ជាតិ
ចូលនិវត្តន៍ដោយមិនអស់ចិត្ត នាយកសាលាបឋមសិក្សាវត្តបូព៌ នៅបារម្ភពីអនាគតកូនសិស្ស
26, Apr 2021 , 8:59 am        
រូបភាព
សៀមរាប៖ សាធារណជនប្រហែលជាបានឮហើយ នូវកេរ្ដិ៍ឈ្មោះរបស់លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ក្នុងក្រុងសៀមរាប ដែលបានធ្វើកំណែទម្រង់សាលាមួយនេះឲ្យក្លាយជាសាលាគំរូ និងស្ដង់ដា លេចធ្លោទូទាំងប្រទេស។ ថ្មីៗនេះ លោក បានប្រកាសពីពេលវេលានៃការចូលនិវត្តន៍ ដែលមានន័យថា លោកនាយកដល់ពេលវេលាសម្រាក ហើយនឹងមាននាយកសាលាថ្មីចូលមកគ្រប់គ្រងជំនួស។ យ៉ាងណា នាយកសាលាបឋមសិក្សាវត្តបូព៌រូបនេះ នៅបារម្ភពីអនាគតកូនសិស្ស ដូចជា ការរៀបចំគ្រប់គ្រងសាលា ដែលខ្លួនបានកែទម្រង់២៧ឆ្នាំមកនេះ នៅមិនទាន់ដល់គោលដៅពិតប្រាកដដែលលោកចង់ឃើញ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប អ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ពឹង គិមឆេន ដែលធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដូចតទៅនេះ៖ 
 
 
អស់រយៈកាល ៤១ឆ្នាំមកហើយ ដែលលោក ពឹង គិមឆេន មានអាជីពជាគ្រូបង្រៀន។ ក្នុងឆ្នាំ២០២១ នេះ គឺមានរយៈពេល២៧ ឆ្នាំហើយ ក្នុងតួនាទីជានាយកសាលាបឋមសិក្សាវត្តបូព៌ ដែលលោកគ្រប់គ្រងពីឆ្នាំ ១៩៩៣ មក។ ហើយឆ្នាំនេះ ក៏ជាពេលវេលាកំណត់ នៃអាយុចូលនិវត្តន៍របស់លោកផងដែរ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅគេហដ្ឋានលោក នាយកសាលាបឋមសិក្សាវត្តបូព៌មានប្រសាសន៍ថា វាជាពេលវេលាមួយដ៏យូរ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ដែលលោកខិតខំធ្វើតាំងពីថ្ងៃដំបូង ក្នុងនាមជានាយកសាលា។ ក្នុងពាក្យសំដីមួយៗ ច្បាស់ៗ លោក ពឹង គិមឆេន លើកឡើងថា ការចូលនិវត្តន៍របស់លោកនៅពេលនេះ ជាឱកាសសម្រាប់អ្នកជំនាន់ថ្មី ក្នុងការបន្តធ្វើកិច្ចការទាំងឡាយ ដែលលោកបានធ្វើកន្លងមក ឲ្យកាន់តែជោគជ័យបន្ថែមទៀត។
 
លើសពីនេះ លោក ពឹង គិមឆេន ចង់ឲ្យអ្នកជំនាន់ក្រោយ បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងសាលា ដោយធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពនៃការដឹកនាំបន្តបានល្អប្រសើរ ដើម្បីជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយ ដែលជាកូនសិស្ស ឬកូនចៅក្នុងសង្គមជាតិ។
 
យ៉ាងណាក៏ដោយ ការចូលនិវត្តន៍របស់លោក ពឹង គិមឆេន នៅពេលនះ មិនបានធ្វើឲ្យលោករីករាយប៉ុន្មានទេ។ លោក គិមឆេន នៅបារម្ភថា កំណែទម្រង់ដែលលោកប្រឹងធ្វើជាង២៧ឆ្នាំមកនេះ អាចនឹងថយក្រោយ ប្រសិនបើអ្នកដឹកនាំជំនាន់ក្រោយមិនមានបេះដូងធ្វើដូចលោក។ មួយទៀតលោកបារម្ភពីអនាគតកូនសិស្ស ដែលទទួលបានការអប់រំមិនទាន់ពេញលេញ តាមគោលការណ៍ដែលលោកបានរៀបចំកន្លងមក។ លោករៀបរាប់យ៉ាងដូច្នេះថា៖« យើងត្រូវការ ១០០ភាគរយ ឥឡូវយើងផលិតបាន៦០ភាគរយ...បើក្មេងៗជំនាន់នេះរស់មិនបានល្អ បង្កបញ្ហាមិនល្អក្នុងសង្គម ខ្ញុំចាស់ទុំក៏រស់មិនសុខដែរ អាចបណ្ដាលមកពីខ្ញុំបង្រៀនគេមិនទាន់ដល់គោលដៅ»៕
 
 
 
 
 

Tag:
 សាលាបឋមសិក្សាវត្តបូព៌
  ពឹង គិមឆេន
© រក្សាសិទ្ធិដោយ thmeythmey.com