អន្តរជាតិ
អាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេស បញ្ចេញសម្ភារសុខាភិបាលទៅជួយឥណ្ឌា
26, Apr 2021 , 10:13 am        
រូបភាព
ប្រជាជនឥណ្ឌាអង្គុរង់ចាំបញ្ចូលអុកស៊ីសែនសម្រាប់សាច់ញាតិ។ រូបថត AFP
ប្រជាជនឥណ្ឌាអង្គុរង់ចាំបញ្ចូលអុកស៊ីសែនសម្រាប់សាច់ញាតិ។ រូបថត AFP
ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅឥណ្ឌា កំពុងយ៉ាប់យ៉ឺនខ្លាំង ប្រទេសធំនៅលោកខាងលិចមានអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេសជាដើម ប្រកាសផ្ដល់ជំនួយបន្ទាន់ដល់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ ជំនួយអុកស៊ីសែន និងសម្ភារសុខាភិបាលជាច្រើន នឹងទៅដល់ឥណ្ឌាដើម្បីទប់ទល់ការស្ទុះឡើងយ៉ាងរហ័សករណីឆ្លងជំងឺនេះ។ អាមេរិក ក៏នឹងបញ្ជូនវត្ថុធាតុដើមសម្រាប់ការផលិតវ៉ាក់សាំងរបស់ AstraZeneca ផងដែរ។

 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រកាសនៅថ្ងៃទី២៥ ខែមេសាថា អាមេរិកនឹងបញ្ជូនគ្រឿងបរិក្ខារផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, អុកស៊ីសែន សម្ភារវេជ្ជសាស្រ្តមានសម្លៀកបំពាក់ការពារជាដើមទៅកាន់ឥណ្ឌា ដែលកំពុងរងការវាយប្រហារខ្លាំងដោយព្យុះកូវីដ-១៩ នៅរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ ករណីឆ្លងប្រចាំថ្ងៃនៅឥណ្ឌា ហក់ឡើងដល់ជាង៣០ម៉ឺននាក់ប៉ុន្មានថ្ងៃជាប់គ្នាមកហើយ ដែលធ្វើឱ្យមន្ទីរពេទ្យពេញដោយអ្នកជំងឺរហូតដល់ថ្នាក់ខ្វះអុកស៊ីសែន។
 
«ដូចដែលឥណ្ឌាផ្ដល់ជំនួយដល់អាមេរិកពេលមន្ទីរពេទ្យរបស់យើងជួបបញ្ហានៅដំណាក់កាលដំបូង យើងតាំងចិត្តជួយឥណ្ឌានៅពេលចាំបាច់នេះ។» លោក បៃឌិន សរសេរបែបនេះលើ Twitter របស់លោកបន្ទាប់សេតវិមានប្រកាសផ្ដល់ជំនួយបន្ទាន់ដល់ឥណ្ឌា។ 
 
កន្លងទៅ អាមេរិករងការរិះគន់ខ្លាំងព្រោះតែបម្រាមលើការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង Covishield ដែលឥណ្ឌាទទួលអាជ្ញាបណ្ណពីក្រុមហ៊ុន AstraZeneca ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក Emily Horne និយាយថា មន្រ្តីអាមេរិកកំពុងធ្វើការញាប់ដៃញាប់ជើងដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមទៅឱ្យឥណ្ឌា បន្ថែមពីលើការផ្ដល់ជំនួយជាម៉ាស៊ីនជំនួយការដកដង្ហើម, ឧបករណ៍ធ្វើតេស្តរហ័ស និងសម្ភារមួយចំនួនទៀត។
 
ប្រទេសតំបន់អឺរ៉ុបឯណោះវិញ ក៏ប្រកាសផ្ដល់ជំនួយបន្ទាន់ឱ្យឥណ្ឌា។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ហៃកូ ម៉ាស ប្រកាសនៅថ្ងៃទី២៦ ខែមេសាថា នឹងបញ្ជូនអុកស៊ីសែន និងគ្រឿងបរិក្ខារសុខាភិបាលចាំបាច់ទៅកាន់ឥណ្ឌានៅប៉ុន្មានថ្ងៃខាងមុខ។ មន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់បញ្ជាក់ថា ក្រសួងការបរទេសស្នើឱ្យយោធាពិចារណាផ្ដល់សម្ភារផលិតអុកស៊ីសែនចល័តទៅឥណ្ឌា និងជួយក្នុងការដឹកជញ្ជូនជំនួយផងដែរ។ បារាំង និងអង់គ្លេស ក៏នឹងបញ្ជូនសម្ភារចាំបាច់ដូចគ្នានេះទៅឥណ្ឌាដែរ។
 
ដោយទទួលសំណើពីទីក្រុងញូវដេលី គណៈកម្មការអឺរ៉ុបប្រកាសថា ខ្លួននឹងផ្គត់ផ្គង់អុកស៊ីសែន និងឱសថទៅឥណ្ឌា ដើម្បីសម្រាលបន្ទុកប្រព័ន្ធសុខាភិបាលប្រទេសនេះ។ ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វុន ដឹ លៃអេន សរសេរលើ Twitter ថា អឺរ៉ុបនឹងប្រើប្រាស់ជំនួយបម្រុងរបស់ខ្លួនដែលទុកសម្រាប់ករណីចាំបាច់នៅអឺរ៉ុប ទៅជួយឥណ្ឌា៕ 
 
 

Tag:
 ឥណ្ឌា
  អាមេរិក
  បារាំង
  អង់គ្លេស
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com