ជាតិ
តើការកាប់ឈើយកឈើ និងការកាប់ឈើយកដី មួយណាគួរចាត់ទុកថាមហាបំផ្លាញព្រៃឈើ?
26, Apr 2021 , 10:29 pm        
រូបភាព
រូបភាពនេះ គឺជាការកាប់ព្រៃឈើរួចដុតចោល ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងអាចឃើញទិដ្ឋភាពបែបនេះ នៅតាមតំបន់ដែលមានគម្របព្រៃឈើនៅសេសសល់ នាភាគខាងជើងប្រទេសកម្ពុជា។
រូបភាពនេះ គឺជាការកាប់ព្រៃឈើរួចដុតចោល ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងអាចឃើញទិដ្ឋភាពបែបនេះ នៅតាមតំបន់ដែលមានគម្របព្រៃឈើនៅសេសសល់ នាភាគខាងជើងប្រទេសកម្ពុជា។
ដោយ៖ ឈុត ទូច 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ គម្របព្រៃឈើសរុប និងគម្របព្រៃស្ដុក ព្រមទាំងព្រៃលិចទឹកផងដែរ នៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់។ ទាំងនេះ ក៏ដោយសារការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិ ដែលជាទំនោរនៃការចង់មានដីចម្ការផ្ទាល់ខ្លួន ពីសំណាក់អ្នកមានធនធាន និងប្រជាជនក្នុងតំបន់។ ដីគម្របព្រៃឈើសរុប និងគម្របព្រៃស្ដុក ព្រមទាំងព្រៃលិចទឹករាប់ពាន់ហិកតា កំពុងក្លាយទៅជាដីចម្ការដំណាំផ្សេងៗ ដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូង ឬដីទុកចោលឱ្យនៅទំនេរ ក្រោយពីបានកាប់ឆ្កាព្រៃឈើ និងដុតចោលអស់ហើយ។


ប៉ុន្តែ ផ្នត់គំនិតក្នុងមជ្ឈដ្ឋានទូទៅក្នុងសង្គមខ្មែរ បើគេនិយាយអំពីការបាត់បង់ព្រៃឈើ ជាស្វ័យប្រវត្តិ គេនឹងដាក់ការស្តីបន្ទោសទៅលើការកាប់ «ឈើធំៗ» ដើម្បីយក «ឈើ» ដើម្បីប្រើប្រាស់ធ្វើគ្រឿងសង្ហារឹម តែបែជាមើលរំលង លើការកាប់ «ឈើ» ដើម្បីុរុករានទន្រ្ទានយកដីធ្វើជាកម្មសិិទ្ធិ ដែលជាកត្តាចម្បង នាំទៅដល់មហន្តរាយចំពោះគម្របព្រៃឈើ និងព្រៃលិចទឹកយ៉ាងធ្ងន់ធ្ងរទៅវិញ។ ចូរសាកល្បងពិចារណាមើល ថាតើរវាងការកាប់ «ឈើធំៗ» ដើម្បីយក «ឈើ» ទៅប្រើប្រាស់ធ្វើគ្រឿងសង្ហារឹម និងការកាប់ឈើយកដី តើមួយណាដែលនាំឱ្យវិនាសបាត់បង់ព្រៃឈើជាង?
 
ជាក់ស្តែង នៅក្នុងបរិវេណដីគម្របព្រៃឈើសរុប និងគម្របព្រៃស្ដុកទំហំដីមួយហិកតា ដើមឈើធំៗ ដែលគេអាចកាប់យកទៅប្រើប្រាស់ធ្វើគ្រឿងសង្ហារឹមបាន មានយ៉ាងច្រើន ៤-១០ដើមប៉ុណ្ណោះ។ ពេលគេកាប់ដើមឈើធំៗ នោះអស់ កូនឈើតូចៗ មានឱកាសដុះឡើងវិញ ក្លាយជាអ្នកបន្តវេន ហើយបរិវេណដីព្រៃនោះ នៅតែជាដីសាធារណៈរបស់រដ្ឋ។ ផ្ទុយទៅវិញ បើការកាប់ «ឈើ» ដើម្បីរុករានទន្ទ្រានយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួន គេនឹងគាស់រម្លើងឫស និងគល់ឈើទាំងអស់ រួចដុតចោល ដោយមិនខ្វល់ថា ជាប្រភេទឈើប្រណិត មានតម្លៃខ្ពស់ ឬគ្មានតម្លៃឡើយ។ ព្រៃឈើគ្រប់ប្រភេទ ដែលធ្លាប់ដុះនៅទីនោះរាប់រយឆ្នាំ នឹងដាច់ពូជត្រឹមនេះ គ្មានឱកាសបន្តវេនឡើយ ហើយបរិវេណ អតីតដីព្រៃនោះ នឹងក្លាយទៅជាដីកម្មសិទ្ធិឯកជនជារៀងរហូត។ 
 
សូមចូលរួមទាំងអស់គ្នា ដើម្បីថ្កោលទោស ចំពោះការកាប់ឈើដោយខុសច្បាប់ ជាពិសេស សកម្មភាពរុករាន ទន្ទ្រានយកដីព្រៃជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលកំពុងបំផ្លិចបំផ្លាញគម្របព្រៃឈើ និងព្រៃលិចទឹកដែលនៅសេសសល់យ៉ាងធ្ងន់ធ្ងរ។ សូមជួយថែរក្សា និងអភិរក្សគម្របព្រៃឈើ និងព្រៃលិចទឹកដែលនៅសេសសល់ សម្រាប់ទុកឱ្យកូនចៅយើងជំនាន់ក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com