ជាតិ
ពិព័រណ៍សារមន្ទីជាតិ១០១ឆ្នាំ៖ នាងលក្ស្មី និងហយគ្រីវ
× ភ្នំពេញ៖ ដោយសហការជាមួយសាលាបារាំងចុងបូព៌ា, សារមន្ទីជាតិដែលស្ថិតនៅក្រោមចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតពិព័រណ៍តាមអនឡាញជាលើកទី១របស់ខ្លួនកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ នៅក្នុងអំឡុងពេលពិព័រណ៍នេះ សារមន្ទីជាតិផ្សព្វផ្សាយប្រវត្តិរូបចម្លាក់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនជូនអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ ដោយទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញខាងលើ និងដោយមានគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) សូមបង្ហាញជូននូវប្រវត្តិរូបចម្លាក់មួយចំនួនដូចតទៅ។ បញ្ជាក់៖ រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិកម្ពុជា។
រូបទាំងពីរនេះលោក ហ្ស៊ក ហ្គោស៍លីយ៉េរ៍ ដឹកមកពីប្រាសាទនាងខ្មៅយកមករក្សាទុកនៅសារមន្ទីរជាតិក្នុងឆ្នាំ១៩២៣ ដោយពុំមានព្រះសិរ។ ប្រាង្គប្រាសាទទាំងពីរ សាងឡើងអំពីឥដ្ឋក្នុងសតវត្សទី១០ ដែលស្ថិតនៅក្នុងបរិវេណវត្តបុរាណនិវេសន៍ ហៅ វត្តប្រាសាទនាងខ្មៅ ស្ថិតនៅចម្ងាយ៤គីឡូម៉ែត្រខាងលិចភ្នំជីសូរ។
មានរឿងព្រេងតំណាលថា ដើមឡើយមានក្សត្រីមួយព្រះអង្គមានរូបឆោមលោមពណ៌ល្អឆើតឆាយព្រះនាម នាងខ្មៅ ដែលមានរាជដំណាក់នៅក្បែរភ្នំជីសូរ។ ព្រះនាងទ្រង់សព្វព្រះទ័យនិងធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នឹងកំលោះជារាស្ត្រម្នាក់ដែល មានទេពកោសល្យចំណានខាងផ្លុំស្លឹក។ ជ្រាបដល់ព្រះបិតាព្រះនាងទ្រង់ធ្វើទណ្ឌកម្មដោយនិរទេសចេញពីវាំងឲ្យទៅរស់នៅ ក្នុងប្រាសាទមួយដែលសង់លើវាលទំនាប។ គ្រានោះព្រះនាងបានភ្លេចស្នេហាដំបូង ដ្បិតលង់ចិត្តស្រឡាញ់សង្ឃកំលោះមួយអង្គ ដែលក្រោយមកព្រះអង្គសឹកហើយរៀបការជាមួយព្រះនាង។ យោងតាមរឿងរ៉ាវខាងលើ ទើបប្រាសាទ នេះមានដាក់ឈ្មោះរបស់ ព្រះនាង។ មុនពេលដឹកយករូបព្រះនាងមករក្សាទុកនៅសារមន្ទីរ អ្នកស្រុកជឿថា រូបទេពស្រី ដែលតម្កល់នៅតួប៉មខាងត្បូងនេះ ជារូបតំណាងឲ្យព្រះនាងខ្មៅនោះ។
នៅឆ្នាំ១៩៩៥ ពេលកំពុងសាងសង់ព្រះវិហារថ្មីឡើងវិញនៅក្បែរប្រាសាទទីបីដែលបាត់រូបរាងទាំងស្រុងគេបានប្រទះ ឃើញចម្លាក់ក្បាលសេះអំពីថ្មភក់។ គណៈកម្មការអាចារ្យវត្តបានប្រគល់ចម្លាក់នេះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានប្រគល់បន្តជូនមកសារមន្ទីរជាតិក្នុងឆ្នាំ១៩៩៦។
អស់រយៈកាល៤ឆ្នាំក្រោយមក ទើបក្រុមការងារសារមន្ទីររកឃើញថា ក្បាលសេះនេះ ជាបំណែកនៃដងខ្លួនទេពប្រុស មួយ។ ប្រសិនបើគ្មានកេតនភណ្ឌនៅដៃទេ យើងពុំអាចដឹងបានថាប្រតិមាសេះនោះជាតំណាងអវតាណាមួយរបស់ ព្រះនារាយណ៍ឡយ តើជាទេពហយគ្រីវ ទេពរក្សាការខុសត្រូវលើគម្ពីរវេទ ឬទេពកល្អិនទេពស្រោចស្រង់លោកនាពេល អនាគតា ប៉ុន្តែបើយោងទៅលើសិលាចារឹកខ្មែរនៅតំបន់នោះភាគច្រើននិយាយរឿងទាក់ទងទេពហយគ្រីវ ច្រើនជាងកន ម្ល៉ោះហើយយើងជឿថាប្រតិមានេះជារូបតំណាងឲ្យទេពហយគ្រីវ។ ដោយឡែកខ្លឹមសារនៃសិលាចារឹកចារនៅលើមេទ្វារនៃ ប្រាសាទទាំងពីរ យើងអាចសន្និដ្ឋានថានៅតួប៉មកណ្តាលមានតម្កល់រូបតំណាងព្រះវិស្ណុត្រីវិក្រម ជាតួអង្គព្រះនារាយណ៍ទ្រង់ ជាម្ចាស់គ្រប់គ្រងស្ថានទាំងបី ស្ថានសួគ៌ ស្ថានកណ្តាល និងស្ថាននរក។ ប្រសិនបើតួប៉មកណ្តាលតម្កល់ព្រះវិស្ណុត្រីវិក្រម ព្រះនារាយណ៍ឈានបីជំហាននោះតួប៉មខាងត្បូងទំនងជាតម្កល់រូបហយគ្រីវ រីឯតួប៉មខាងជើងគឺតម្កល់រូបព្រះនាងលក្ស្មី។
នៅឆ្នាំ២០១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចម្លងរូបទាំងពីរពីសារមន្ទីរជាតិទៅតម្កល់នៅក្នុងប្រាសាទវិញ បន្ទាប់ពីការជួសជុលតួប៉មទាំងពីរនេះរួចរាល់៕
Tag:
វប្បធម៌ សារមន្ទីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com