COVID-19
ជាតិ
ស្លាប់៣នាក់បន្ថែមទៀតដោយសារកូវីដ-១៩ សរុបឡើង​ដល់៨២នាក់នៅកម្ពុជា
27, Apr 2021 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ត្រីអាយុ​៣៩​ឆ្នាំ អាយុ៥២ឆ្នាំ និងបុរសអាយុ​៧៧​ឆ្នាំ បាន​ស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី​២៦ ខែមេសា ដែលធ្វើឲ្យចំនួន​អ្នកស្លាប់​ឡើងដល់​៨២នាក់នៅកម្ពុជា។



ស្ត្រីអាយុ​៣៩​ឆ្នាំ បាន​ស្លាប់​បាត់បង់ជីវិត​មុនពេល​ចូលមន្ទីរពេទ្យហ្លួងម៉ែ កាលពីល្ងាចថ្ងៃទី​២៦ ខែមេសា។ គាត់រស់នៅ​ខណ្ឌពោធិ៍សែនជ័យ បានសម្រាកព្យាបាល​នៅមណ្ឌលព្យាបាល​សែនសុខ១ កាលពីថ្ងៃទី​២១ ខែមេសា ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ គាត់ត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យហ្លួងម៉ែ តែបានទទួលមរណភាពមុន​ទៅដល់ទីនោះ។

ស្ត្រីវ័យ​៥២ឆ្នាំ​រស់នៅស្រុកគិរីវង់ ខេត្ត​តាកែវ បានចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីរសៀលថ្ងៃទី​២៦ ខែ​មេសា ប៉ុន្តែពេទ្យបានពិនិត្យឃើញថា គិត​បាន​ស្លាប់​បាត់បង់ជីវិតមុនទៅហើយ ដោយសារកូវីដ-១៩ (Mourant entrant avec COVID-19)។

នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បុរសអាយុ​៧៧​ឆ្នាំ បានចូលមន្ទីរពេទ្យ​កាលពីថ្ងៃទូ២៥ ខែមេសា ហើយ​ស្លាប់នៅព្រឹក​ថ្ងៃទី​២៦ ខែមេសា។ គាត់ស្លាប់​បាត់បង់ជីវិត​ដោយសារវិបត្តិផ្លូវដង្ហើម​ស្រួច​ស្រាវធ្ងន់ធ្ងរ និង​រលាកសួត​ទាំងសងខាង​ដោយសារវីរុស​កូវីដ-១៩។

មក​ដល់ពេល​នេះ អ្នក​ស្លាប់​ដោយសារកូវីដ-១៩​នៅកម្ពុជាឡើង​ដល់​៨២នាក់ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com