កីឡាអន្តរជាតិ
អន្តរជាតិ
គ្រួសារ Glazer ចង់លក់ក្លិប Man Utd តម្លៃ៥ពាន់លានដុល្លារ ចំពេលអ្នកគាំទ្រតវ៉ាខ្លាំង
26, Apr 2021 , 3:03 pm        
រូបភាព
គ្រួសារ Glazer ម្ចាស់ក្លិប Manchester United ចង់បានទឹកប្រាក់ ៤ ពាន់លានផោន (៥,៥៦ពាន់លានដុល្លារអាមេរិក) ដើម្បីចាកចេញពី Old Trafford។ នេះជាតម្លៃដែលមហាសេដ្ឋីសញ្ជាតិអាមេរិកចង់បានពីការលក់ក្លិបយក្សអង់គ្លេស ស្របពេលមានការតវ៉ាទ្រង់ទ្រាយធំពីសំណាក់អ្នកគាំទ្រ ជុំវិញគម្រោង European Super League។

គ្រួសារមហាសេដ្ឋីអាមេរិកមួយនេះ បានទិញយកភាគហ៊ុនធំរបស់ក្លិប Man Utd មកកាន់កាប់កាលពីឆ្នាំ ២០០៥ ក្នុងតម្លៃ ៧៩០ លានផោន (១,០៩៨ ពាន់លានដុល្លារ)។ រយៈពេល១៦ឆ្នាំមកនេះ ត្រកូល Glazer មិនដែលបង្ហាញបំណងលក់ក្លិបនេះឡើយ ផ្ទុយទៅវិញពួកគេតែងតែចង់រក្សាទុកក្លិបដែលរកបានយកភាគលាភប្រចាំឆ្នាំរាប់រយលាន ខណៈបំណុលកាន់តែខ្ពស់។
យ៉ាងណាក៏ដោយ ស្របពេលក្លិបកំពុងរងវិបត្តិហិរញ្ញវត្ថុដែលបង្កដោយជំងឺកូវីដ-១៩ Man Utd បានប្រកាសគាំទ្រ និងចូលរួមគម្រោងបង្កើតពានរង្វាន់ថ្មី Super League ដែលក្លិប និងក្រុមគ្រួសារ Glazer ជឿងជាក់ថានឹងទទួលបានប្រាក់ក្នុងចំនួនច្រើនពីព្រឹត្តិការណ៍នេះ។ ប៉ុន្តែការចូលរួមនេះ មិនបានសម្រេចឡើយ ដ្បិតស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ធំៗថ្កោលទោស ហើយអ្នកគាំទ្រផ្ទាល់របស់គេ ចេញតវ៉ាយ៉ាងខ្លាំងក្លាជុំវិញការចូលរួមនេះ។
 
អ្នកគាំទ្រតវ៉ាចង់ឱ្យគ្រួសារ Glazer ចាកចេញពីតំណែងម្ចាស់ភាគហ៊ុនរបស់ក្លិបបិសាចក្រហមថែមទៀត ដោយរិះគន់ថាក្លិបមានចំណូលច្រើនតែមិនអភិវឌ្ឍក្រុមទេ តែមានជាយកលុយទៅដោះបំណុលក្រៅពីបាល់ទាត់ទៅវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ឆ្លើយតបនឹងការតវ៉ានេះ អ្នកជំនួញអាមេរិកខាងលើបានដាក់តម្លៃ ៥,៥៦ពាន់លានដុល្លារអាមេរិក ដើម្បីលក់ហ៊ុនធំរបស់ក្លិប Man Utd នៅពេលនេះតែម្តង។ ត្រកូល Glazer ជឿជាក់ថា តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺសមហេតុផលហើយ ដោយសារនេះជាក្លិបមានឈ្មោះល្បីល្បាញ និងអាចទាក់ទាញពាណិជ្ជកម្ម និងក្រុមហ៊ុនឧបត្ថម្ភធំៗជុំវិញពិភពលោកចុះកិច្ចសន្យា។
 
ជុំវិញការតវ៉ារបស់អ្នកគាំទ្រនេះផងដែរ លោក Ed Woodward បានប្រកាសថានឹងចាកចេញពីតំណែងអនុប្រធានក្លិប Man Utd នៅចុងឆ្នាំ ២០២១នេះ ខណៈលោកក៏ជាមនុស្សម្នាក់ដែលទាញបិសាចក្រហមឱ្យចូលរួមគម្រោង Super League ផងដែរ។ ក្រុមអ្នកគាទ្រ Man Utd បានចោទប្រកាន់លោក Woodward បានលួចប្រាក់ពីក្លិបជាង១ពាន់លានដុល្លាររួចហើយអំឡុងពេលស្នាក់នៅ Old Trafford ប៉ុន្មានឆ្នាំមកនេះ៕
 

Tag:
 European Super League
  Manchester United
  Glazer
© រក្សាសិទ្ធិដោយ thmeythmey.com