ជាតិ
ផ្សារគគីរ ក្នុងខេត្តកណ្តាល បន្តផ្អាក២សប្ដាហ៍ទៀត
27, Apr 2021 , 4:59 pm        
រូបភាព
ភ្នំពេញ៖ ផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បន្តផ្អាកដំណើរការបណ្តោះអាសន្ន ២សប្តាហ៍ទៀត ចាប់ពីទី២៧ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ការផ្អាកដំណើរនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងរៀបចំទីតាំងលក់ដូរក្នុងផ្សារឲ្យមានភាពល្អប្រសើរ។ លើសពីនេះ ពលរដ្ឋដែលប៉ះពាលផ្ទាល់ និងប្រយោលជាមួយអាជីវករផ្សារគគីរ ត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់។


 
ខណៈស្ថានភាពជំងឺកូវីដ-១៩ ហាក់មិនទាន់មានភាពល្អប្រសើរ រដ្ឋបាលខេត្តកណ្តាល សម្រេចផ្អាកដំណើរការផ្សារគគីរ បន្តទៀត។ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលពាក់ព័ន្ធជាមួយផ្ទាល់ និងប្រយោលជាមួយអាជីវករផ្សារគគី ត្រូវសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ។ ពលរដ្ឋអាចទៅមន្ទីរពេទ្យបង្អែក កៀនស្វាយ ឬមណ្ឌលសុខភាព សំរោងធំ ស្រុកកៀនស្វាយ ដើម្បីសំណាកពិនិត្យរកមេរោគកូវីដ-១៩។ 
 
សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១០៦៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១០៥១៣ នាក់។ អ្នកសះស្បើយសរុបមាន៣៧០៤នាក់ ក្នុងនោះអ្នកស្លាប់សរុបឡើងដល់៨២នាក់៕
 

Tag:
 Thmeythmey
 កណ្តាល
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com