អន្តរជាតិ
អ៊ីស្រាអែល កំពុងពិនិត្យមើលករណីរលាកសាច់ដុំបេះដូងលើអ្នកបានចាក់វ៉ាក់សាំង Pfizer រួច
26, Apr 2021 , 8:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្រសួងសុខាភិបាលអ៊ីស្រាអែល នៅថ្ងៃទី២៥ ខែមេសា បានអះអាងថា ខ្លួនកំពុង ពិនិត្យមើលករណី មួយចំនួននៃការរលាកសាច់ដុំបេះដូងដែលកើតល់អ្នកបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ ក្រុមហ៊ុន Pfizer ។ អ៊ីស្រាអែលនៅមិនទាន់ទទួលបានលទ្ធផលណាមួយដើម្បីសន្និដ្ឋានពីមូលហេតុ នៅឡើយទេ។


អ៊ីស្រាអែល នៅថ្ងៃទី២៥ ខែមេសា បានរាយការណ៍ពីករណីរលាកសាច់ដុំបេះដូងលើមនុស្ស១០នាក់ ដែលត្រូវបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer នៅដូសទី២។ មន្រ្តីសម្របសម្រួល ទទួលបន្ទុកលើជំងឺឆ្លងរបស់អ៊ីស្រាអែល លោក Nachman Ash លើកឡើងថា ករណីនេះ ជារឿង កម្រមានដែលកើតឡើងក្នុងចំណោមមនុស្សជាង ៥លាននាក់ដែលទទួលបានវ៉ាក់សាំងរួចរាល់។ 
 
«បច្ចុប្បន្ន ក្រសួងសុខាភិបាលអ៊ីស្រាអែលកំពុងពិនិត្យមើលថា តើមានអត្រាជំងឹរលាកសាច់ដុំបេះដូង បន្ថែមទៀតដែរឬទេ ហើយតើវាអាចត្រូវបានបង្កឡើងដោយវ៉ាក់សាំងដែរឬទេ?» លោក Ash ពន្យល់ បែបនេះ ខណៈសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល មិនទាន់អាចសន្និដ្ឋានអ្វីនៅឡើយទេ។ 
 
ទោះជាយ៉ាងណា លោក Ash លើកឡើងថា ការកំណត់ពីភាពទាក់ទងរវាងការរលាកសាច់ដុំបេះដូង ជាមួយនិងវ៉ាក់សាំង ជារឿងលំបាកមួយ។ រលាកសាច់ដុំបេះដូង ជាជំងឺមួយដែលជារឿយៗ ជា សះស្បើយទៅដោយគ្មានផលវិបាក ហើយអាចបណ្តាលមកពីវីរុសជាច្រើនប្រភេទ។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន Reuters។
 
នាយកសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Ben Gurion នៅអ៊ីស្រាអែល លោក Nadav Davidovitch ពន្យល់ថា បើទោះបីជាមានការជាប់ទាក់ទងគ្នា រវាងករណីជំងឺរលាកសាច់ដុំបេះដូង និងវ៉ាក់សាំង ត្រូវបានរកឃើញក៏ដោយ ក៏វាមិនមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីបញ្ឈប់ការប្រើប្រាស់ វ៉ាក់សាំង Pfizer នេះដែរ។
 
ជាមួយគ្នានេះ ក្រុមហ៊ុនវ៉ាក់សាំង Pfizer បានអះអាងថា ខ្លួនកំពុងទាក់ទងជាទៀងទាត់ជាមួយក្រសួង សុខាភិបាលអ៊ីស្រាអែល ដើម្បីពិនិត្យមើលជាថ្មីលើវ៉ាក់សាំងរបស់ខ្លួន។ ក្រុមហ៊ុននេះបន្តថា នៅពេល នេះមិនមានភស្តុតាងណាមួយដើម្បីសន្និដ្ឋានថា ជំងឺរលាកសាច់ដុំបេះដូង ជាហានិភ័យដែលពាក់ព័ន្ធ ជាមួយនឹងការប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ Pfizer នោះទេ។
 
សូមបញ្ជាក់ថា អ៊ីស្រាអែល ជាប្រទេសនាំមុខគេក្នុងពិភពលោកចំពោះការចាក់វ៉ាក់សាំងឱ្យប្រជាជន របស់ខ្លួន ពោលគឺបានជិត៦០ភាគរយនៃប្រជាជនសរុបចំនួន៩,៣លាននាក់ ដោយប្រើវ៉ាក់សាំងរបស់ Pfizer។ កន្លងមក ទិន្នន័យជារួមនៅទូទាំងអ៊ីស្រាអែលបានបង្ហាញថា វ៉ាក់សាំង Pfizer មាន ប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឹកូវីដ-១៩ ៕ 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com