ជាតិ
«ប្រាសាទព្រះធាតុបារាយណ៍» ក្នុងខេត្តកំពង់ចាម ដែលសង់ឡើងក្នុងសតវត្សរ៍ទី១១
25, Apr 2021 , 9:39 pm        
រូបភាព
រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ
រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ «ប្រាសាទព្រះធាតុបារាយណ៍»មានទីតាំងក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កសាងឡើងពីថ្មបាយក្រៀមក្នុងសតវត្សរ៍ទី១១ ស្ថិតក្នុងរចនាប័ទ្មបាភួន។ សព្វថ្ងៃប្រាសាទនេះបាក់បែកសល់តែទ្វារនិងបន្សល់នូវគ្រឿងលម្អសំណង់ ធ្វើពីថ្មភក់ដូចជា ផ្ដែរឆ្លាក់ពីទេវកថានិងហោជាងប៉ុណ្ណោះ។



«ប្រាសាទព្រះធាតុបារាយណ៍» ជាប្រាសាទវ័យចំណាស់មួយក្នុងស្រុកស្រីសន្ធរដែលទំនងជាកសាងឡើងក្នុងសតវត្សរ៍ទី១១ នៃរចនាប័ទ្មបាភួន។ ទោះបីប្រាសាទនេះ បាក់បែកបន្សល់តែទ្វារតែប្រាសាទនេះនៅតែទទួលបានការចាប់អារម្មណ៍ដោយសារតែផ្ដែរដែលជាគ្រឿងលម្អប្រាសាទធ្វើពីថ្មភក់ រក្សាសភាពរឹងមាំនៅឡើយហើយផ្ដែរនោះទៀតសោត ត្រូវបានឆ្លាក់ឡើងអំពី ទេវកថាមួយចំនួនផងដែរ។


រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ 
 
ស្ថិតក្នុងភូមិខ្យាអំពិល ឃុំបារាយណ៍ស្រុកស្រីសន្ធរ «ប្រាសាទព្រះធាតុបារាយណ៍» ត្រូវបានស្ថាបត្យករបុរាណសាងសង់លើទីទួលដីលើកជារាងចតុកោងកែង ជាអតីតរាជធានីទួលបាសាន ឬរាជធានីស្រីសឈរដែលមានគូទឹកព័ទ្ធជុំវិញ។ នៅឯប៉ែកខាងកើតនៃប្រាសាទនេះវិញ មានបារាយណ៍ធំមួយ ដែលមានទំហំបណ្ដោយ៧៥០ម៉ែត្រ និងទទឹង៤៥០ម៉ែត្រ ត្រូវបានអ្នកស្រុហៅថា «ស្រែបឹង»។ 
 
ជាប្រាសាទទោល ស្ថិតក្នុងទីតាំងអតីតរាជធានីខ្មែរសម័យកណ្ដាល«ប្រាសាទព្រះធាតុបារាយណ៍»ត្រូវបានដូនតាខ្មែរកសាងឡើង ពីថ្មបាយក្រៀមប៉ុន្តែដោយពេលវេលាកន្លងទៅយូរឆ្នាំ ធ្វើឲ្យប្រាសាទមួយនេះ បាក់បែកនៅសស់ត្រឹមតែទ្វារប៉ុណ្ណោះ។
 
ដ្បិតប្រាសាទចំណាស់មួយនេះ បាត់បង់រូបរាងមួយផ្នែកធំ តែក៏បានបន្សល់នូវផ្ដែរ ដែលនិយាយពីទេវកថាខ្លះផងដែរនៅរក្សារូបរាង។ចម្លាក់លើផ្ដែរដែលជាគ្រឿងសម្រាប់លម្អប្រាសាទ ត្រូវបានធ្វើឡើងអំពីថ្មភក់ ដោយផ្ដែរទាំងនោះរួមមានផ្ដែរកូរសមុទ្រទឹកដោះ ក្រឹស្ណទ្រភ្នំ រឿងរាមកេរិ៍ ឥសូររាំ និងផ្ដែរវិស្ណផ្ទំលើនាគ។


រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ 
 
ក្រៅពីនេះក៏មានហោជាងព្រះភិរុណជិះហង្ស ទ្វារបាល (អ្នកយាមទ្វារ)ព្រមទាំងរូបនាគតាមចែងប្រាសាទជាដើម។តាមរយៈសំណង់ស្ថាបត្យកម្ម «ប្រាសាទព្រះធាតុបារាយណ៍»នេះ បុរាណវិទូសន្និដ្ឋានថា ទំនងជាកសាងឡើងក្នុងសតវត្សរ៍ទី១១ស្ថិតក្នុងរចនាប័ទ្មបាភួន។ 
 
បើតាមលោក សឹង ភារម្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ប្រាសាទមួយនេះត្រូវបានគេស្គាល់ ដោយហៅថា «ប្រាសាទទួលបាសាន» ហើយប្រាសាទនេះទៀតសោតត្រូវបានជួសជុល ដោយសាងសង់ដំបូលប្រក់ក្បឿងឡើងវិញ ប្រមាណជាពីរឆ្នាំមកហើយ។
 
សូមជម្រាបផងដែរថា «ប្រាសាទព្រះធាតុបារាយណ៍»មានទីតាំងស្ថិតនៅក្នុងភូមិខ្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម។ យោងតាមបញ្ជីស្ថានីយបុរាណប្រទេសកម្ពុជា របស់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ចេញផ្សាយក្នុងឆ្នាំ២០១០កន្លងទៅខេត្តកំពង់ចាមមានប្រាសាទនៅមានរូបរាងចំនួន២៦, ប្រាសាទបាក់បែកបន្សល់គ្រឹះប្រាសាទចំនួន១៤និងទីតាំងដែលជាកន្លែងយកថ្មចំនួន២៩ ផងដែរ៕
 
(ដកស្រង់ចេញពី បញ្ជីឈ្មោះបែងចែកប្រាសាទស្ពានបុរាណ មន្ទីរពេទ្យបុរាណ នៅតាមរាជធានីខេត្ត របស់អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 


រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ 
 

Tag:
 ThmeyThmey25
  ប្រាសាទព្រះធាតុបារាយណ៍
  ភូមិខ្យាអំពិល
  កំពង់ចាម
  ប្រាសាទទួលបាសាន
© រក្សាសិទ្ធិដោយ thmeythmey.com