COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គណៈកម្មាធិការរៀបចំ ស្នើគិលានុបដ្ឋាយិកា៥០០នាក់ដើម្បីអំឡុងអូឡាំពិកក្រុងតូក្យូ
27, Apr 2021 , 8:59 pm        
រូបភាព
គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ (TOCO) បានស្នើសុំជំនួយគិលានុប្បដ្ឋាយិកាប្រមាណ ៥០០ នាក់ ឱ្យជួយក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០។ នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ ២០២០ លោក Toshiro Muto ប្រកាសដូច្នេះនៅថ្ងៃទី២៦ ខែមេសា ខណៈជំងឺកូវីដ-១៩ នៅបន្តរាតត្បាតនៅឡើយ។


តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គណៈកម្មាធិការរៀបចំបានស្នើសុំដល់សមាគមគិលានុបដ្ឋាយិកានៃប្រទេសជប៉ុន ក្នុងការជួយមើលការខុសត្រូវផ្នែកសុខាភិបាលលើបុគ្គលិកនៅទីតាំងប្រកួតអូឡាំពិក និងភូមិកីឡារបស់អត្តពលិកមុន និងអំឡុងព្រឹត្តិការណ៍ការប្រកួតថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា។
 
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកបានបង្កើនការត្រៀមលក្ខណៈរបស់ពួកគេបែបនេះ ស្របពេលជប៉ុនព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំងឡើងវិញ។ កាលពីចុងសប្តាហ៍មុនជប៉ុនបានប្រកាសតំបន់មួយចំនួនមានទីក្រុងតូក្យូ និងអូសាកាស្ថិតក្នុងស្ថានភាពអាសន្នផង។
 
ស្របពេលគ្នានេះ លោក Muto នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ ២០២០ បានប្រាប់សន្និសីទសារព័ត៌មានថា លោកបានស្នើសុំឱ្យមានគិលានុបដ្ឋាយិកាប្រហែលជា ៥០០ នាក់ ដើម្បីសម្រួលក្នុងកីឡាលំដាប់ពិភពលោកនេះ។ ការស្នើនេះ លោក Muto ផ្តោតសំខាន់លើបញ្ហាទាំងឡាយណាដែលជះឥទ្ធិពលផ្នែកសុខភាពក្នុងតំបន់ ដែលប៉ះពាល់លើអត្តពលិក មន្ត្រី និងអ្នកចូលរួមផ្សេងៗ។
 
គណៈកម្មាធិការរៀបចំក៏បានអះអាងដែរថា ខ្លួននឹងកោះប្រជុំជាមួយអ្នកជំនាញវេជ្ជសាស្ត្រនៅថ្ងៃទី៣០ ខែមេសានេះ ដើម្បីពិភាក្សាពីវិធានការណ៍នៃការទប់ស្កាត់កូវីដ-១៩ ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកឱ្យដំណើរការដោយសុវត្ថិភាព៕
 

Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com