អន្តរជាតិ
លោក អូប៉ាម៉ា ចាត់ទុកហិង្សានៅមីយ៉ាន់ម៉ា ជារឿងគួរអោយឈឺចាប់
27, Apr 2021 , 7:59 pm        
រូបភាព
អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូប៉ាម៉ា។ រូបភាព៖ AFP
អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូប៉ាម៉ា។ រូបភាព៖ AFP
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី២៦ ខែមេសា បានអះអាងថា អំពើហិង្សា ដែលប្រព្រឹត្តដោយរដ្ឋាភិបាលយោធា លើក្រុមបាតុករមីយ៉ាន់ម៉ា បានធ្វើឱ្យលោកឈឺចាប់យ៉ាងខ្លាំង។ អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏បានជំរុញឱ្យក្រុមបាតុករមីយ៉ាន់ម៉ា និងប្រជាជនស្វែងរកលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគត ជាមួយនឹងការបដិសេធរបបយោធាសព្វថ្ងៃ។

 
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយដែលបង្ហោះលើបណ្តាញសង្គមTwitter អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខប្រតិកម្មដោយផ្ទាល់លើការបង្រ្កាបប្រជាជននៅមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធា។ 
 
«ការយកចិត្តទុកដាក់របស់ពិភពលោក ត្រូវតែផ្តោតលើមីយ៉ាន់ម៉ា»។ លោក អូបាម៉ា បានលើកឡើងបែបនេះ ដោយបន្ថែមថា លោកឈឺចាប់យ៉ាងខ្លាំង ដោយសារតែការបង្រ្កាបលើប្រជាជនស៊ីវិល។
 
ក្នុងសេចក្តីថ្លែងការណ៍នោះ លោក អូបាម៉ា បានគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ដែលបានដាក់ទណ្ឌកម្មលើរបបសឹក និងអំពាវនាវឱ្យបណ្តាប្រទេសផ្សេងទៀត ដាក់ទណ្ឌកម្មលើក្រុមយោធាផងដែរ។ 
 
បើតាមលោកអតីតប្រធានាធិបតីអាមេរិករូបនេះ ប្រជាជនមីយ៉ាន់ម៉ា និងពិភពលោក នឹងមិនទទួលស្គាល់ភាពខុសច្បាប់ និងកិច្ចខិតខំដ៏ខ្លាំងក្លារបស់ក្រុមយោធា ដែលចង់គ្រប់គ្រងសិទ្ធិសេរីភាពនៅមីយ៉ាន់ម៉ាឡើយ។ 
 
ទន្ទឹមគ្នានេះ លោក អូបាម៉ា បានប្រាប់ឱ្យប្រទេសជិតខាង គួរតែទទួលស្គាល់ថា មីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់របបសឹកនឹងនាំយកមកតែបញ្ហាប៉ុណ្ណោះ ក្នុងនោះមានដូចជាអស្ថិរភាព និងវិបត្តិមនុស្សធម៌ជាដើម។
 
មិនតែប៉ុណ្ណោះ លោក អូបាម៉ា បានបន្តថា ដ្បិតមីយ៉ាន់ម៉ាស្ថិតក្នុងស្ថានភាពអាក្រក់ក៏ពិតមែន ប៉ុន្តែប្រជាជនមីយ៉ាន់ម៉ានៅតែបង្ហាញពីសាមគ្គីភាព ភាពអត់ធ្មត់ និងការប្តេជ្ញាសម្រាប់តម្លៃលទ្ធិប្រជាធិបតេយ្យ។ នេះ ជាក្តីសង្ឃឹមមួយសម្រាប់មីយ៉ាន់ម៉ា ដែលអាចស្វែងរកមេដឹកនាំមួយរូប ដែលគោរពឆន្ទៈរបស់ប្រជាជននៅថ្ងៃអនាគត។ 
 
គួររំលឹកថា អាមេរិកក្រោមការដឹកនាំរបស់លោក អូបាម៉ា បានលើកចោលទណ្ឌកម្មពាណិជ្ជកម្ម និងទណ្ឌកម្មផ្សេងទៀតដែរបានដាក់លើមីយ៉ាន់ម៉ានាពេលកន្លងទៅ។ ប៉ុន្តែពេលនេះ អាមេរិក បានដាក់ទណ្ឌកម្មជាច្រើនលើរបបសឹកវិញ។ 
 
ចំណែកស្ថានការណ៍នៅក្នុងប្រទេសវិញ ក្នុងថ្ងៃដដែលនេះ ទូរទស្សន៍ដែលគ្រប់គ្រងដោយក្រុមយោធា Myawaddy បានចុះផ្សាយថា លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋថា រដ្ឋាភិបាលយោធា កំពុងពង្រឹងស្ថិរភាពនៅក្នុងប្រទេស ហើយតំណាងរបស់អាស៊ាន នឹងត្រូវអនុញ្ញាតឱ្យចូលមកមីយ៉ាន់ម៉ា ក៏អាស្រ័យលើស្ថិរភាពនៅក្នុងប្រទេសដែរ។
 
នៅក្នុងសេចក្តីប្រកាសដោយឡែកមួយទៀត ក្រុមយោធាមីយ៉ាន់ម៉ា ក៏បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អាស៊ានផងដែរថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងពិចារណាលើសេចក្តីស្នើរបស់អាស៊ាន ដែលប្រកបដោយការស្ថាបនា នៅពេលស្ថានភាពត្រលប់ទៅរកស្ថិរភាពឡើងវិញ៕
 

Tag:
 មីយ៉ាន់ម៉ា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com