ជាតិ
ក្រោយផ្ញើបន្លែផ្លែឈើ៣តោនហើយ អ្នកស្រី សេន ឡា គ្រោងផ្ញើមកម្ដងទៀត បើភ្នំពេញនៅមិនធូរស្រាលពីកូវីដ-១៩
26, Apr 2021 , 1:59 pm        
រូបភាព
កណ្ដាល៖ ក្រោយពីបានផ្ញើបន្លែ និងផ្លែឈើប្រមាណជា៣តោន ទៅរាជធានីភ្នំពេញ តាមរយៈរដ្ឋបានខណ្ឌច្បារអំពៅ ដើម្បីជួយប្រជាជនដែលកំពុងតែខ្វះខាតខ្លាំង អ្នកស្រី សេន ឡា រួមទាំងអ្នកភូមិ នៅតែមានបំណងផ្ញើស្បៀងទៅជួយបន្ថែមទៀត ប្រសិនបើរាជធានីភ្នំពេញ នៅតែមានភាពតានតឹងព្រោះការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។



អ្នកស្រី សេន ឡា រួមទាំងអ្នកភូមិជាច្រើនរូប ដែលរស់នៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានរួមគ្នានាំយកបន្លែផ្លែឈើជាង២០មុខ ដូចជាស្ពៃចង្កឹះ ស្ពៃក្រញាញ់ តាសក់ ត្រប់ ម្ទេស សណ្ដែកកង់ ស្លឹកគ្រៃ ស្លឹកបាស ននោង ត្រឡាច ឃ្លោក ចេក ស្លឹកខ្ទឹម ម្រះ ត្រកួន ប៉េងបោះ ដំឡូង ស្វាយ ឪឡឹក ខ្នុរ ពងទា និងផ្អក ដើម្បីផ្ញើទៅអ្នកនៅរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតខ្លាំង។ បន្ថែមពីនោះ ព្រះចៅអធិការវត្តព្រែកទន្លាប់ ក៏បានផ្ដល់មី ទឹកត្រី ស្ករ ទឹកដោះគោ ប្រេងឆា ត្រីខរ អំបិល នំ និងទឹកស៊ីអ៊ីវផងដែរ សម្រាប់ការរួបរួមនេះ។
 
ស្បៀងប្រមាណ៣តោននោះ ត្រូវបាននាំយកទៅរាជធានីភ្នំពេញ តាមរយៈរដ្ឋបាលខណ្ឌច្បារអំពៅ។ លោក ទ្រី ហ៊ុច ដែលជាមន្ត្រីនៅសាលាខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណដល់ទឹកចិត្តរបស់ប្រជាជន ដែលបានរួមគ្នាចែករំលែកស្បៀងទាំងនោះ ទៅកាន់អ្នកដែលកំពុងខ្វះខាតនៅរាជធានីភ្នំពេញ។
  


លោក ទ្រី ហ៊ុច បញ្ជាក់ដូច្នេះ៖«យើងយកទៅចែកជូនបងប្អូនដែលរស់នៅក្នុងតំបន់ច្បារអំពៅ ក្នុងតំបន់រាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ដែលមានការខ្វះខាតក្នុងពេលបិទខ្ទប់។ ក្នុងនាមខ្ញុំជាតំណាងរដ្ឋបាលខណ្ឌច្បារអំពៅ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ដែលជាម្ចាស់អំណោយ នេះគឺជាការចែករំលែកក្នុងពេលកំពុងទុក្ខលំបាក ក្នុងនាមជាប្រជាជនកម្ពុជាដូចគ្នា»។
 
តាមពិតទៅជាគម្រោង អ្នកស្រី សេន ឡា ថានឹងមានបន្លែផ្លែឈើ តែប្រមាណ១តោនប៉ុណ្ណោះ ដើម្បីផ្ញើទៅអ្នករាជធានីដែលខ្វះខាត ក៏ប៉ុន្តែជាលទ្ធផលជាក់ស្ដែង ស្បៀងទាំងនោះប្រមូលបានដល់ទៅប្រមាណ៣តោន។ បន្លែផ្លែឈើដែលមានជាង២០មុខនោះ ត្រូវបានអ្នកភូមិនាំយកទៅចូលរួមជាបន្តបន្ទាប់ តាំងពីព្រឹក រហូតដល់ល្ងាច។ ហើយបន្លែផ្លែឈើដែលត្រូវបានវេចខ្ចប់ រួចជាស្រេចនោះ ត្រូវបានរៀបចំដាក់លើឡានរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ទាំងមេឃកំពុងធ្លាក់ភ្លៀងនាម៉ោងប្រមាណ៥ល្ងាច ដោយមានការបាញ់ថ្នាំសម្លាប់មេរោគផងដែរ។


 
ដោយក្ដីរីករាយសប្បាយចិត្ត ស្របពេលអ្នកភូមិជាច្រើនរូប ដែលខកខានពុំបានរួមចំណែកកាលពីលើកទី១ បានស្នើសុំឱ្យមានកម្មវិធីផ្ដល់ស្បៀងជាលើកទី២ អ្នកស្រី សេន ឡា ថាប្រសិនបើរាជធានីភ្នំពេញ នៅតែមានសភាពតានតឹង នោះគាត់នឹងអ្នកភូមិ មានបំណងផ្ដល់ស្បៀងបែបនេះម្ដងទៀត។ ទោះជាយ៉ាងណា ការណ៍នេះអាចប្រព្រឹត្តទៅបាន លុះត្រាណាមានការគាំទ្រពីអាជ្ញាធរមានសមត្ថកិច្ច។
 
«មានអ្នកភូមិច្រើនណាស់ ដែលគាត់ខឹង គាត់ថាអត់ប្រាប់គាត់ផងទេ។ ឥឡូវពួកខ្ញុំគិតគ្នាថា ប្រហែល១០ថ្ងៃទៀត ប្រសិនបើភ្នំពេញនៅតែមិនធូរស្រាល ពួកយើងចង់ផ្ញើទៅម្ដងទៀត។ ប្រសិនបើអាចផ្ញើទៅលើកទី២បានមែន ខ្ញុំអត់ទាន់ដឹងថានឹងបានចំនួនប៉ុន្មានទេ យើងអត់ទាន់ហ៊ាននិយាយមុន ព្រោះលើកមុនយើងគិតថាបានតែ១តោន តែជាក់ស្តែងបានដល់ទៅ៣តោន។ ពួកយើងនៅតែសង្ឃឹមថា អាជ្ញាធរ គាត់គាំទ្រពួកយើងបន្តទៀត»។ នេះគឺជាការបញ្ជាក់ពីអ្នកស្រី សេន ឡា៕










 

Tag:
 កណ្ដាល
  បន្លែ
  កសិករ
 
© រក្សាសិទ្ធិដោយ thmeythmey.com