ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំរំលងអត្ថបទនេះ! ឈឺបំពង់ក? ខ្ពុរមាត់ជាមួយអ្វីខ្លះឆាប់បាត់ឈឺ?
27, Apr 2021 , 6:59 am        
រូបភាព
គ្មានអ្វីគួរអោយរំខាន និងផ្ដល់អារម្មណ៍មិនស្រួលដូចអាការៈឈឺបំពង់កឡើយ។ ប៉ុន្តែកុំបារម្ភ! យើងអាចព្យាបាលអាការៈឈឺបំពង់កបានយ៉ាងឆាប់រហ័ស ដោយមិនបាច់ទាំងប្រើប្រាស់ថ្នាំពេទ្យ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលអាការៈឈឺបំពង់កប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖

 
១. ខ្ពុរមាត់ជាមួយទឹកអំបិល
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង រួចកូរអោយសព្វជាមុនសិន សឹមខ្ពុរមាត់របស់អ្នកជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ អ្នកអាចអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ប្រសិនបើបំពង់កនៅឈឺ។
 
២. ខ្ពុរមាត់ជាមួយទឹកខ្មេះផ្លែប៉ោម
 
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោម កន្លះពែង ជាមួយអំបិល ១ ស្លាបព្រាកាហ្វេ។ កូររហូតដល់អំបិលរលាយ សឹមបន្ថែមទឹកក្ដៅឧណ្ហៗ ១ ពែងចូល។ កូរអោយសព្វម្ដងទៀត សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះរៀងរាល់ ១៥ នាទី ម្ដង។
 
៣. ខ្ញី
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមខ្ញីស្រស់ដែលហាន់រួចជាចំណិតតូចៗឆុងក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេល ១០នាទី។ បន្ទាប់ពីចុះត្រជាក់ត្រឹមក្ដៅឧណ្ហៗ សឹមខ្ពុរមាត់ជាមួយទឹកខ្ញីស្រស់ដែលបានឆុងរួចនេះ។ ដើម្បីឆាប់ជាសះស្បើយអ្នកអាចទទួលទានតែខ្ញីលាយជាមួយទឹកឃ្មុំបន្ថែមឱជារស។
 
៤. រមៀត
 
លាយម្សៅរមៀតម៉ដ្ឋ ១ភាគ២នៃស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយ។ កុំភ្លេចលាងសម្អាតក្នុងមាត់ភ្លាមៗតាមក្រោយជាមួយទឹកធម្មតាដើម្បីបង្ការស្នាមប្រឡាក់ជាប់ធ្មេញ។
 
៥. ខ្ទឹមស
 
ចិញ្ច្រាំខ្ទឹមស ១កំពឹសឱ្យម៉ដ្ឋ រួចឆុងក្នុងទឹកក្ដៅ ១ពែង។ រងចាំរហូតដល់ចុះក្ដៅឧណ្ហៗ សឹមត្រងយកតែទឹកមកខ្ពុរមាត់ជាការស្រេច។
 
៦. ជីអង្កាម
 
មិនត្រឹមតែជួយបំបាត់អាការៈឈឺបំពង់កប៉ុណ្ណោះទេ ប៉ុន្តែការខ្ពុរមាត់ជាមួយតែជីអង្កាមក៏ជួយកម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អផងដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com