កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឈ្នះ Spurs លើកពាន EFL Cup ៤រដូវកាលជាប់គ្នា
26, Apr 2021 , 7:27 am        
រូបភាព
 Manchester City ក្លាយជាជើងឯកពានរង្វាន់ EFL Cup រដូវកាល ២០២០-២១ ក្រោយយកឈ្នះ Tottenham Hotspur ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន Wembley នាយប់ថ្ងៃទី២៥ ខែមេសា។ នេះជាការឈ្នះ៤រដូវកាលចុងក្រោយជាប់ៗគ្នា និងជាលើកទី៨របស់ក្រុមមេឃខៀវ។



ខ្សែការពារ Aymeric Laporte ជាអ្នករកគ្រាប់ជ័យជម្នះនេះនៅនាទី៨២ តាមរយៈការបញ្ជូនរពីសំណាក់ដៃគូ Kevin De Bruyne ខណៈ Man City បង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបើកការវាយសម្រុក និងដាក់សម្ពាធទៅលើក្រុមគូប្រជែង Spurs តាំងពីវគ្គទី១។

ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី វ័យក្មេង Ryan Mason ដែលជំនួសលោក Jose Mourinho ក្រុមមាន់ខ្នាយមាសគ្រប់គ្រងបាល់ និងមានឱកាសតិចតួចប៉ុណ្ណោះសម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ EFL Cup ដែលអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានចំនួន ៨០០០ នាក់នេះ។


តាមរយៈការឈ្នះលើកនេះ មានន័យថាក្រុមដែលមានលោក Pep Guardiola ជាអ្នកចាត់ការ តាមស្មើកំណត់ត្រាឈ្នះ EFL Cup ច្រើនជាងគេរបស់ Liverpool ចំនួន៨ដងដូចគ្នា។ ក្នុងចំណោម៨លើក Man City ឈ្នះ៤លើកចុងក្រោយជាប់ៗគ្នាចាប់ពីរដូវកាល ២០១៧-១៨មក ខណៈ៤លើកកន្លងមកក្នុងរដូវកាល ១៩៦៩-៧០, ១៩៧៥-៧៦, ២០១៣-១៤ និង ២០១៥-១៦។

ក្រុមរងជើងឯក Spurs មានប្រវត្តិឈ្នះពាននេះ៤លើកផងដែរ នៅរដូវកាល ១៩៧០–៧១, ១៩៧២–៧២, ១៩៩៨–៩៩ និង ២០០៧–០៨។ Aston Villa, Manchester United និង Chelsea ធ្លាប់ឈ្នះ៥លើកដូចគ្នា៕


Tag:
 EFL Cup
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com