ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅប្រទេសធំៗ ដែលមានលទ្ធភាពខ្ពស់ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះ កុំប្រមូលទិញស្តុកទុក ដែលនាំឱ្យប៉ះពាល់ដល់ប្រទេសអភិវឌ្ឍ ដែលកំពុងរងគ្រោះដោយសារជំងឺនេះ។ សម្ដេច ថ្លែងបែបនេះ តាមប្រព័ន្ធវីដេអូ ទៅកាន់សន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅថ្ងៃទី២៦ ខែមេសានេះ។
ផ្ដើមនិយាយពីរឿងសេដ្ឋកិច្ចសកលឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារជំងឺកូវីដ១៩ ដែលបន្តរំខានដល់ជីវភាព និងជីវិតពលរដ្ឋ។
ទន្ទឹមនេះគម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកលផងដែរ ពោលគឺមានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរងផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច។ នេះបើតាមសម្ដេច ហ៊ុន សែន។
ដោយសារមើលឃើញបញ្ហានេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅប្រទេសធំៗ ដែលមានលទ្ធភាពខ្ពស់ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះ កុំប្រមូលទិញស្តុកទុក ដែលនាំឱ្យប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍ ដែលប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺនេះ ក្នុងទិសដៅស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាពិសេសមិនត្រូវប្រើប្រាស់វ៉ាក់សាំង ជាឧបករណ៍នយោបាយឡើយ។
តាមរយៈសុន្ទរកថា តាមប្រព័ន្ធវីដេអូជាង៦នាទី ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងនៅចំពោះមុខលោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន ESCAP និងមេដឹកនាំដទៃទៀត ដូច្នេះ៖«កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងថ្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយ »។
បើតាមសម្ដេច ហ៊ុន សែន ក្នុងបរិបទនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់ប្រទេសទាំងអស់។ សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយវិបត្តិនេះ វាទាមទារឱ្យប្រទេសទាំងអស់ ឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព កិច្ចសហការ និងគោរពគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ផ្តល់ទស្សនទាន ឱ្យមេដឹកនាំទាំងអស់បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីធានាថាផលប្រយោជន៍ ។
សម្ដេច ក៏ជំរុញឌីជីថលូបនីយកម្មដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ សម្រាប់កំណើនសេដ្ឋកិច្ចថ្មី និងការប្រកួតប្រជែង ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ការកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត និងការអភិវឌ្ឍធនធានមនុស្ស។ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្ម ក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជាបច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និង ការបម្រើដល់ឧស្សាហកម្មធំៗ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
សន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ សន្និបាតនេះ នឹងវិភាគពីផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយ COVID-19 ដើម្បីចាត់វិធានការសកម្មភាព និងដាក់ចេញគោលនយោបាយស្ដារឡើងវិញ ដូចជា៖ ពង្រីកកិច្ចគាំពារសង្គម, ការវិនិយោគសម្រាប់ការងើបឡើងវិញប្រកបដោយចីរភាព, ពង្រឹងការផ្សាភ្ជាប់ និងចង្វាក់ផ្គត់ផ្គង់ រួមទាំងជួសជុលទំនាក់ទំនងបែកបាក់ជាមួយធម្មជាតិ៕