា មេដឹកនាំអាស៊ានបានឯកភាពគ្នាលើការបញ្ចប់អំពើហិង្សាដែលកើតមានមីយ៉ាន់ម៉ា។ អាស៊ាន ក៏នឹងបញ្ជូនប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួយសម្រុះសម្រួលភាគីពាក់ព័ន្ធទាំងអស់ សំដៅដោះស្រាយបញ្ហាដោយសន្តិវិធី។ 
 
 
ផែនការរបស់អាស៊ាន ត្រូវសា្វគមន៍ដោយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលមិនត្រូវអញ្ជើញឱ្យចូលរួមប្រជុំដែលធ្វើនៅអគ្គលេខាធិការដ្ឋានអាស៊ាននាទីក្រុងហ្សការតា។ លោក Sasa អ្នកនាំពាក្យរដ្ឋាភិបាលស្រមោលបង្កើតដោយសមាជិកសភាជាប់ឆ្នោតដែលជាភាគច្រើនមកពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិតេយ្យ ស្វាគមន៍ការស្នើរបស់អាស៊ាន ដែលជាជំហានគួរឱ្យលើកទឹកចិត្ត ព្រោះវាដូចគ្នានឹងការទាមទាររបស់រដ្ឋាភិបាលរួបរួមជាតិផងដែរ។
 
លោក Sasa ដែលជារដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងលាក់ខ្លួននៃរដ្ឋាភិបាលស្រមោល បន្តថា រដ្ឋាភិបាលស្រមោលរង់ចាំការចូលរួមរបស់អគ្គលេខាធិការអាស៊ាន និងទន្ទឹងចាំមើលសកម្មភាពម៉ឺងម៉ាត់របស់អាស៊ានក្នុងការអនុវត្តតាមការសម្រេចចិត្តរបស់ខ្លួន ក៏ដូចជាស្តារប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។ 
 
អំពើហិង្សា និងការតវ៉ាកើតឡើងស្ទើរមិនលស់ថ្ងៃនៅមីយ៉ាន់ម៉ា។ កម្លាំងសន្តិសុខរបស់របបយោធា បានបង្រ្កាបយ៉ាងឃោរឃៅលើអ្នកតវ៉ាស៊ីវិលដែលទាមទារឱ្យយោធាប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី និងដោះលែងអ្នកទោសនយោបាយ។ បើតាមរបាយការណ៍អង្គការផ្ដល់ជំនួយសម្រាប់អ្នកទោសនយោបាយ មនុស្សច្រើនជាង៧៤០នាក់ បានបាត់បង់ជីវិតក្នុងការតវ៉ាកន្លងមក ហើយរាប់ពាន់នាក់ត្រូវឃុំខ្លួន។
 
ចំណែកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោក Tom Andrews សរសេរលើ Twitter ថា ប្រសិទ្ធភាពរបស់អាស៊ាន មិនមែននៅលើក្រដាសឡើយ តែនៅមីយ៉ាន់ម៉ាតែម្ដង។ លោកចោទសួរថា តើការសម្លាប់នឹងត្រូវបញ្ឈប់ឬទេ? តើអ្នកដែលត្រូវចាប់ខ្លួន នឹងត្រូវដោះលែងឬអត់?
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com