ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តិចនិក​ធ្វើ​ឱ្យ​ប៉ា​ម៉ាក់​គេ​ស្រលាញ់​ ពេល​ទៅ​ជួប​លើក​ដំបូង
25, Apr 2021 , 6:59 pm        
រូបភាព
ការ​ដែល​ស្រលាញ់​នរណា​ម្នាក់ ក្រៅពី​ធ្វើ​ឱ្យ​គេ​ស្រលាញ់​យើង​វិញ​ហើយ នៅ​មាន​បញ្ហា​ធំ​គួរសម​មួយទៀត គឺ​ពេល​ទៅ​ជួប​ប៉ា​ម៉ាក់​គេ គួរ​ធ្វើ​ឫក​បែប​ណា​ទើបត្រូវ​ចិត្ត​លោក​ទាំង​ពីរ ហើយ​អាច​ឱ្យ​លោក​ស្រលាញ់ ចាត់​ទុក​អ្នក​ដូច​ជា​កូនប្រសា​ភ្លាម​ៗ​តែ​ម្ដង​។ បើ​អ្នក​កំពុង​ត្រៀមខ្លួន​ទៅ​ជួប​ប៉ា​ម៉ាក់​គេ​មែន សូម​មើល​វិធី​ងាយ​ៗ​ខាងក្រោម​នេះ ធានា​ថា​បាន​ផល​ល្អជា​មិន​ខាន​!

 
១. សិក្សា​ជា​មុន​នូវ​អ្វី​ដែល​ទាក់ទង​នឹង​គ្រួសារ​របស់​គេ​៖
 
វា​នឹង​ជា​ការ​ល្អ​ដែល​អ្នក​សាកសួរ​សង្សារ​របស់​អ្នកជា​មុន​នូវ​រឿង​មួយ​ចំនួន​ទាក់ទង​នឹង​គ្រួសារ​គេ ដូច​ជា​ទម្លាប់​នៃ​ការ​ញ៉ាំ ការ​ស្លៀកពាក់ ការ​និយាយ​ស្ដី​ជាដើម​។ វា​អាច​នឹង​ជួយ​ឱ្យ​អ្នក​ត្រៀមខ្លួន​បាន​ល្អ​ក្នុង​ការ​ចុះសម្រុង​ជាមួយ​លោក​ទាំង​ពីរ​បាន​យ៉ាង​ងាយ​។
 
២.​ស្លៀកពាក់​ឱ្យ​បាន​សមរម្យ​៖
 
ពិត​ណាស់ មនុស្ស​ចាស់​ចាប់អារម្មណ៍​មុនគេ គឺ​សំលៀក​បំពាក់​អ្នក​ដែល​កូន​គាត់​ស្រលាញ់​ហើយ​មក​ជួប​គាត់​លើក​ទី​មួយ​នេះ​។ សម្រាប់​មិត្ត​នារី យក​ល្អ​កុំ​ស្លៀកពាក់​បញ្ចេញ​គល់​ទ្រូង ឬ​គល់ភ្លៅ ព្រោះ​វា​អាច​មើលទៅ​មិនសូវ​សមរម្យ​សម្រាប់​ភ្នែក​ប៉ា​ម៉ាក់​គេ​។ ម្យ៉ាងទៀត អ្នក​អាច​វិភាគ​ទៅ​លើ​តំបន់​ដែល​គាត់​រស់នៅ ថា​វា​ជាទី​ប្រជុំជន​ដែល​មានជីវិត​ស៊ី​វិ​ល័យ​ច្រើន ឬ​ក៏​តំបន់​តាម​ខេត្ត​ជាដើម ដើម្បី​ងាយស្រួល​រៀបចំ​ខ្លួន​។
 
៣. គោរព​ពេលវេលា​៖
 
មិន​ថា​សម្រាប់​មនុស្ស​ចាស់ ឬ​ក្មេង​ទេ ការ​គោរព​ពេលវេលា​គឺជា​តម្លៃ​មួយ​ដែល​អាច​ឱ្យ​គេ​ឃើញ​ថា អ្នកជា​មនុស្ស​មានការ​រៀបចំ​បាន​ល្អ និង​ទៀងទាត់​។ ការ​ដែល​មក​យឺត គឺជា​អាកប្បកិរិយា​មិនល្អ​មួយ​ដែល​មនុស្ស​ចាស់​មិន​ចូល​ចិត្តខ្លាំង​បំផុត​។ ចំណែក​ការ​មក​ដល់​លឿន​ពេក ក៏​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ដែរ ព្រោះ​ពួក​គាត់​ប្រហែល​មិន​ទាន់​បាន​ត្រៀមខ្លួន​ទទួល​អ្នក​រួច​នៅឡើយ​។
 
៤. មាន​អំណោយ​ខ្លះទៅ​ជាមួយ​៖
 
មិនមែន​មាន​ន័យ​ថា ម៉ាក់​ប៉ា​គេ​ចង់បាន​អំណោយ​ពី​អ្នក​នោះ​ទេ តែ​វា​ជា​សុជីវធម៌​មួយ​សម្រាប់​មនុស្ស​ជួប​គ្នា​ដំបូង​។ អ្នក​អាច​សួរ​មិត្ត​ប្រុស​របស់​អ្នក​នូវ​ចំណង់​ចំណូលចិត្ត​របស់​លោក​ទាំង​ពីរ ដើម្បី​ងាយស្រួល​ទិញ​កាដូ​ជូន​លោក​។
 
៥. បង្ហាញ​ទឹកមុខ​រួសរាយ​៖
 
វា​ជា​ចំណុច​ទាក់ទាញ​មួយ​ដែរ​ដែល​អ្នកចេះ​រៀបចំ​ទឹកមុខ​បាន​ល្អ ទោះបី​អ្នក​មិន​ពេញចិត្ត​ក្នុង​ការ​ណាត់ជួប​លើក​នេះ​ក៏​ដោយ​។ វា​បង្ហាញ​មួយ​ផ្នែក​ថា អ្នក​នឹង​រីករាយ​ក្នុង​ការ​ចូល​មក​រស់នៅ​ក្នុង​គ្រួសារ​របស់​គេ ដោយ​មិន​រើសអើង ឬ​ប្រកាន់​អ្វី​។ អ្នក​អាច​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​លោក​មុន តែ​មិន​គួរ​និយាយ​ច្រើន​ពេក​ឡើយ​។
 
៦. ពេញចិត្ត​នឹង​ជួយ​ការងារ​មួយ​ចំនួន​៖
 
បើ​អ្នក​ត្រូវ​បាន​អញ្ជើញ​មក​ជួប​នៅផ្ទះ គ្មាន​អ្វី​ក្រៅពី​នេះ​ឡើយ​ដែល​អាច​ទាក់ចិត្ត​ប៉ា​ម៉ាក់​គេ ដែល​មិត្ត​ស្រី​កូនប្រុស​គាត់​ចេះ​មក​ជួយ​រៀបចំ​ម្ហូប រើ​ចាន និង​ជួយ​លាង​ទុកដាក់​នោះ​។ ព្រោះ​នេះ​ជា​ការ​ណាត់ជួប​លើក​ដំបូង លោក​ច្បាស់​ជា​មិន​ឱ្យ​អ្នកធ្វើការ​ងារ​ទាំងនេះ​ទេ តែ​វា​បង្ហាញ​ឱ្យ​គាត់​ឃើញ​ថា អ្នកជា​នារី​ដែល​ចំណាប់ចំនួន​ខាង​ការងារ​ជា​ស្រី​៕
 
ចុះ​មិត្ត​នារី​ផ្សេង​ទៀត មាន​អ្វី​ចង់​ចែករំលែក​ក្រៅពី​ចំណុច​ខាងលើ​ដែរ​ឬទេ?
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com