ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ មានរហូតដល់ ១៩៨១ពាន់លានដុល្លារ ដែលកើនឡើង២,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) នៅថ្ងៃទី២៦ ខែមេសា។ ការចំណាយនេះ ធ្វើឡើងស្របពេលពិភពលោក កំពុងស្ថិតក្នុងការរីកសាយជំងឺកូវីដ-១៩ តែម្ដង។
ទោះរងការប៉ះពាល់ពីកូវីដ-១៩ ក្តី ការចំណាយថវិការបស់ពិភពលោកលើវិស័យយោធាសរុប បានកើនឡើងចំនួន២,៦ភាគរយនៅឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ ឬស្មើនឹង ១៩៨១ពាន់លានដុល្លារ។ ប្រទេសដែលចំណាយថវិកាលើយោធាច្រើនទាំង៥ មានអាមេរិក, ចិន, ឥណ្ឌា, រុស្ស៊ី និងអង់គ្លេស។ ប្រទេសទាំង៥ នេះ បានចាយវាយលើវិស័យយោធាចំនួន ៦២ភាគរយ នៃថវិកាជិតពីរទ្រីលានដុល្លារនេះ។
អាមេរិក នៅតែជាប្រទេសចំណាយខ្ពស់ជាងគេលើយោធាក្នុងឆ្នាំ២០២០។ តាមការប៉ាន់ប្រមាណ ថវិកាយោធាអាមេរិកអាចកើនដល់ ៧៧៨ពាន់លានដុល្លារ ដែលកើនចំនួន ៤,៤ភាគរយពីឆ្នាំ២០១៩ និងស្មើ៣៩ភាគរយ នៃការចំណាយសរុបរបស់ពិភពលោក។ ការចំណាយរបស់អាមេរិក ផ្តោតលើការស្រាវជ្រាវ ការអភិវឌ្ឍយោធា និងគម្រោងមានរយៈពេលវែងដូចជា ការធ្វើទំនើបកម្មឃ្លាំងស្តុកនុយក្លេអ៊ែរ និងការផ្គត់ផ្គង់អាវុធជាដើម។
«នេះបង្ហាញពីក្តីបារម្ភចំពោះការគំរាមកំហែងពីដៃគូប្រគូប្រជែងជាយុទ្ធសាស្រ្តដូចជា ចិន និងរុស្ស៊ី»។ លោកស្រី Alexandra Marksteiner អ្នកស្រាវជ្រាវម្នាក់របស់កម្មវិធីការចំណាយលើយោធា និងអាវុធនៃវិទ្យាស្ថាន SIPRI បានលើកឡើងបែបនេះ ដោយសំដៅលើការបង្កើនថវិកាយោធារបស់អាមេរិក ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។
ប្រទេស ដែលចំណាយយោធាច្រើនលំដាប់ទីពីរនៅក្នុងឆ្នាំ២០២០ គឺចិន។ ចិន បានចំណាយថវិកាលើយោធាប្រមាណ២៥២ពាន់លានដុល្លារ ដែលកើនឡើងចំនួន ១,៩ភាគរយ ពីឆ្នាំ២០១៩ ឬកើនឡើងចំនួន ៧៦ភាគរយ ដោយគិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០។ ការបង្កើនថវិកាលើយោធារបស់ចិន បានធ្វើឡើងរយៈពេល ២៦ឆ្នាំជាប់ៗគ្នា។ បើតាមវិទ្យាស្ថានSIPRI ការកើនឡើងនៃការចំណាយលើវិស័យយោធារបស់ចិន ជាផ្នែកមួយនៃការធ្វើទំនើបកម្ម និងគម្រោងពង្រឹងវិស័យយោធារបស់ខ្លួន។
ចំណែកប្រទេសចំណាយថវិកាលើយោធានៅលំដាប់ទីបី គឺឥណ្ឌា ដែលមានចំនួន ៧២,៩ពាន់លានដុល្លារ ឯរុស្ស៊ី ឈរនៅលំដាប់ទី៤ មានចំនួន៦១,៧ពាន់លានដុល្លារ ដែលកើនឡើងចំនួន២,៥ភាគរយ។ រីឯអង់គ្លេសឈរនៅលំដាប់ទីប្រាំ បានចំណាយថវិកាលើយោធាចំនួន៥៩,២ ពាន់លានដុល្លារ ដោយកើនឡើងចំនួន ២,៩ ភាគរយពីឆ្នាំ២០១៩។
ក្នុងឆ្នាំដដែលនេះ ការចំណាយថវិកាលើយោធារបស់សមាជិកបក្សសម្ព័ន្ធណាតូ (NATO) ក៏មានការកើនឡើងផងដែរ។ ប្រទេសសមាជិកណាតូ ចំនួន១២ បានចំណាយថវិកា២ភាគរយ ឬច្រើនជាងនេះ ធៀបនឹងផលិតផលក្នុងសរុបរបស់ខ្លួន។ ក្នុងនោះ បារាំង បានចំណាយថវិកាលើសពីពីរភាគរយ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ មក។
គួរបញ្ជាក់ថា នៅក្នុងតំបន់អាស៊ី ជប៉ុនឈរនៅលំដាប់ទីបីក្នុងតំបន់បន្ទាប់ពីចិន និងឥណ្ឌា បានចំណាយថវិកាចំនួន ៤៩,១ពាន់លានដុល្លារ និងកូរ៉េខាងត្បូងជាប្រទេសទី៤ បានចំណាយថវិកាលើយោធាចំនួន ៤៥,៧ពាន់លានដុល្លារ៕