មនុស្ស៥០៨នាក់បន្ថែមទៀត វិជ្ជមានកូវីដ-១៩នៅកម្ពុជា ក្នុងនោះនៅភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកខេត្តកណ្តាល និងបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ដែរថា មានមនុស្ស ១២៧នាក់បានជាសះស្បើយ។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៥០៨នាក់សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយក្នុងនោះមាននៅរាជធានីភ្នំពេញ ២៤៨នាក់ ក្នុនោះ ២នាក់បានទទួលមរណភាព ខណៈអ្នកជំងឺ ២៤៦នាក់ទៀត ក្រសួងនឹងជូនដំណឹងពីកន្លែងសម្រាកព្យាបាលនៅពេលក្រោយ។ ១៣៥នាក់ ត្រូវបានរកឃើញវិជ្ជមាននៅខេត្តកណ្តាល ហើយអ្នកជំងឺទាំងអស់ត្រូវបានដាក់ឱ្យសម្រាកនៅមណ្ឌលព្យាបាលស្រុកអង្គស្នួល។ ៧៣នាក់ ត្រូវបានរកឃើញនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះជនជាតិខ្មែរ ២៥នាក់, ចិន ១នាក់ និងជនជាតិឥណ្ឌូណេស៊ី ៤៧នាក់។ អ្នកជំងឺទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមណ្ឌលព្យាបាលខេត្តបន្ទាយមានជ័យ។ ចំណែកខេត្តព្រះសីហនុវិញ ក៏បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៧ករណីទៀតដែរ ដោយមានជនជាតិខ្មែរ ៣៨នាក់ ,ចិន៨នាក់ និងជនជាតិថៃ ១នាក់។ ក្នុងចំណោមអ្នកជំងឺ៤៧នាក់នេះ មានអ្នកជំងឺម្នាក់បានបាត់បង់ជីវិត។
ខេត្តព្រៃវែង មានអ្នកវិជ្ជមានថ្មី ២នាក់ដែរ ជាអ្នកដែលមានអាសយដ្ឋាននៅឃុំរការ ស្រុកពារាំង។ ខេត្តតាកែវ ក៏មានវិជ្ជមាន២នាក់ដែរ ក្នុងនោះមានកុមារីអាយុជាង២ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំពត់សរ ស្រុកបាទី ខណៈម្នាក់ទៀតជាបុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅឃុំក្រាំងធ្នង់ ស្រុកបាទី។ រីឯខេត្តកំពង់ស្ពឺ មាន១ករណី លើបុរសអាយុ១៧ឆ្នាំ មានអាសយដ្ឋាននៅឃុំត្រពាំងគង ស្រុកសំរោងទង។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ដែរថា មានអ្នកជំងឺចំនួន ១២៧នាក់ បានជាសះស្បើយ ក្នុងនោះ ១នាក់ ជាករណីនាំចូល។ អ្នកសះស្បើយមួយរូបនេះ ជាកុមារីអាយុ៩ឆ្នាំ មានអាសយដ្ឋាននៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែក អ្នកសះស្បើយ១២៦នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ក្នុងនោះ១នៅខេត្តព្រៃវែង, ១នាក់នៅខេត្តព្រះវិហារ, ២៥នាក់នៅស្វាយរៀង, ៤៦នាក់ នៅខេត្តកណ្តាល និង ៥៣នាក់នៅរាជធានីភ្នំពេញ។ គួរកត់សម្គាល់ថា អ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តក្រចេះ និងខេត្តព្រះវិហារ បានជាសះស្បើយអស់ហើយ។
កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១០៦៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១០៥១៣ នាក់។ អ្នកសះស្បើយសរុបមាន៣ ៧០៤នាក់ ក្នុងនោះអ្នកស្លាប់សរុបឡើងដល់៨២នាក់។ បច្ចុប្បន្ន កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន ៧២៧០នាក់ ក្នុងនោះ អ្នកជំងឺ ៣២៥៤នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល, អ្នកជំងឺ១៤នាក់ សម្រាកព្យាបាលនៅផ្ទះ។ អ្នកជំងឺផ្សេងទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនានា៕