ជាតិ
សង្គមជាតិ
បន្ទាយមានជ័យ៖ មនុស្សជាង១ពាន់នាក់ហើយត្រូវបានយកសំណាកតេស្តរកកូវីដ-១៩
27, Apr 2021 , 2:37 pm        
រូបភាព
ក្រុមគ្រូពេទ្យ កំពុងប្រមូលវត្ថុសំណាកពីពលរដ្ឋ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២៦មេសា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបភាព៖ ហ្វេសប៊ុកលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
ក្រុមគ្រូពេទ្យ កំពុងប្រមូលវត្ថុសំណាកពីពលរដ្ឋ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២៦មេសា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបភាព៖ ហ្វេសប៊ុកលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកសំណាកវិភាគរកជំងឺកូវីដ-១៩ លើមនុស្សចំនួន១ ១៨៣នាក់ហើយ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ដែលរកឃើញនៅក្នុងខេត្តនេះជិត១០០នាក់នោះ។  ក្រោយមានការឆ្លងរាលដាល រដ្ឋបាលខេត្ត បានសម្រេចអនុវត្តវិធានរដ្ឋបាលរយៈពេល ២សប្តាហ៍ ព្រមទាំងបិទខ្ទប់ការធ្វើដំណើរចេញចូលក្រុងប៉ោយប៉ែត និងផ្លូវនានាជាប់ព្រំដែនប្រទេសថៃផងដែរ។ អាជីវកម្មកាស៊ីណូទាំងអស់ដែលមានអនុស្សារណៈយោគយល់នៅក្នុងខេត្តនេះ ក៏ត្រូវបានផ្អាកផងដែរ។


មនុស្សចំនួន ១ ១៨៣នាក់ហើយ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ចំនួន ជិត៩៨នាក់ នៅខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទីត្រឹមថ្ងៃទី២៣ ដល់ទី២៦ ខែមេសា។ នេះបើតាមលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួន។  ប្រធានមន្ទីរសុខាភិបាលរូបនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋដែលមានការសង្ស័យ ឬទទួលពត៌មាន បានប៉ះពាល់ផ្ទាល់ជាអ្នកវិជ្ជមាន កូវីដ-១៩ ត្រូវទៅយកវត្ថុសំណាក និង ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងអនុវត្តវិធានការសុខាភិបាល។
 
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺជំងឺកូវីដ-១៩ ចំនយន ៩៨នាក់ហើយ ក្នុងនោះភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។ ក្រោយផ្ទុះការឆ្លងរាលដាលនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចអនុវត្តបម្រាមគោចរ ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ឧសភា ឆ្នាំ២០២១ ដើម្បី ទប់ស្កាត់ជំងឺកូវីដ-១៩។  ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត ក៏បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលនៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងផ្លូវនានាដែលមានព្រំដែនជាមួយព្រំដែនប្រទេសថៃ។ 
 
នៅថ្ងៃទី២៧ មេសានេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានសម្រេចបន្ទាប់ផ្អាកបណ្តោះអាសន្ន រាល់អាជីវកម្មកាស៊ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងខេត្តបន្ទាយមានជ័យផងដែរ។ 
 
គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១០ ៥៥៥ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍មានចំនួន ១០០០៥នាក់។ អ្នកសះស្បើយមានចំនួន ៣ ៥៧៧នាក់ ខណៈអ្នកស្លាប់បានកើនដល់ ៧៩នាក់។ អ្នកជំងឺសរុបនៅសល់ ៦៨៩២នាក់ ក្នុងនោះ១៤នាក់សម្រាកព្យាបាលនៅផ្ទះ , ៣១៦៤នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល។ ក្រៅពីនេះ គឺអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលព្យាបាលនានា៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com