សង្គមជាតិ
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
25, Apr 2021 , 10:19 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ បញ្ហាជាច្រើននៅតែបន្តកើតឡើង។ អាស៊ាន បានបើកកិច្ចពិសេសមួយ ដើម្បីជជែកពីបញ្ហាមីយ៉ាន់ម៉ា បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុប បានទណ្ឌកម្មជាបន្តបន្ទាប់។ ស្របគ្នានេះ ឥណ្ឌូណេស៊ីឯណោះវិញ ក៏កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកនាវាមុជទឹក ដែលបានបាត់សញ្ញាតាំងពីថ្ងៃទី២១ ខែមេសាផងដែរ។ ការរីកសាយកូវីដ-១៩ នៅតែបន្ត ជាពិសេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដែលបានកើតឡើងក្នុងសប្តាហ៍នេះ៖ 
 
ថ្ងៃទី១៩ ខែមេសា 
 
សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីយោធាចំនួន ១០រូបបន្ថែមទៀត និងក្រុមហ៊ុនចំនួនពីរ ដែលពាក់ព័ន្ធជាមួយយោធា។ ទណ្ឌកម្មនេះ គឺជាការឆ្លើយតបនឹងរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ និងការបង្រ្កាបយ៉ាងឃោរឃៅលើក្រុមបាតុករ
 
ករណីកូវីដ-១៩ នៅឥណ្ឌា បានកើនឡើងបន្ថែមដល់ទៅជាង ២៧ម៉ឺនករណី។ ការកើនឡើងចំនួនអ្នកឆ្លងឥតឈប់ឈរនេះបានធ្វើឱ្យឥណ្ឌា ជួបបញ្ហាខ្វះខាតគ្រែនៅតាមមន្ទីរពេទ្យ និងសម្ភារព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ។
 
ថ្ងៃទី២០ ខែមេសា
 
ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទអូចា អះអាងថា លោកនឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលត្រូវប្រារព្ធឡើងនៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ីឡើយ ដោយជាប់ពិនិត្យមើលស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេស។ 
 
យោធារដ្ឋអាហ្វ្រិកឆាដ ប្រកាសថា ប្រធានាធិបតី Idriss Déby បានបាត់បង់ជីវិតហើយក្រោយរងរបួសក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម។ កូនប្រុសរបស់លោក ដែលជាឧត្តមសេនីយ៍យោធា នឹងដឹកនាំប្រទេសអាហ្វ្រិកមួយនេះបណ្ដោះអាសន្ន។
 
ថ្ងៃទី២១ ខែមេសា 
 
អាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ាចំនួនពីរទៀត ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារ និងការបង្រ្កាបលើប្រជាជនយ៉ាងសាហាវឃោរឃៅពីសំណាក់របបសឹក។
 
ឥណ្ឌូណេស៊ី តាមរកនាវាមុជទឹកមួយគ្រឿងដែលបាត់ខ្លួនអំឡុងពេលធ្វើសមយុទ្ធនៅថ្ងៃទី២១ ខែមេសា។ នាវិក៥៣នាក់ ស្ថិតក្នុងនាវាមុជទឹកដែលបាត់សញ្ញានៅសមុទ្រក្បែរកោះបាលី។
 
ថ្ងៃទី២២ ខែមេសា
 
ប្រមុខការទូតចិន វ៉ាង យី បង្ហាញក្ដីរំពឹងរបស់ចិនលើជំនួបមេដឹកនាំអាស៊ានជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា ដែលកំពុងពុះកញ្ជ្រោលខ្លាំង។ ចិនសង្ឃឹមជំនួបនៅហ្សាការតា នឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅមីយ៉ាន់ម៉ា និងបង្កើតឱ្យបរិយាកាសល្អដើម្បីឈានទៅរកច្រកចេញ តែដំណោះស្រាយនៅតែពឹងលើមីយ៉ាន់ម៉ាខ្លួនឯងដដែល។
 
ក្រសួងការបរទេសហ្វីលីពីន ប្រកាសថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នឹងអវត្តមាននៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នាទីក្រុងហ្សាការតានៅថ្ងៃទី២៤ ខែមេសា ខាងមុខ ព្រោះជាប់ដៃគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេស។
 
ថ្ងៃទី២៣ ខែមេសា
 
អាជ្ញាធរសុខាភិបាលអាមេរិក អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Johnson & Johnson វិញហើយ ក្រោយផ្អាកមួយរយៈដោយសារបារម្ភលើបញ្ហាកំណកឈាម។
 
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានប្រាប់ឱ្យអាមេរិកទទួលយករបៀបដឹកនាំនៅចិនសព្វថ្ងៃ និងស្វែងរកគោលនយោបាយត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយចិន ជាជាងប្រកាន់យកជំហរប្រកួតប្រជែង។ លោក វ៉ាង អះអាងថា ប្រជាធិបតេយ្យមិនមែនជាភេសជ្ជៈកូកាកូឡាដែលមានរសជាតិដូចគ្នានៅគ្រប់កន្លែងឡើយ។
 
ថ្ងៃទី២៤ ខែមេសា
 
ព្រុយណេ ដែលជាប្រធានអាស៊ានឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍មួយក្រោយកិច្ចប្រជុំមេដឹកនាំនៅទីក្រុងហ្សាការតា។ ក្នុងសេចក្ដីថ្លែងការណ៍នេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាលើចំណុចមួយចំនួនដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយក្នុងនោះក៏មានការតែងតាំងប្រេសិតពិសេសដែលតួនាទីសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសទទួលស្គាល់ការសម្លាប់រង្គាលជនជាតិអាមេនីដោយកម្លាំងចក្រភពអូតូម៉ង់នៅឆ្នាំ១៩១៥ ជាអំពើប្រល័យពូជសាសន៍៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាមេរិក
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com