ជាតិ
គ្រប់ទីតាំងទេសចរណ៍ ត្រូវកត់ត្រាអាសយដ្ឋាន លេខទូរសព្ទ និងស្កេនQR Code របស់ភ្ញៀវ
27, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឱ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ ត្រូវកត់ត្រាទិន្នន័យរបស់ភ្ញៀវទេសចរទាំងអស់ រួមមានអាសយដ្ឋាន លេខទូរសព្ទ និងតម្រូវឱ្យភ្ញៀវស្កេន QR Code «ទប់ស្កាត់កូវីដ ឬ Stop Covid»។ ការណែនាំរបស់ក្រសួងទេសចរណ៍ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតបើកតំបន់ទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ។ រដ្ឋាភិបាល បានសម្រេចចិត្ត តំបន់ទេសចរណ៍ទូទាំងប្រទេស ប្រមាណជិត២០ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។



ក្រៅពីកត់ត្រាព័ត៌មានរបស់អ្នកទេសចរ ប៉ុន្តែក្រសួងទេសចរណ៍ ក៏ណែនាំឱ្យគោលដៅទេសចរណ៍ទាំងអស់ ត្រូវកំណត់ចំនួនភ្ញៀវទេសចរ មិនឲ្យលើសចំណុះ គ្មានស្តង់ដារគម្លាតសុវត្ថិភាព អនុវត្តន៍វិធានការការពារឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ។
 
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានThmeythmey25 ដូច្នេះថា៖«ការដើរលេងជាលក្ខណៈក្រុមធំៗ គឺមិនទាន់មានការអនុញ្ញាតទេ ហើយបងប្អូនអាចធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានទាំងអស់ ដោយអនុត្តន៍តាមវិធានការ ៣កុំ ៣ការពារ ទាំងម្ចាស់រមណីយដ្ឋាន និងភ្ញៀវទេសចរ»។
 
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានពង្រឹងគុណភាពផលិផលទេសចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ។ ចំពោះគោលដៅទេសចរណ៍ដែរមិនអនុវត្តតាមការណែនាំ ក្រសួងនឹងមិនអនុញ្ញាតឲ្យបើកដំណើរការឡើយ រួមទាំងប្រឈមនឹងវិធានច្បាប់ជាធរមាន៕
 
 
 

Tag:
 Thmeythmey
  ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com