ជាតិ
សុខភាព
ពលរដ្ឋជិត១,៣លាននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះអ្នកចាក់លើកទី២ មានជាង៥២ម៉ឺននាក់
26, Apr 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋ និងកងកម្លាំងយោធាកម្ពុជា ចំនួន១,២៩៥,៦៦០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (COVID-19) ដូសទី១រួចរាល់ ខណៈអ្នកដែល បានចាក់វ៉ាក់សាំងលើកទី២រួចនោះ មានចំនួន ៥២៦ ៧៥០នាក់។ នេះបើយោងតាមរបាយការណ៍ផ្សេងៗពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលគិតត្រឹមថ្ងៃទី២៥មេសា ឆ្នាំ២០២១។

 
របាយការណ៍ដដែល បានឱ្យដឹងថា  ក្នុងចំណោមមនុស្សជាង ១,២៩លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី១នោះ មានក្រុមពលរដ្ឋអាទិភាពចំនួន ១,០០១,១១៧ នាក់និង២៩៤,៥៤៣នាក់ទៀត ជាកងកម្លាំងទ័ព។  តួលេខនេះ ក៏បញ្ចូលទាំងជនបរទេស ដែលជាអ្នកការទូត បុគ្គលិកអង្គការអន្តរជាតិ និងកីឡាករបរទេសដែលប្រកបអាជីពនៅកម្ពុជា ផងដែរ។ 


 
កាលពីថ្ងៃទី ១៩មេសា  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)  បានប្រកាសប្រាប់ជូនសាធារណជន ក្នុងការបន្តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នូវដូសទី២ ជូនដល់បុគ្គលដែលត្រូវដល់វេនចាក់ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ក្នុងនោះចំពោះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)និងស៊ីណូហ្វាម(Sinopharm) ដូសទី២ នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០មេសា ដល់ថ្ងៃទី ៣ឧសភា ឆ្នាំ ២០២១។
 
ក្រោយមក ក្រសួងការពារជាតិ ក៏បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវដូសទី២ ជូនគ្រួសារកងទ័ពនៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដោយតម្រូវឱ្យគ្រួសារកងទ័ព ដែលដល់វេនការចាក់វ៉ាក់សាំងនៅភ្នំពេញ និងក្រុងតាខ្មៅ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលសាម៉ីខ្លួនកំពុងស្ថិតនៅ ដោយមិនអនុញ្ញាតឱ្យឆ្លងខណ្ឌពីមួយទៅមួយនោះឡើយ។ 


 
សូមជម្រាបថា វ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូស ដែលជាជំនួយបន្ថែមរបស់ចិន  នឹងមកដល់កម្ពុជា នាចុងខែមេសានេះ។ បើតាមប្រសាសន៍សម្តេចហ៊ុន សែន វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងដឹកមកដល់ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ខែឧសភា នឹងមកដល់កម្ពុជាចំនួន១,៥ លានដូស ខែមិថុនា នឹងមកដល់ចំនួន ៣លានដូស ក្នុងខែកក្កដា នឹងមកដល់ចំនួន ២លានដូស និងខែសីហា មកដល់ចំនួន ១ លានដូសទៀត។
 
គិតមកដល់ពេលនេះ កម្ពុជាមាន៩៩៧៥នាក់ ក្នុងនោះ៩៤២៦នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន៣៤០០នាក់ ខណៈចំនួនអ្នកស្លាប់ឡើងដល់៧៤នាក់៕
 
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com