ជាតិ
សង្គមជាតិ
ខេត្តបន្ទាយមានជ័យអនុវត្តបម្រាមគោចរ២សប្តាហ៍
26, Apr 2021 , 3:43 pm        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចអនុវត្តបម្រាមគោចររយៈពេល២សប្តាហ៍ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ គោលបំណងនៃការអនុវត្តវិធានការនេះ គឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

 
ក្នុងសេចក្តីសម្រេចដែលត្រូវបានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចុះហត្ថលេខានៅថ្ងៃទី២៦ ខែមេសាបានបញ្ជាក់ថា ពលរដ្ឋទំាងឡាយមិនអាចធ្វើចរាចរណ៍ចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ភ្លឺឡើយ។
 
ប៉ុន្តែសកម្មភាពមួយចំនួនត្រូវបានលើកលែង ដោយសកម្មភាពនោះមានដូចជា ការដឹកជញ្ជូនទំនិញទៅវិញទៅមកពីប្រទេសខ្មែរ ទៅថៃ។ ពលរដ្ឋដែលមានបញ្ហាសុខភាព និងមូលហេតុចាំចាច់ក្នុងគ្រួសារ។ 
ដោយឡែកក្រុមគ្រូពេទ្យរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ និងការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ការដ្ឋានសំណង់ និងរថយន្តដឹកសំរាម រួមទាំងការធ្វើដំណើរផ្សេងៗដែលមានការអនុញ្ញាតពីអាជ្ញាធរ ក៏ត្រូវបានអនុគ្រោះដែរ។ នេះបើតាមអភិបាលខេត្តបន្ទាយមានជ័យ។
 
លោក អ៊ុំ រាត្រី បានបញ្ជាក់ដូច្នេះថា ករណីពលរដ្ឋណាមិនគោរពតាមបម្រាមគោចរទេ នឹងទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ 
 
បច្ចុប្បន្នរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប កំពុងអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ 
 

Tag:
 បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com