ចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់៥ហើយនៅកម្ពុជា អាចនាំចេញស្វាយស្រស់ផ្ទាល់ទៅចិន
ជាតិ
សេដ្ឋកិច្ច
ចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់៥ហើយនៅកម្ពុជា អាចនាំចេញស្វាយស្រស់ផ្ទាល់ទៅចិន
27, Apr 2021 , 10:29 pm        
រូបភាព
មកទល់ពេលនេះ មានចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ហើយ ដែលទទួលបានការអនុម័តពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ក្នុងការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅចិនដោយផ្ទាល់។  លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ដែលបានសរសេរនៅលើហ្វេសប៊ុកដូច្នេះ ដោយលោកបានបញ្ជាក់ដែរថា លទ្ធភានៃការនាំចេញស្វាយស្រស់ពីកម្ពុជាទៅប្រទេសចិន អាចប្រព្រឹត្តនៅក្នុងសប្ដាហ៍នេះ។

 
ក្រសួងកសិកម្មកម្ពុជា សហការជាមួយភាគីចិន ដើម្បីពិនិត្យលទ្ធភាព ក្នុងការនាំចេញស្វាយស្រស់ពីកម្ពុជាទៅប្រទេសចិន ដែលនឹងអាចប្រព្រឹត្តនៅក្នុងសប្ដាហ៍នេះ ក្រោយមានការចរចាទីផ្សាររយៈពេល៣ឆ្នាំ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ដែលបានសរសេរនៅលើហ្វេសប៊ុក។
 
បើតាមលោករដ្ឋមន្រ្តីកសិកម្មរូបនេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។
 
ក្នុងសំណេររបស់លោករដ្ឋមន្រ្តីកសិកម្ម បានសរសេរលើគណនីហ្វេសប៊ុកដូច្នេះ៖ «បន្ទាប់ពីកាចរចាបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវ ចម្ការស្វាយ និងក្រុមហ៊ុនវេចខ្ចប់ ដែលនាំផ្លែស្វាយស្រស់ទៅប្រទេសចិន។ ក្រសួងកសិកម្ម កំពុងពិនិត្យមើលលទ្ធភាព រៀបចំពិធីផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជា ដែលអាចប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ»។
 

រូបភាពពីហ្វេសប៊ុកលោក វេង សាខុន

ផ្លែស្វាយស្រស់ជាផ្លែឈើស្រស់ទី២ ដែលអាចនាំចេញទៅប្រទេសចិន បន្ទាប់ពីផ្លែចេកស្រស់។ ដើម្បីអាចនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនបាន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC។ គ្រប់ចម្ការស្វាយដែលបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP)។ 
 
ផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម កម្ចាត់ពងរុយចោះផ្លែស្វាយ ដោយប្រើចំហាយទឹកក្ដៅ ឬប្រព្រឹត្តកម្មទឹកក្ដៅ ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យ។
 
គួរកត់សម្គាល់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២០កន្លងទៅ មានក្រុមហ៊ុនកម្ពុជាមួយបាននាំចេញផ្លែស្វាយស្រស់ចំនួន៥៨,៣៥០តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនដោយ ឆ្លងកាត់ប្រទេសវៀតណាម។ សូមជម្រាបថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចនាំផ្លែស្វាយស្រស់ជាផ្លូវការ ទៅកាន់ប្រទេសចិន ចំនួន៥០ម៉ឺនតោន បន្ទាប់ពីភាគីទាំង២ បានរៀបចំផ្លាស់ប្តូរពិធីសារនៃការនាំចេញស្វាយស្រស់ទៅចិន កាលពីឆ្នាំពាក់កណ្តាលឆ្នាំ ២០២០កន្លងទៅ។
 
បើតាមរបាយការណ៍ របស់ក្រសួងកសិកម្មនៅត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ចំនួន៨៥ ០០០តោន ទៅកាន់ទីផ្សារអន្តរជាតិ៕


 
 

Tag:
 នាំចេញផ្លែស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com