អន្តរជាតិ
ជំនួយរបស់អង់គ្លេសទៅដល់ឥណ្ឌាហើយ ខណៈវ៉ាក់សាំងរុស្ស៊ី នឹងទៅដល់នៅថ្ងៃទី១ ឧសភា
27, Apr 2021 , 3:41 pm        
រូបភាព
រូបថត AFP
រូបថត AFP
ជំនួយសម្ភារវេជ្ជសាស្រ្ត និងអុកស៊ីសែនរបស់អង់គ្លេស បានទៅដល់ឥណ្ឌាហើយនៅថ្ងៃទី២៧ ខែ មេសា ដើម្បីជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ នេះជាជំនួយបរទេសដំបូងគេដែលទៅ ដល់ឥណ្ឌា ខណៈប្រទេសជាច្រើនទៀត កំពុងរៀបចំជំនួយរបស់ខ្លួនផងដែរ។ នៅថ្ងៃទី១ ខែឧសភា វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក៏នឹងទៅដល់ឥណ្ឌាដែរ។

 
ម៉ាស៊ីនជំនួយការដកដង្ហើម និងឧបករណ៍ផលិតអុកស៊ីសែនដែលជាជំនួយរបស់អង់គ្លេស ត្រូវបានផ្ទេរ ចេញពីយន្តហោះនៅព្រលានយន្តហោះទីក្រុងញូវដែលីនៅថ្ងៃទី២៧ ខែមេសា។ អ្នកនាំពាក្យក្រសួង ការបរទេសអង់គ្លេស Arindam Bagchi ដែលបង្ហោះរូបថតជំនួយទាំងនេះ សរសេរលើ Twitter ថា កិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងដំណើរការ។
 
ដោយឡែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រុស្ស៊ី Sputnik V ក៏នឹងទៅដល់ឥណ្ឌាក្នុងសប្ដាហ៍នេះ ដែរ។ លោក Kirill Dmitriev នាយកមូលនិធិវិនិយោគផ្ទាល់ដែលអភិវឌ្ឍវ៉ាក់សាំង Sputnik V ប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ថា វ៉ាក់សាំងជំហានដំបូងនឹងដឹកទៅដល់ឥណ្ឌានៅថ្ងៃទី១ ខែឧសភា ប៉ុន្តែមិនបញ្ជាក់ចំនួនឡើយ។ លោក ក៏សង្ឃឹមថា ការផ្គត់ផ្គង់វ៉ាក់សាំងរបស់រុស្ស៊ី នឹងអាចជួយឥណ្ឌា ឱ្យរកឃើញផ្លូវចេញពីការរីករាលដាលជំងឺកូវីដ-១៩ នេះបានទាន់ពេលវេលា។
 
មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរោងចក្របរទេសជាច្រើន ដើម្បី ផលិតវ៉ាក់សាំង Sputnik V។ មូលនិធិនេះ បានចុះកិច្ចព្រមព្រៀងជាមួយរោងចក្រផលិតវ៉ាក់សាំង ឈានមុខ គេរបស់ឥណ្ឌាចំនួន៥រួចមកហើយ ដើម្បីផលិតវ៉ាក់សាំងឱ្យបានជាង៨៥០លានដូសក្នុង មួយឆ្នាំ។ 
 
ដោយឡែក ក្រុមហ៊ុនឱសថ Pharmasyntez របស់រុស្ស៊ី បានអះអាងនៅថ្ងៃទី២៦ ខែមេសា ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការដឹកជញ្ជូនឱសថព្យាបាលកូវីដ-១៩ Remdesivir ជិត១លានដូស ទៅឥណ្ឌានៅចុងខែឧសភា នៅពេលបានទទួលការយល់ព្រមពីរដ្ឋាភិបាលរុស្ស៊ី។
 
ក្រៅពីអង់គ្លេស និងរុស្ស៊ី ប្រទេសជាច្រើនទៀតមានអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ក៏សន្យាផ្ដល់ ជំនួយបន្ទាន់ទៅកាន់ឥណ្ឌា ដែលកំពុងរងគ្រោះខ្លាំងដោយរលកថ្មីនៃជំងឺកូវីដ-១៩ ។ ប្រធានាធិបតី អាមេរិក ចូ បៃឌិន ប្រកាសថា អាមេរិកនឹងផ្ដល់ជំនួយវ៉ាក់សាំងរបស់ AstraZeneca ចំនួន៦០លាន ដូសទៅឱ្យប្រទេសនានា។ ឥណ្ឌា ទំនងជាអ្នកទទួលមួយផងដែរ ខណៈលោក បៃឌិន ទើបជជែកតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី នារិន្រ្ទា មូឌី ។
 
លើសពីនេះ អង្គការសុខភាពពិភពលោក (WHO) ក៏គ្រោងបញ្ជូនសម្ភារសុខាភិបាល រួមទាំង ឧបករណ៍ផលិតអុកស៊ីសែនសម្រាប់អ្នកជំងឺផងដែរ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានហៅស្ថានការណ៍នៅឥណ្ឌាថា ហួសពីការខកចិត្តទៅទៀត៕ 
 

Tag:
 អង់គ្លេស
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com